ក្រុមកីឡាការិនីកីឡាហុកគីកម្ពុជា កំពុងតែស្ថិតនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដោយត្រូវចូលរួមប្រកួតជម្រុះក្នុងព្រឹត្តិការណ៍ Woman’s Asian Games Qualifier 2022 ជាមួយ៧ប្រទេសផ្សេងទៀត ដើម្បីចម្រាញ់យក៦ក្រុម ធ្វើដំណើរទៅប្រកួតជាមួយ៦ក្រុមកំពុងរង់ចាំ។
លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា ថ្លែងប្រាប់ពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី៖«ជារួម យើងបានប្តេជ្ញាចិត្តខ្ពស់ថានឹងប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព បើចាញ់ៗឱ្យអស់ពីលទ្ធភាព បើឈ្នះគឺឈ្នះប្រកបដោយភាពថ្លៃថ្នូ និងយុត្តិធម៌ ។ នៅក្នុងពេលហ្វឹកហាត់នេះ ក្រុមនារីកម្ពុជាក៏បានសាកល្បង ប្រកួតបច្ចេកទេសជាមួយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ដែលក្រុមកម្ពុជានឹងត្រូវប៉ះជាមួយឥណ្ឌូណេស៊ី នាប្រកួតចុងក្រោយបង្អស់ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២»។
ក្រុមដែលត្រូវប្រកួតជម្រុះមាន៖
១) សិង្ហបុរី
២) កាហ្សាក់ស្ថាន
៣) ហុងកុង
៤) ស្រីលង្កា
៥) កម្ពុជា
៦) អ៊ូបេគីស្ថាន
៧) ឥណ្ឌូណេស៊ី (ម្ចាស់ផ្ទះ)
វគ្គជម្រុះកីឡាហុកគី ផ្នែកនារីនេះប្រកួតពីថ្ងៃទី៦ ដល់១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហ្សាកាតា ខណៈគម្រោងប្រកួតរបស់កម្ពុជា មាន៖
៦ មិថុនា ម៉ោង៤ល្ងាច ហុងកុង ប៉ះ កម្ពុជា
៧ មិថុនា ម៉ោង២រសៀល ស្រីលង្កា ប៉ះ កម្ពុជា
៩ មិថុនា ម៉ោង២រសៀល កាហ្សាក់ស្ថាន ប៉ះ កម្ពុជា
១០ មិថុនា ម៉ោងម៉ោង៤ល្ងាច សិង្ហបុរី ប៉ះ កម្ពុជា
១៣ មិថុនា ម៉ោង៤ល្ងាច កម្ពុជា ប៉ះ អ៊ូបេគីស្ថាន
១៤ មិថុនា ម៉ោង៦ល្ងាច កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី
សូមបញ្ជាក់ថាការប្រកួតកីឡាហុកគី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី 2022 Asian Games នឹងធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន ចន្លោះពីថ្ងៃទី១១ ដល់២៤ខែកញ្ញា ឆ្នាំ២០២២ លើទីលាន Gongshu Canal Sports Park Field Hockey Field។
ចំពោះវិញ្ញាសាហុកគី នារីកំណត់យក១២ក្រុមចូលរួមខណៈក្រុមចំនួន៦បានកក់កៅអីមុនហើយ ដូចជា ម្ចាស់ផ្ទះចិន, ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង និងថៃ ដែលសល់ពីការប្រកួត 2018 Asian Games នៅឥណ្ឌូណេស៊ី។ ដូច្នេះក្រុមចំនួន៦ ដែលធ្វើល្អក្នុងវគ្គជម្រុះWoman’s Asian Games Qualifier 2022 ខាងលើនឹងកក់កៅអីទៅបំពេញបង្គ្រប់៕