ម្ចាស់ពានទើបជាប់ថ្មោងថ្មីនៃកម្មវិធី Beat The Best របស់ស្ថានីយទូរទស្សន៍ហង្សមាស សួ វិចិត្រ ទើបតែចេញមកទម្លាយការពិតឱ្យមហាជនបានដឹងនៅថ្ងៃទី២៥ ខែមីនា នេះថា នៅពីក្រោយភាពជោគជ័យនៃការដណ្ដើមជ័យលាភីប្រកួតឈ្នះពានរង្វាន់ដ៏ធំនេះ គឺមានការជួយជ្រោមជ្រែងពីរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ឯកឧត្តម ស៊ុយ សែមព្រមទាំងលោកជំទាវ ជា ខេង ផងដែរ។
បើតាមការបង្ហោះរបស់តារាចម្រៀង សួ វិចិត្រ បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «ខ្ញុំបាទសូមថ្លែងអំណរគុណដល់អ្នកមីងនឹងលោកពូដែលបានជួយជាថវិការដល់ការធ្វើដំណើរមកប្រលងនឹងសម្លៀកបំពាក់ដល់រូបខ្ញុំបាទ ហើយជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ឥលូវក្មួយជាប់ពានហើយ តែខ្ញុំចាំពាក្យអ្នកមីងនឹងលោកពូផ្ដាំខ្ញុំថាកុំខ្វល់កុំក្រែងចិត្តមីងពូខំប្រលង ជាប់រឺធ្លាក់មីងពូអត់បន្ទោសទេ ត្រូវចាំបើខ្វះមកយកលុយពីមីងហើយនឹងពូឯងទៀតសូមជូនពរមីងនឹងពូសុខភាពល្អនឹងជោគក្នុងការងារ @ឯកឧត្តម ស៊ុយ សែម និងលោកជំទាវ ជា ខេង»។
ជាមួយគ្នានោះដែរ ហ្វេនអ្នកគាំទ្របានពោលសរសើរពីទឹកចិត្ត និងការដឹងគុណរបស់តារាចម្រៀងប្រុសរូបនេះ ដែលទៅជាបានសម្រេចគោលដៅក៏ពិតមែន ក៏ប៉ុន្ដែមិនកាត់ខ្សែក្រោយរុញទូកនោះទេ។ ហ្វេនពិតជា ចង់ឃើញតារាប្រុសរូបនេះកាន់តែរីកចម្រើនក្នុងវិថីសិល្បៈដែលខ្លួនស្រឡាញ់ និងជូនពរឱ្យ វិចិត្រ ទទួលបានភាពជោគជ័យក្នុងជីវិត សមនឹងអំពើល្អដែលលោកបានសាង៕
សូមចុចអាន-ក្បួនដង្ហែពាន Beat The Best របស់ សួ វិចិត្រ គគ្រឹកគ្រេងកក្រើកខេត្តពោធិ៍សាត់!