ថ្មីៗនេះ មហាជនអ្នកគាំទ្រកម្មវិធីប្រកួត Miss Grand International 2021 កំពុងផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ Miss Grand Hong Kong ដែលបវរកញ្ញារូបនេះ ចូលចិត្តបញ្ចេញកាយវិការបែបកំប្លុកកំប្លែង ដែលចេញពីចរិតធម្មជាតិរបស់នាង ឱ្យមហាជនអស់សំណើច។ បើទោះបីជាកញ្ញាចូលចិត្តធ្វើឱ្យអ្នកជុំវិញខ្លួនសើចហៀរទឹកភ្នែក ក៏ប៉ុន្ដែរូបសម្រស់កញ្ញាក៏ស្អាតមិនចាញ់បេក្ខនារីផ្សេងៗទៀតដែរ។
តាមរយៈដេអូ Live នៅលើហ្វេសប៊ុកផេក Miss Grand International អ្នកគាំទ្រទាំងខ្មែរនិងអន្ដរជាតិបានចាប់អារម្មណ៍តាំងពីការណែនាំខ្លួនរបស់នាង ទាំងក៏ប្រើសម្លេង និងកាយវិការ គឺធ្វើឱ្យគ្រប់គ្នាផ្ទុះសំណើចដោយមិនដឹងខ្លួន។ ជាក់ស្ដែងនៅពេលនាងបង្ហាញឈុតតំណាងជាតិ កាយវិការញ៉ាំឌីមសាំរបស់នាងធ្វើឱ្យបេក្ខនារីផ្សេងៗទៀតជ្រួលច្របល់ ចោលភ្នែកមកមើលនាងគ្រប់គ្នា ហើយគិតថា «តើនាងដាច់បាយមកពីណា បានជាញ៉ាំឌីមសាំមិនឈប់សោះនៅលើវេទិកា»។
នាង Zen Yang ជា Miss Grand Hong Kong មកពីប្រចាំតំបន់រដ្ឋបាលពិសេសហុងកុង មានវ័យ២៨ឆ្នាំ កម្ពស់ ១.៧១ម៉ែត្រ។ នាងគឺជាអីតតារាបង្ហាញម៉ូដ និងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសកលវិទ្យាល័យ Glasgow ក្នុងចក្រភពអង់គ្លេស។ បន្ទាប់ពីបញ្ចប់ការសិក្សា នាងក៏ផ្តោតលើជំនាញការ ក្លាយជាអ្នកឯកទេសទំនាក់ទំនងផ្នែកសិទ្ធិមនុស្ស។
ដោយសារតែបវរកញ្ញាហុងកុងនាង Zen Yang ចូលចិត្តបង្កភាពសប្បាយរីករាយដាក់អ្នកជុំវិញខ្លួន និងមហាជនអ្នកគាំទ្រ ប្រសិនឆ្នាំនេះ Miss Grand International 2021 ឱ្យពិន្ទុសំខាន់ទៅលើការទំនាក់ទំនងល្អនោះ អ្នកគាំទ្ររំពឹងគ្រប់គ្នាថា Miss Grand Hong Kong រូបនេះ នឹងដណ្ដើមបានមកុដ Miss Grand International 2021 ជាក់ជាមិនខាន ។
កុំឱ្យខាតពេលយូរ តោះមកទស្សនាវីដេកាយវិការកំប្លែងរបស់នាង Zen Yang Miss Grand Hong Kong ៖