ភាពយន្ត​ – ថ្មីៗ​នេះ​​ភាគ​ចុង​ក្រោយ​នៃ​រឿង​ «Love Death+Robots Jibaro» ដែល​ជា​សាច់​រឿង​វគ្គ​ទី​៣​នៃ​ភាពយន្ត​សញ្ជាតិ ព័រតូរីកូ​​​ (Puerto Rico) របស់​ Netflix កំពុង​តែ​ទាក់ទាញ​បាន​​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ព្រោះ​សាច់​រឿង​មាន​ភាពស្រដៀង​គ្នា​​ទៅ​នឹង​រឿង​​របស់​​នាង​សុវណ្ណមច្ឆា​និង​ហនុមាន​។

សាច់រឿង​ក្នុង​ភាគ​ចុង​ក្រោយ​នៃ​វគ្គទី​៣នេះ​ តួ​អង្គ​នាង​ Jibaro មើល​ទៅ​គឺ​កាន់​តែ​ស្អាត​ជាង​មុន​ ខ្លាំង​ជាង​មុន​ ចំណែក​ក្បាច់​គុន​វិញ​ក៏​មានក្បាច់​ចំណុះ​ ពិសេស​ការ​ពត់​ពែន​ទៅ​តាម​ចង្វាក់​នៃ​របាំ​បាល់​ឡេ ផ្សំ​ដោយ​ឈុត​ឆាក​បង្ហូរ​ឈាម​ ធ្វើ​ឱ្យ​រឿងមួយ​នេះ​មាន​​ការ​ជក់ចិត្ត​ដិត​អារម្មណ៍​ពី​សំណាក់​ហ្វេន​ៗ​ដែល​ជា​អ្នក​ទស្សនា​យ៉ាង​ច្រើន​ក្រៃលែង​។

យ៉ាងណា​មិញ​រឿង​ភាគ​របស់​ព័រ​តូរីកូ​មួយ​នេះ​ បើ​តាម​ការ​វិភាគ​របស់​វែបសាយ​ signalhorizon បាន​លើក​ឡើង​ថា​សាច់​រឿង​ដែល​គេដឹង​និង​ស្គាល់​ជា​ទូទៅ​ថា​ Siren (ទេពមច្ឆា) នេះ​គឺជា​រឿង​ទេវកថា​ដ៏ល្បាញ​របស់​ ក្រិច ​និង​រ៉ូម៉ាំង​។ នៅ​ក្នុង​ទេវកថា​ក្រិច​ តួ​អង្គ​ស្រីៗ​មាន​រូប​រាង​​មួយ​កំណត់​ជា​មនុស្ស​ មយយ​កំណត់​ជា​បក្សី​ ហើយ​ពួក​នាង​ប្រើ​ប្រាស់​សំឡេង​ដើម្បី​ដាក់​អន្ទាក់​បុរស​ឱ្យ​ចូល​ទៅ​ចន្លោះ​ថ្ម​ដើម្បី​ឱ្យ​សត្វ​សាហាវ​សំឡាប់។ បុរស​ដែល​រស់រាន​មាន​ជីវិត​គេច​រួច​ពី​ស្លាប់​ គឺ​បុរស​ដែល​យក​អ្វី​មក​ខ្ទប់​ត្រចៀក​ឬ​អ្នក​ដែល​អាច​យក​ចម្រៀង​ផ្សេង​មក​ច្រៀង​បន្លប់​ប៉ុណ្ណោះ​។

មួយ​វិញ​ទៀត​វែបសាយ​ដដែល​នេះ​ក៏​បាន​វិភាគ​ចំពោះ​តួ​អង្គ​​​ក្នុង​រឿង​ព្រេង​និទាន​របស់​ព័រតូរីកូ​នេះ​​ថា​ដូច​នឹង​តួអង្គ​ ទេពមច្ឆា​កម្ពុជា​ផង​ដែរ។ សម្រាប់​រឿង​ព្រេង​ទេពមច្ឆា​នេះ ​មាន​ជា​ច្រើន​បែប​ច្រើន​សណ្ឋាន​ណាស់​ទៅ​តាម​ប្រទេស​នីមួយ​ៗ​ សម្រាប់​ប្រទេស​ស្កុតឡែនមាន​ទេពមច្ឆា (Selkies) និង​រុស្សី​​មាន​ទេព​មច្ឆា​ (Rusalkas) គឺ​សុទ្ធ​តែ​ជា​ស្ត្រី​ដែល​ស្លាប់​យ៉ាង​វេទនា​នៅ​ក្នុង​បឹងឬ​ទន្លេ​ហើយ​ត្រលប់​មក​ចាំ​លង​បន្លាច​មនុស្ស​វិញ​។ ខណៈ​ដែល​នៅ​អាហ្វ្រិច​មាន​ Mami Watu ព្រលឹង​ទឹក ដែល​បាន​ប្រើ​ប្រាស់​សំឡេង​ដើម្បីជួយ​បុរសៗ​ពី​គ្រោះ​ថ្នាក់​។

