នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២២ នេះក្លិបបាល់ទាត់ Kawasaki Frontale ដែលជាម្ចាស់ជើងឯកលីគកំពូលជប៉ុន J1 League 2021 បានប្រកាសពីការនាំយកកីឡាករ Chanathip Songkrasin ដែលមានរហស្សនាម Messi Jay របស់ប្រទេសថៃ ដើម្បីត្រៀមប្រកួតរដូវកាលឆ្នាំ២០២២ ខាងមុខនេះ។
កីឡាករវ័យ២៨ឆ្នាំរូបនេះទើបតែឈ្នះពានរង្វាន់ជាកីឡាករល្អជាងគេប្រចាំព្រឹត្តិការណ៍ AFF Suzuki Cup 2020 ខណៈរូបគេធ្លាប់ឈ្នះ២លើកកន្លងមកដែរគឺនៅឆ្នាំ២០១៤ និង២០១៦ ព្រមទាំងជួយឱ្យក្រុមជម្រើសជាតិខ្លួនឈ្នះជើងឯកពានរង្វាន់នេះលើកទី៦ក្នុងប្រវត្តិសាស្រ្តផងដែរ។
កីឡាករ Chanathip Songkrasin បានចាប់អាជីពជាកីឡាករបាល់ទាត់ដំបូងនៅឆ្នាំ២០១២ ជាមួយក្រុម BEC Tero Sasana ហើយនៅឆ្នាំ២០១៦ បានខ្ចីជើងទៅកាន់ក្រុម Muangthong United និងបន្តចូលរួមក្រុមនេះជាផ្លូវការដល់ឆ្នាំ២០១៩ តែចន្លោះឆ្នាំ២០១៧-២០១៩ រូបគេត្រូវក្លិបបាល់ទាត់ជប៉ុន Hokkaido Consadole Sapporo ខ្ចីជើងម្តង ហើយពីឆ្នាំ២០១៩ដល់២០២១ ទើបចូលរួមក្រុម Hokkaido Consadole Sapporo ជាផ្លូវការ។ ក្រោយផុតកិច្ចសន្យាក្រុម Kawasaki Frontale បាននាំយករូបគេទៅកីឡដ្ឋាន Kawasaki Todoroki Stadium វិញម្តង។
ក្រោយចូលរួមក្រុមថ្មីកីឡាករ Messi Jay បានលើកឡើងនៅលើកេហទំព័រក្លិប Kawasaki Frontale ថា៖«ពេលនេះខ្ញុំចូលរួមជាមួយក្រុម Kawasaki Frontale។ ខ្ញុំពិតជាមានកិត្តយសណាស់ដែលទទួលបានឱកាសចូលរួមជាមួយក្រុម Kawasaki Frontale។ ខ្ញុំនឹងខិតខំព្យាយាមប្រឹងប្រែងប្រកួតអោយអស់ពីសមត្ថភាព ដើម្បីសម្រេចគោលដៅក្នុងរដូវកាលថ្មីនេះ។ អីច្ចឹងសូមគាំទ្រលើកទឹកចិត្តពួកយើងផង»៕