ប្រជាពលរដ្ឋថៃប្រមាណ ៧០ គ្រួសារបានរត់ភៀសខ្លួនយ៉ាងប្រញាប់ប្រញាល់ទាំងយប់ដើម្បីគេចពីសេចក្តីស្លាប់ បន្ទាប់ពីគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះ និងលេបត្របាក់ផ្ទះសម្បែងអស់ជិត ៤០ ខ្នង នៅក្នុងសហគមន៍អភិវឌ្ឍន៍ បនកៃ (Bon Kai) ស្ថិតក្នុងតំបន់ប្រាធុមវ៉ាន់ កណ្តាលក្រុងបាងកក ប្រទេសថៃ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៤៧ នាទីរំលងអធ្រាត្រថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចសហគមន៍ បនកៃ ក្បែរផ្លូវតូច ប្លូកជីត ១ (Pluk Chit 1) ផ្លូវរាមទី៤ ស្ថិតក្នុងតំបន់ប្រាធុមវ៉ាន់។ យោងតាមអាជ្ញាធរមូលដ្ឋាន តំបន់កើតហេតុគឺជាប្រភេទផ្លូវតូចចង្អៀត ដែលមានផ្ទះឈើ ២ ជាន់សង់ប្រជុំគ្នាយ៉ាងកកកុញ ធ្វើឱ្យអណ្តាតភ្លើងឆាបឆេះយ៉ាងរហ័ស និងរាលដាលយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះយ៉ាងខ្លាំង។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់នៃស្ថានីយ បនកៃ រួមជាមួយអាជ្ញាធរអគ្គិសនី​នគរ​លួង​ និងក្រុមអ្នកស្ម័គ្រចិត្តសង្គ្រោះបន្ទាន់ជាច្រើនទៀត បានប្រញាប់ប្រញាល់ចុះអន្តរាគមន៍ និងបាញ់ទឹកពន្លត់ភ្លើងដែលកំពុងតែឆេះយ៉ាងកញ្ច្រោល។ ហេតុការណ៍មួយនេះបានប្រើប្រាស់ពេលវេលាអស់ប្រមាណ ១ ម៉ោង ទើបក្រុមអ្នកពន្លត់អគ្គិភ័យក៏អាចគ្រប់គ្រងស្ថានការណ៍ និងអណ្តាតភ្លើងទាំងស្រុងបាន។

តាមការប្រមូលទិន្នន័យបឋម គ្រោះអគ្គិភ័យនេះបានបំផ្លាញផ្ទះសម្បែងខូចខាតទាំងស្រុងអស់ប្រមាណជិត ៤០ ខ្នង និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាង ៧០ គ្រួសារ ប៉ុន្តែមិនបណ្តាលឱ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ។ បច្ចុប្បន្ន អាជ្ញាធរខណ្ឌតំបន់ប្រាធុមវ៉ាន់ បានបង្កើតមជ្ឈមណ្ឌលសម្របសម្រួល និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ ព្រមទាំងកំពុងបន្តការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលនាំឱ្យកើតមានអគ្គិភ័យនេះឡើង៕

Share.