ខណៈ​ដែល​រូប​កាយ​របស់​នាង​​ជា​សារធាតុ​រាវ​ដណ្ដប់​ស្បែកមាស​ ​និង​គ្រឿង​អលង្ការ​ដ៏​មាន​តម្លៃ​ ហើយ​រស់​នៅ​ក្នុង​ទឹក​ ដែល​អាច​ប្រដូច​ទៅ​នឹង​សត្វ​ទឹក​ជា​ច្រើន​ ប៉ុន្តែ​តួ​នាងហាក់​ដូច​ជា​ស្រដៀង​ច្រើន​ទៅ​នឹង​តួអង្គ​ ​នាង​សុវណ្ណ​មច្ឆា​ ពី​ប្រទេសកម្ពុជា​ និង​ ឥណ្ឌូណេស៊ី​។​

សូមសង្ខេប​សាច់​រឿង​វគ្គ​ចុង​ក្រោយ​នៃ​រឿង​ «Love, Death + Robots Jibaro» គឺ​និយាយ​ពី​ស្ត្រី​ម្នាក់​ដែល​​បាន​ប្រើ​ប្រាស់​សំឡេង​និង​រាង​កាយ​ស្រោប​ទៅ​ដោយ​មាស​របស់​នាង​ដើម្បី​បញ្ឆោត​ឱ្យ​បុរស​ៗ​ដល់​នូវ​សេចក្ដី​ស្លាប់​។ នៅ​ពេល​បាន​ឮ​សំឡេង​របស់​នាង​ហើយ​នោះ​ បុរស​ៗ​ទាំង​អស់​នឹង​ត្រូវ​នាង​សណ្ដំ​ហើយ​ពួក​គេ​នឹង​បង្វិល​ខ្លួន​ត្រលប់​ខ្លួន​ហើយ​វាយ​សម្លាប់​គ្នា​យ៉ាង​ព្រៃផ្សៃ​មុន​នឹង​លង់​ក្នុង​ទឹក​បឹង​ស្លាប់​។ ក្នុង​ចំណោម​បុរស​ទាំង​អស់​នោះ​មាន​តែ​បុរស​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់​ ដោយ​សារ​តែ​គេ​ជា​មនុស្ស​ថ្លង់។ ការរស់រាន​របស់​គេ​បាន​ធ្វើ​ឱ្យ​ Jibaro យល់​ថាគេ​ជា​មនុស្ស​ប្រុស​ខុស​ពី​បុរស​ដទៃ​ ប៉ុន្តែ​នា​ងគិត​ខុស​ព្រោះ​គេ​ម្នាក់​នោះ​ក៏​ចង់​បាន​ស្បែក​មាស​និង​គ្រឿង​អលង្ការ​ជាប់​នឹង​ខ្លួន​នា​ង​ដូច​គ្នា​។ តើ​វាសនា​របស់​នាង​នឹង​ត្រូវ​ស្លាប់​ក្រោម​ស្នាដៃ​បុរស​នាង​បាក់​ចិត្ត​ស្រលាញ់​ ឬ​មួយ​បុរស​​គ​ថ្លង់​រូប​នោះ​គឺជា​អ្នក​ដែល​ត្រូវ​ស្លាប់​ក្រោម​ស្នាដៃ​របស់​ Jibaro ?

ចង់​ដឹង​ចម្លើយ​នៃ​សំនួរ​ទាំងពីរ​ខាង​លើ​នេះ​ អាច​ទស្សនា​សាច់​រឿង​ទាំង​ស្រុង​មាន​នៅ​លើ​ Netflix បាន​៕

Share.