កីឡដ្ឋានព្រីនស៍ ជាទីលាន១ក្នុងចំណោម២ដែលទទួលធ្វើម្ចាស់ផ្ទះក្នុងពានរង្វាន់បាល់ទាត់អន្តរជាតិកម្រិតអាស៊ាន AFF U23 Championship 2022 ដោយឆ្លងកាត់៥គូមកនេះក្រុមទាំងសងខាងបានទាត់ចូលទីគ្នាទៅមកចំនួន១៥គ្រាប់។
ក្រោយចប់ការប្រកួតកម្រិតអន្តរជាតិផ្លូវការនៅទីលានខ្លួនក្លិបបាល់ទាត់វិសាខា បានបង្ហោះសារនៅល្ងាចថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា៖«តាងនាមថ្នាក់ដឹកនាំ នៃក្លិបកីឡាបាល់ទាត់ វិសាខា ពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានជ្រើសរើសកីឡដ្ឋានព្រីនស៍ របស់យើង រៀបចំការប្រកួតជម្រុះក្នុងពូល នៃពានរង្វាន់ AFF U23 Championship 2022 ដែលទើបបញ្ចប់ការប្រកួតជម្រុះតាមពូល កាលពីថ្មីៗ»។
ក្លិបបានចាត់ទុកថានេះគឺជាការបើកទំព័រថ្មីមួយទៀត សម្រាប់កីឡដ្ឋានព្រីនស៍ ពិសេសក្រុមការងាររបស់ក្លិប ដែលបានទទួលស្វាគមន៍ការប្រកួតអន្ដរជាតិលើកដំបូង និងទទួលបាននូវបទពិសោធន៍ដ៏ល្អៗជាច្រើន សម្រាប់ត្រៀមរៀបចំការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិជាបន្ដបន្ទាប់ទៀត។
«ទន្ទឹមជាមួយគ្នា យើងក៏សូមថ្លែងអំណរគុណ ដល់ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំទាំងអស់ រួមទាំងអ្នកគាំទ្រផងដែរ ដែលបានសហការយ៉ាងល្អ អំឡុងការប្រកួតនៅកីឡដ្ឋានព្រីនស៍ របស់យើង ដែលជំរុញឲ្យការប្រកួតដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យ»។ សំណេររបស់បន្ថែមរបស់ក្លិប។
សម្រាប់លទ្ធផលនៃប្រកួតចំនួន ៥ប្រកួត ក្នុងយុទ្ធនាការប្រកួតជម្រុះតាមពូល នៃពានរង្វាន់ AFF U23 Championship 2022 នៅកីឡដ្ឋានព្រីនស៍ មាន៖
-ពូល A ហ្វីលីពីន ២-១ ប្រ៊ុយណេ
-ពូល B ឡាវ ២-១ ម៉ាឡេស៊ី
-ពូល C ថៃ ៣-១ សិង្ហបុរី
-ពូល Cសិង្ហបុរី ០-៧ វៀតណាម
-ពូល វៀតណាម ១-០ ថៃ