ភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នាអាកាសយានដ្ឋានអន្តរជាតិតេជោ គណៈប្រតិភូកីឡាក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានប្រតិភូ បានអញ្ជើញវិលត្រឡប់មកមាតុប្រទេសវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាលពិភពលោក លើកទី៤ (The 4th USIP World Police Games 2026) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Santo Domingo សាធារណរដ្ឋដូមីនីក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានប្រតិភូ បានមានប្រសាសន៍ថា៖ «សម្រាប់ការចូលរួមការប្រកួត World Police របស់ ព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយ USIP ដែលជាភាសាអង់គ្លេសគេហៅថា Union Sports International Police នេះជាការចូលរួមលើកទី១របស់កម្ពុជា ហើយក៏ទទួលបានការអនុញ្ញាតពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ»។

ឯកឧត្តម យិត ភីរៈ បានបន្តថា៖ «សម្រាប់កាជោគជ័យពីការចូលរួមលើកនេះគឺជារបត់មួយទៅមុខមួយទៀតសម្រាប់វិស័យកីឡា ក៏ដូចជាវិស័យកីឡារបស់ក្រសួងមហាផ្ទៃដែរ។ យើងទទួលបានមេដាយចំនួន ៤ គ្រឿង ទៅលើវិញ្ញាសាបាល់ទះនៅលើឆ្នេរខ្សាច់ វិញ្ញាសាហែលទឹក និងវិញ្ញាសាយូដូ ចំនួន ២ នាក់ គឺការចូលរួមរបស់កម្ពុជានៅលើឆាកអន្តរជាតិ ដែលមានប្រទេសប្រមាណ ៧២ ប្រទេសចូលរួមនៅ World Police នៅប្រទេសដូមីនិកនេះ។ ហើយការចូលរួមនេះក៏ទទួលបានការលើកទឹកចិត្ត ក៏ដូចជាការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រទេស ក៏ដូចជា USIP ផ្ទាល់»។

ឯកឧត្តម បានលើកឡើងថា សម្រាប់ការចូលរួម World Police ដែលរៀបចំដោយ USIP នេះ គឺធ្វើឲ្យយើងកាន់តែខិតខំប្រឹងប្រែងបន្ថែម យើងអាចមើលឃើញពីចំណុចខ្សោយរបស់យើងថា ធ្វើម៉េចបានយើងអត់បានមេដាយមាស គឺមេដាយប្រាក់ អញ្ចឹងនឹងឱ្យប្អូនៗខិតខំបន្ថែមនៅចំណុចដែលខ្វះខាតប្រកួត ព្រោះពួកគាត់ក៏នឹងទៅប្រកួតនៅ World Police & Fire Games នៅប្រទេសអូស្ត្រាលីបន្ថែមទៀតដែរ។ អញ្ចឹងនៅក្នុងចំណុចនេះប្អូនៗទាំងអស់គាត់បានគិតពីចំណុចខ្វះខាតរបស់ខ្លួនឯងហើយ។
ជាទីបញ្ចប់ ឯកឧត្តម បានបញ្ចាក់ថា ប្រភេទកីឡាផ្សេងទៀត គឺយើងចាប់អារម្មណ៍ និងមើលបន្ថែម ត្រូវខិតខំធ្វើម៉េចដើម្បីទៅចូលរួមប្រកួត ព្រោះឈ្មោះដែលចូលរួមនៅ World Police & Fire Games នៅអូស្ត្រាលីនេះ យើងបានចេញហើយ ហើយពួកគាត់មួយចំនួនសុទ្ធតែមានឈ្មោះបន្តទៅប្រកួតនៅទីនោះទៀត។

សូមជម្រាបជូនថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កម្ពុជាបានបញ្ជូនប្រតិភូ-ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុបចំនួន ១៥រូប លើ ៣ប្រភេទកីឡា រួមមាន៖ បាល់ទះលើឆ្នេរខ្សាច់ ហែលទឹក និងយូដូ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាលពិភពលោក លើកទី៤ ឆ្នាំ២០២៦នេះ។
ជាលទ្ធផល អត្តពលិកនគរបាលជាតិកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ៤គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ រួមមាន៖
១. កីឡាបាល់ទះលើឆ្នេរខ្សាច់ ដណ្តើមបានមេដាយប្រាក់ចំនួន ១គ្រឿង ដោយលោកព្រិន្ទបាលទោ ធី ម៉េងហួង និងលោកព្រិន្ទបាលទោ មឿន ម៉េងឡាយ។
២. កីឡាយូដូ ដណ្តើមបានមេដាយសំរឹទ្ធចំនួន ២គ្រឿង ដោយលោកវរសេនីយ៍ទោ នុត សេរីរដ្ឋា ដណ្តើមបាន ១គ្រឿង និងលោកវរសេនីយ៍ទោ ស៊ន់ បញ្ញាវឌ្ឍន៍ ដណ្តើមបាន ១គ្រឿង។
៣. កីឡាហែលទឹក ដណ្តើមបានមេដាយសំរឹទ្ធចំនួន ១គ្រឿង ដោយកញ្ញាព្រិន្ទបាលទោ សុខ វរល័ក្ខណ៕




