
អាជ្ញាធរមានសមត្ថកិច្ចមីយ៉ាន់ម៉ាបានបើកប្រតិបត្តិការបង្ក្រាប និងបំបែកសម្បុកក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ធំមួយនៅក្នុងក្រុង Tachileik (តាឈីលីត) ដោយបានឃាត់ខ្លួនជនជាតិថៃចំនួន ៨៣នាក់ មានប្រុស ៤២នាក់ និងស្រី ៤១នាក់ ពេលកំពុងធ្វើសកម្មភាពឆបោកតាមអនឡាញយ៉ាងសកម្ម។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា Tachileik Like Online News នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ម្សិលមិញបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានចុះឆែកឆេរផ្ទាល់នៅសណ្ឋាគារមួយកន្លែងក្នុងសង្កាត់ San Sai ក្រុង Tachileik ដែលមានចម្ងាយត្រឹមតែ ៣០០ម៉ែត្រពីព្រំដែនថៃ-មីយ៉ាន់ម៉ា បន្ទាប់ពីទទួលដំណឹងថា មានការលួចបើកការិយាល័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយខុសច្បាប់។ នៅជាន់ទី៣ និងទី៤ នៃសណ្ឋាគារ អាជ្ញាធរបានរកឃើញក្រុមជនសង្ស័យកំពុងអង្គុយធ្វើសកម្មភាពនៅមុខកុំព្យូទ័រ ព្រមទាំងដកហូតបានកុំព្យូទ័រយួរដៃចំនួន ៤០គ្រឿង និងទូរស័ព្ទដៃចំនួន ៧៥គ្រឿង។
ដោយឡែក ក្នុងថ្ងៃដដែលនេះ អាជ្ញាធរប្រទេសឡាវក៏បានធ្វើការប្រគល់ខ្លួនជនជាតិថៃចំនួន ១៨នាក់ មានប្រុស ១២នាក់ និងស្រី ៦នាក់ ដែលត្រូវបានចាប់ខ្លួនពីបទឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យា និងលួចចូលក្រុងដោយខុសច្បាប់ក្នុងខេត្ត Bokeo ជូនទៅឱ្យអាជ្ញាធរអន្តោប្រវេសន៍ថៃនៅច្រកទ្វារព្រំដែន Chiang Saen ខេត្ត Chiang Rai វិញផងដែរ។ ក្នុងចំណោមជនសង្ស័យទាំង ១៨នាក់នោះ សមត្ថកិច្ចថៃបានរកឃើញម្នាក់ជាបុគ្គលដែលមានដីកាចាប់ខ្លួនពីបទឆបោក និងបញ្ចូលព័ត៌មានក្លែងក្លាយទៅក្នុងប្រព័ន្ធកុំព្យូទ័រនៅប្រទេសថៃ ខណៈអ្នកផ្សេងទៀតបានសារភាពថា ពួកគេចាញ់បោកការផ្សាយពាណិជ្ជកម្មរើសបុគ្គលិកធ្វើការតាមអនឡាញដែលផ្តល់ប្រាក់ខែខ្ពស់ ទើបសម្រេចចិត្តលួចឆ្លងដែនទៅធ្វើការនៅស្រុកឡាវបែបនេះ៕

