ដំណើរចែកផ្លូវគ្នារបស់ក្រុមចម្រៀង Smallworld Smallband បានធ្វើឱ្យហ្វេនអ្នកគាំទ្រសោកស្ដាយយ៉ាងខ្លាំង ដែលក្រុមចម្រៀងដ៏មានគុណភាពរបស់កម្ពុជាមួយក្រុមនេះ​បានបាត់បង់ទៅវិញក្នុងមួយពព្រិចភ្នែក។ រយៈពេល៩ឆ្នាំហើយ ដែលក្រុមនេះបានសាងប្រជាប្រិយភាព និងមានឈ្មោះល្បីល្បាញខ្លាំងនៅលើវិថីសិល្បៈ។ ក្រុមនេះបានប្រកាសរំសាយក្រុមជាផ្លូវការកាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២១។

បន្ទាប់ពីរំសាយក្រុមអស់មួយថ្ងៃ លោក ម៉ម ពេជ្ជរិទ្ធ បានរៀបរាប់យ៉ាងក្ដុកក្ដួលថា «ដំណើរជាក្រុមតន្ត្រីដ៏សែនមានន័យក្នុងជីវិតខ្ញុំ សំឡេងតន្ត្រីដែលពោរពេញទៅដោយភាពសប្បាយរីកបែបយុវវ័យសម័យថ្មីឆ្ពោះទៅអនាគត រំលេចនូវ ចំណងមិត្តភាពនិងការួបរួមស្រលាញ់គ្នា តន្ត្រីបុរាណតំណាងដល់គុណបុព្វបុរស ដូនតាដែលបានបន្សល់ទុក សំឡេងតន្រ្តីបរទេសតំណាងឱ្យយុវវ័យសម័យថ្មីលេងជាសំនៀងបែបខ្មែរលាយសកល បញ្ចូលគ្នា រំលេចនូវអត្ថន័យសំនៀងនៃភាពសាមគ្គីគ្រប់សម័យកាលចូលគ្នា បញ្ចេញទៅដោយ ភាពសប្បាយរីករាយមានសន្តិភាពក្នុងចិត្តចេញពីបេះដូង ស្រែកថា ធ្វើដំណើររួមគ្នា។ ដំណើរដ៏មានអត្ថន័យ និងជាការចងចាំដ៏ល្អ Smallworld Smallband 2013-2021។ សូមជូនពរឱ្យ ដំណើរ រៀងខ្លួនទៅមុខទៀតប្រកបទៅដោយជោគជ័យ និង មានសំណាងល្អ សុខភាព មាំមួនផង»។

លោកបន្ដទៀតថា « ខ្ញុំបាទទទួលស្គាល់ថា ការដាក់បញ្ចូលគ្នានូវឧបករណ៍តន្ត្រីបុរាណនិងសម័យចូលគ្នានេះពិតជាពិបាកណាស់សម្រាប់ខ្ញុំដែលជាក្មេងប្រុសម្នាក់ដែលមិនមានចំណេះដឹងជ្រៅជ្រះលើវិជ្ជាតន្រ្តី ។ ខ្ញុំបាទមានតែម្រាមដៃដប់សំពះអរគុណបងប្អូនអ្នកគាំទ្រទាំងអស់គ្នាដែលបានគាំទ្ររហូតមក និង សូមក្រាបសុំទោសដល់លោកគ្រូអ្នកគ្រូដែលបានលះបង់ក្នុងវិស័យតន្ត្រី រៀមច្បងសូមអភ័យទោសបើមានកំហុសខុសឆ្គងណាមួយ ខ្ញុំបាទ ពេជ្ជរិទ្ធ សូមអរគុណដោយក្តីគោរព»។

លុះមកទល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ លោក ម៉ម ពេជ្ជរិទ្ធ បានបង្ហោះសារថ្មីមួយទៀតដែលបញ្ជាក់ពីគោលជំហរថ្មីនាថ្ងៃអនាគតថា «គោរពជម្រាបជូន បងប្អូនតទៅនេះខ្ញុំបាទជាសិល្បករ ទោល សម្រាប់ទំនាក់ទំនងការងារ សូមទាក់ទងមកកាន់ Gmail ខាងក្រោមនេះ  pjrithm@gmail.com ខ្ញុំបាទ និងផ្តល់ជូនជាលេខទូរស័ព្ទតាមក្រោយ ។ សូមអរគុណ»។ យ៉ាងណាមិញ អ្នកគាំទ្រលោកបានជូនពរឱ្យលោកកាន់តែជោគជ័យនៅលើវិថីសិល្បៈ និងបង្ហាញក្ដីស្រឡាញ់ចំពោះលោកខ្លាំង ដើម្បីកុំឱ្យលោកបាក់ទឹកចិត្តផងដែរ៕

Telegram-Troryorng
Share.