ក្រុមបាល់ទាត់បុរសកម្ពុជា បានប្រកួតចាញ់សិង្ហបុរី ដោយលទ្ធផល ១ទល់០ លើទីលានកីឡដ្ឋាន Thiên Trường Stadium ក្នុងពូល B ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅល្ងាចថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។
គ្រាប់បាល់ជ័យជម្នះរបស់សឹង្ហបុរី រកបានដោយកីឡាករ Saifullah Akbar នៅនាទី៣៦ ហើយលទ្ធផលនេះបានរក្សារហូតដល់លោកអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅម៉ោង៩០នាទីពេញ។
នេះជាប្រកួតទី២របស់កម្ពុជា ស្របពេលប្រកួតដំបូងក្រុមកម្ពុជា បានយកឈ្នះក្រុមឡាវ នៅថ្ងៃបើកឆាក ៤ទល់១ ហើយប្រកួតទី៣ ប្រកួតពូល នឹងធ្វើឡើងនៅវេលាម៉ោង៧ល្ងាច ថ្ងៃទី១៤ ខែឧសភា លើទីលានដដែល ដោយកម្ពុជា ត្រូវជួបក្រុមថៃ និងប្រកួតបិទពូលនៅថ្ងៃទី១៦ ខែឧសភា ជាមួយក្រុមម៉ាឡេស៊ី៕