កូរ៉េខាងត្បូង – ថ្មីៗនេះនៅក្នុងឃ្លីបសម្ភាសន៍មួយរបស់ លី មីនហូ (Lee Min Ho) និងតួឯកស្រី គីម មិនហា (Kim Min Ha) ដែលបានបង្ហោះចែករំលែកលើបណ្ដាញទំនាក់ទំនងសង្គមដើម្បីផ្សព្វផ្សាយភាពយន្តភាគថ្មីរឿង «Pachinko» នោះស្រាប់តែក្លាយជាដំណឹងក្ដៅគគុកនិងមានការជជែកវែកញែកគ្នាច្រើននៅក្នុងស្រទាប់មហាជន។ ចំណុចពិសេសដែលទាក់ចិត្តអ្នកទស្សនាឱ្យចាប់អារម្មណ៍ចំពោះឃ្លីបវីដេអូនោះគឺសមត្ថភាពនិយាយភាសាអង់គ្លេសរបស់តួឯកប្រុសស្រី។
ខណៈដែលក្នុងឃ្លីបសម្ភាសន៍នោះ គីម មីនហា ធ្វើឱ្យមហាជនពេញចិត្តពេញថ្លើមព្រោះតែសមត្ថភាពឆ្លើយសំនួរជាភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញមិនមានស្ទាក់ស្ទើរប្រៀបដូចជាម្ចាស់ភាសា ប៉ុន្តែបើងាកមក លី មីនហូ វិញ ទស្សនិកជនម្នាក់ៗគ្រវីក្បាលសឹងដាច់ឱ្យតែដល់ពេលលោកត្រូវឆ្លើយសំនួរម្ដងៗ។
ការបញ្ចេញសំឡេងភាសាអង់គ្លេស ឬនិយាយដោយខ្លីថាតុងអង់គ្លេសរបស់ លី មីនហូ មើលទៅស្ទាក់ស្ទើនិងមិនច្បាស់ ហើយអ្វីដែលធ្វើអ្នកគាំទ្រខកចិត្តខ្លាំងបំផុតនោះគឺត្រង់ចំណុចដែលកំពូលតារាសម្ដែងជួរមុខលំដាប់ប្រទេសដូចជា Lee Minho ត្រូវការជំនួយពីអ្នកបកប្រែទាំងដែលនោះគ្រាន់ជាសំនួរសាមញ្ញប៉ុណ្ណោះ។
ហ្វេនបានលើកជាយោបល់ថាសមត្ថភាពភាសាអង់គ្លេសគួរតែជាចំណុចចម្បងមួយដែលតារាសម្ដែងរូបនេះចាំបាច់ត្រូវតែអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។
យ៉ាងណាមិញនេះមិនមែនជាលើកទីមួយឡើយដែល លី មីនហូ ត្រូវបានគេរិះគន់ចំពោះសមត្ថភាពនិយាយភាសាបរទេសរបស់លោក តួយ៉ាងដូចជាកាលពីលោកសម្ដែងរឿង «ទេពមច្ឆាសមុទ្រខៀវ ឬ Legend of the Blue Sea» ជាមួយនឹង Jun Ji Hyun នោះអ្នកគាំទ្រក៏ភ្ញាក់ផ្អើលណាស់ដែរចំពោះតុងអង់គ្លេសបែបកូរ៉េរបស់តារារូបនេះ៕
ទស្សនាបទសម្ភាសន៍រវាង Lee Min Ho និង Kim Min Ha ខាងក្រោមនេះ៖
ទស្សនាការនិយាយភាសាអង់គ្លេសតុងកូរ៉េរបស់ Lee Min Ho ក្នុងរឿង ទេពមច្ឆាសមុទ្រខៀវ ខាងក្រោម៖