ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​ប្រទេស​ទី​បី​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​បានប្រកាស​មិន​បញ្ជូន​បេក្ខភាព​បវរកញ្ញា​ប្រទេស​ខ្លួន​ទៅ​ចូលរួម​ប្រកួត​កម្មវិធី​ប្រកួត Miss Universe នៅ​ប្រទេស​អ៊ីស្រាអែល ដោយសារតែ​បារម្ភ​ពី​បញ្ហា​ជំងឺ Covid-19។

Miss Universe កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ ឆ្នាំនេះ​បាន​ឆ្លងកាត់​ព្យុះភ្លៀង​យ៉ាងច្រើន ក្រោយពេល​គណៈកម្មការ​រៀបចំ​ប្រកាសថា​ប្រទេស​អ៊ីស្រាអែល​គឺជា​ម្ចាស់ផ្ទះ​រៀបចំ​កម្មវិធី​ប្រកួត​លើក​ទី៧០នេះ ដោយសារតែ​ប្រទេស​នេះ​ត្រូវបាន​គេ​ចោទប្រកាន់​ពាក់ព័ន្ធ​ទៅនឹង​សង្គ្រាម​ប្រល័យពូជសាសន៍ ប៉ា​ឡេ​ស្ទី​ន។

តំណាងឱ្យ​អង្គភាព​រៀបចំ​ការប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ​ឥណ្ឌូនេស៊ី​បានចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​ថា «យើងខ្ញុំ​សូម​ជំរាបជូន​ថា​ឥណ្ឌូនេស៊ី​នឹងមិន​បញ្ជូន​បេ​ក្ខ​នារី​តំណាង​ប្រទេស​យើង​ទៅ​ចូលរួម​ប្រកួត​នៅក្នុង​ការប្រកួត​លើក​ទី៧០នៅ​ប្រទេស​អ៊ីស្រាអែល​នោះទេ ដោយសារ​កត្តា​ពេលវេលា​និង​បញ្ហា​រឹតបន្តឹង​ការពារ​ជំងឺ​កូ​វីដ-១៩នៅក្នុង​ប្រទេស​ធ្វើឱ្យ​គណៈកម្មការ​សម្រេចចិត្ត​មិន​បញ្ជូន​បេ​ក្ខ​នារី​តំណាង​ប្រទេស​ខ្លួន​ទៅ​ប្រកួត​ក្នុងឆ្នាំនេះ»

បវរកញ្ញា​ចក្រ​វា​ឡ​ឥណ្ឌូនេស៊ី​កាលពី​ឆ្នាំ២០២០ កញ្ញា Ayu Maulida បាន​ជាប់​ក្នុងចំណោម Top21 កាលពី​ការប្រកួត​លើក​ទី៦៩ ប៉ុន្តែ​ប្រទេស​អាស៊ាន​ដី​កោះ​មួយ​នេះ​នៅ​មិនទាន់មាន​បវរកញ្ញារ​បស់​ខ្លួន​រូប​ណាមួយ​ធ្លាប់​ឈ្នះ​ពានរង្វាន់​បវរកញ្ញា​ច​ក្រ​វា​ឡ​ពិភពលោក​នៅឡើយ​ទេ។

យោងតាម​សារព័ត៌មាន Channel 24 ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន២ទៀត​ដែល​ប្រកាស​ដកខ្លួន​មិន​បញ្ជូន​បេ​ក្ខ​នារី​តំណាង​ប្រទេស​ខ្លួន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​នេះដែរ​គឺ​ប្រទេស ម៉ាឡេស៊ី និង​ប្រ​ទស​ឡាវ ដោយ​លើកឡើង​ពី​មូលហេតុ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ-19 ដោយ​កត្តា​រឹតបន្តឹង​កំណត់​ចំនួន​ជើងហោះហើរ​ក្នុង​តំបន់ និង​អន្តរជាតិ។

កាលពី​ខែតុលា ប្រទេស​ក្រិច​បានប្រកាស​ដកខ្លួន​មិន​បញ្ជូន​បេ​ក្ខ​នារី​ខ្លួន​ទៅ​ចូលរួម​ប្រកួត​នោះទេ ប៉ុន្តែ​មិនមែន​ដោយសារតែ​ភ័យខ្លាច​ជំងឺ Covid-19 នោះទេ គឺ​បង្ហាញ​ពី​សាមគ្គីភាព​និង​មិត្តភាព​ជាមួយនឹង​ប្រទេស​ប៉ា​ឡេ​ស្ទី​ន។ ខណៈដែល​គណៈកម្មការ​រៀបចំ​ការប្រកួត​អា​ហ្វ្រិ​ច​ខាងត្បូង​នៅតែ​បញ្ជូន​បេ​ក្ខ​នារី​របស់ខ្លួន​ទៅ​ប្រកួត​នៅ​ប្រទេស​អ៊ីស្រាអែល​ទោះជា​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ដក​ការឧបត្ថម្ភ​គាំទ្រ​ចំពោះ​ការ​ចេញទៅ​ប្រកួត​លើក​នេះ​ក្ដី។

យោងតាម​សារព័ត៌មាន The Times Of Israel បាន​ផ្សាយ​ដែរ​ថា បវរកញ្ញា​ជិត៨០ប្រទេស​ហើយ​បានធ្វើ​ដំណើរ​មកដល់​ប្រទេស​អ៊ីស្រាអែល​ដើម្បី​ចូលរួម​ប្រកួត ប៉ុន្តែ​ក្នុងនោះ​មាន​បេ​ក្ខ​នារី​ម្នាក់​តេស្ដ​រកឃើញ​មាន​វិជ្ជមាន Covid-19 ក្រោយ​បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​អ៊ីស្រាអែល ប៉ុន្តែ​បេ​ក្ខ​នារី​រូបនោះ​មិនត្រូវ​បាន​បង្ហើប​ឱ្យដឹង​អត្តសញ្ញាណ​ថា​ជា​បេ​ក្ខ​នារី​ប្រទេស​ណា ហើយ​កញ្ញា​ឆ្លង​ជំងឺ​កូ​វីដ-១៩ បំប្លែង​ថ្មី Omicron (អ៊ូ​មី​ក្រុន) ឬក៏​យ៉ាងណា​នោះដែរ។ តំណាង​អ្នករៀបចំ​ការប្រកួត​ក៏បាន​បញ្ជាក់ដែរថា​បវ​រ​កញ្ញា​ដែល​តេស្ដ​វិជ្ជមាន​រូបនោះ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស ព្រមទាំង​បានធ្វើ​តេស្ដរ​កកូ​វីដ-១៩រួចរាល់​មុននឹង​ធ្វើដំណើរ​មកកាន់​ប្រទេស​អ៊ីស្រាអែល​ខណៈ​នេះ​រដ្ឋាភិបាល​បានរៀបចំ​ឱ្យ​កញ្ញា​ស្នាក់នៅ​និង​ច​ត្តា​ឡី​ស័ក​នៅក្នុង​សណ្ឋាគារ​មួយ។

គួរ​ដឹងថា កម្មវិធី​ប្រកួត Miss Universe លើក​ទី៧០ ដែល​រៀបចំ​នៅ​ប្រទេស​អ៊ីស្រាអែល នឹង​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕

សូម​ចូល​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

Telegram-Troryorng
Share.