មហាជនអ្នកគាំទ្រភាគច្រើនបានស្គាល់លោក ម៉ិញ សុធីវណ្ណ ជាតន្ត្រីករមានល្បីឈ្មោះមួយរូបតាំងពីទសវត្សរ៍ទី៨០មកម្ល៉េះ តាមរយៈស្នាដៃនិពន្ធបទភ្លេង និងចម្រៀងញាក់កន្ត្រាក់អារម្មណ៍របស់លោកដូចជា បទ លក់ស្រែចូលបារ៍ តារៀនអង់គ្លេស យក្សរាំឌីសស្កូ ជាដើម ដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរទៅតាមសម័យកាល។
នៅពេលថ្មីៗនេះ តន្ត្រីករជើងចាស់រូបនេះ ក៏បានសម្លឹងឃើញពីភាពរីកចម្រើននៃតន្រ្តីរ៉ក់នៅកម្ពុជា ដោយលោកលើកឡើងថា តន្ត្រីរ៉ក់របស់ខ្មែរកំពុងតែបោះជំហ៊ានចូលឆាកអន្តរជាតិហើយ។
លោក ម៉ិញ សុធីវណ្ណ បានប្រាប់អ្នកសារព័ត៌មានត្រយងថា ដោយសារកាលៈទេសៈនេះ ប្រទេសកម្ពុជាយើងកំពុងតែមានភាពជឿនលឿនយ៉ាងខ្លាំងចំពោះវិស័យតន្ត្រីរ៉ក់ មិនថាស្ថិតនៅក្នុងវ័យណានោះទេ ប្រភេទតន្រ្តីមួយនេះនៅតែមានសន្ទុះគាំទ្រខ្លាំង ។ មួយវិញទៀត សព្វថ្ងៃយុវវ័យកម្ពុជាយើង ក៏កំពុងតែបង្កើតស្នាដៃថ្មីៗជាច្រើនចេញពីតន្ត្រីរ៉ក់ ដូច្នោះហើយ លោកគិតថា កាលណាមានក្រុមតន្ត្រីមួយដែលបានចាប់ដៃគ្នាយ៉ាងមាំក្នុងវិស័យតន្ត្រីរ៉ក់ នោះយើងនឹងមានសង្ឃឹមបោះជំហ៊ានចូលយ៉ាងល្បីក្នុងឆាកអន្តរជាតិជាក់ជាមិនខាន។
ជាមួយគ្នានោះដែរ តន្ត្រីករជើងចាស់រូបនេះបានចាប់អារម្មណ៍ឃើញថា ក្រុមតន្ត្រី Suffer គឺជាក្រុមតន្ត្រីរ៉ក់របស់កម្ពុជាមួយដែលមានទេពកោសល្យខ្ពស់ និងមានលក្ខណៈពិសេសខុសពីគេបន្តិច ដោយនៅក្នុង Band នោះគឺជាបងប្អូនប្រុសបង្កើតទាំង ៣នាក់។ លោក ម៉ិញ សុធីវណ្ណ អះអាងថា ក្រុមតន្ត្រី Suffer ហាក់ដូចកំពុងតែដើរតាមគន្លងរបស់លោក ដែលពួកគេអាចបទបែនទៅតាមទម្រង់ចម្រៀងបានគ្រប់ប្រភេទដូចជា រ៉ក់បែបកាច រ៉ក់បែបមនោសញ្ចេតនា Orignal Song ក៏បាន ឬយកលំនាំតាមរៀមច្បង ស៊ិន ស៊ីសាមុត ក៏បានផងដែរ។
យ៉ាងណាមិញ លោក ម៉ិញ សុធីវណ្ណ បានផ្ដែផ្ដាំទៅកាន់ប្អូនៗជំនាន់ក្រោយថា ស្របពេលដែលប្រទេសកម្ពុជារីកចម្រើនមានសុខសន្តិភាពហើយនោះ តន្ត្រីរ៉ក់របស់យើងនេះ ក៏ជាមួយផ្នែកដែលជំរុញឱ្យសិល្បៈទំនើបរបស់កម្ពុជាបោះជំហ៊ានចូលក្នុងឆាកអន្តរជាតិ។ ដូច្នោះហើយចំពោះយុវវ័យដែលស្រឡាញ់តន្ត្រីរ៉ក់ គឺត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីនិពន្ធនូវចម្រៀងថ្មីៗជា Orignal Song ជាការស្រូបទាញការគាំទ្រពីសំណាក់ហ្វេននៅក្រៅប្រទេស និងដើម្បីឱ្យអន្តរជាតិបានដឹងថា នោះគឺជាបទចម្រៀងរ៉ករបស់កម្ពុជាយើង៕
សូមទស្សនាវីដេអូ Top News ៖