កូរ៉េ – តារាសម្ដែងលំដាប់ Top Grade របស់កូរ៉េដែលទើបតែចាប់ដៃគ្នារៀបអាពាហ៍ពិពាហ៍ថ្មោងថ្មីលោក Hyun Bin និង Son Ye Jin ត្រូវបានអ្នកគាំទ្រមួយចំនួនតាមដានគ្រប់សកម្មភាពនៅគ្រប់ទីកន្លែងដែលអ្នកទាំងពីរបានទៅដល់ នៅខណៈដែលពួកគេហោះទៅក្រេបចន្ទទឹកឃ្មុំនៅសហរដ្ឋអាមេរិក។
ចាប់តាំងពីទៅដល់ព្រលានយន្តហោះសហរដ្ឋអាមេរិក Hyun Bin និង Son Ye Jin ជួបប្រទះនូវបញ្ហាធំមួយនោះគឺមិនមានឯកជនភាព។ ក្រោយរៀបអាពាហ៍ពិពាហ៍រួច គូស្នេហ៍ល្បីបានហោះទៅទីក្រុង Los Angeles ដើម្បីសំរាកក្រេបចន្ទទឹកឃ្មុំរយៈពេល១១ថ្ងៃ។
ប៉ុន្តែនៅពេលទៅដល់ទឹកដីអាមេរិកភ្លាម តារាទាំងពីរដួងត្រូវបានចោមរោមដោយអ្នកគាំទ្រ ដែលធ្វើឱ្យមើលទិដ្ឋភាពទៅប្រៀបដូចជាកម្មវិធីជួបជុំអ្នកគាំទ្រ (Fan meeting) ជាជាងដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំសម្រាប់ស្វាមីភរិយាថ្មោងថ្មី។
After discovering that someone was filming, Hyun Bin immediately asked that person to stop this action. It can be seen that the newlyweds wanted to enjoy their honeymoon in the most comfortable way without being stalked pic.twitter.com/tNA2hoUnCg
— LOVEKPOP95.COM (@Lovekpop95C) April 18, 2022
ក្រោយមានសំណូមពរពីអ្នកគាំទ្ររបស់តារាទាំងពីរឱ្យឈប់តាមដានអ្នកទាំងពីរ ហើយទុកឱ្យ Hyun Bin និង Son Ye Jin បានប្រើជីវិតឯកជនបែបស្ងាប់ស្ងាត់ នៅលើទំព័រសារព័ត៌មានក៏ដូចជាតាមបណ្ដាញទំនាក់ទំនងសង្គមនានា ហាក់ស្ងប់ស្ងាត់ដំណឹងរបស់អ្នកទាំងពីរមួយរយៈ រហូតថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ម្សិលមិញនេះគេហទំព័រ Lovekpop95 បានចុះផ្សាយដំណឹងថ្មីមួយស្ដីពីវីដេអូដែលកំពុងតែល្បីល្បាញលើ Social Media ព្រោះមានអ្នកបង្ហោះថាខ្លួនបានជួបតួឯកប្រុសស្រី «Crash Landing on You» កំពុងដើរតាមផ្លូវ ដោយត្រង់ចំណុចនោះគេឃើញ Hyun Bin បានប្រើកាយវិការយ៉ាងសុភាពស្នើសុំឱ្យម្ចាស់វីដេអូឈប់ថតខ្លួននិងភរិយា។
យោងតាមរយៈវីដេអូនោះសង្កេតឃើញថាស្វាមីភរិយាមួយគូនេះចង់ដើរលេងដោយស្ងប់ស្ងាត់ ប្រើប្រាស់ជីវិតសាមញ្ញធម្មតាដោយមិនមានអ្នកមកតាមរំខានពេលវេលារបស់ពួកគេ។
រំលឹកឡើងវិញពេលមកដល់ទឹកដីអាមេរិកភ្លាមៗ Hyun Bin បានបង្ហាញអាការៈមិនសូវពេញចិត្តនិងបដិសេធមិនព្រមចុះហត្ថលេខាឱ្យហ្វេន ដោយសារតែមានអ្នកមួយចំនួនមិនបានពាក់ម៉ាសត្រឹមត្រូវ លោកថែមទាំងធ្វើសញ្ញាមិនឱ្យហ្វេនចូលទៅក្បែរភរិយារបស់លោកថែមទៀតផង។
សកម្មភាពហួសហេតុរបស់ហ្វេនមួយចំនួននេះត្រូវបានអ្នកលេងបណ្ដាញសង្គមរិះគន់យ៉ាងខ្លាំង ព្រមទាំងស្នើសុំឱ្យអ្នកដែលបានជួបឬឃើញគូស្នេហ៍ដ៏មានឥទ្ធិពលខាងលើធ្វើពុតជាមើលឃើញឬមិនបានជួបហើយកុំតាមថតឬតាមសុំហត្ថលេខា ដូច្នេះទើបអ្នកទាំងពីរអាចធ្វើដំណើរកម្សាន្តជីវិតឯកជននិងក្រេបចន្ទទឹកឃ្មុំបានដោយសេចក្ដីសុខគ្មានអ្វីមករំខានចិត្ត៕
ប្រភព៖ Lovekpop95