អ្នកនិពន្ធវ័យក្មេងពេញដោយសមត្ថភាពកញ្ញា គឹម ឌីណា ទើបតែសម្ពោធស្នាដៃសៀវភៅថ្មីរបស់ខ្លួនរឿង «ថាម៉េចយើងស្រលាញ់គ្នា» នាពេលថ្មីៗនេះ។
នៅក្នុងកម្មវិធីនោះដែរមានប្រិយមិត្តអ្នកអានដែលជាអ្នកគាំទ្រស្នាដៃកញ្ញាក៏ដូចជាអ្នកសារព័ត៌មានបានចូលរួមយ៉ាងច្រើនកុះករ។ ឆ្លើយតបនឹងសំនួរជាច្រើនពីអ្នកគាំទ្រនិងអ្នកសារព័ត៌មានអ្នកនិពន្ធដែលនិយមសរសេរសាច់រឿងបែបមនោសញ្ចេតនាស្នេហាវ័យរូបនេះបានលើកឡើងថា «អ្នកនិពន្ធទាំងក្មេងទាំងចាស់ ទាំងអ្នកជំនាញនិងមិនទាន់ស្ទាត់ជំនាញសុទ្ធតែមានចំណែកជួយដល់អ្នកអានរៀងៗខ្លួន»។
កញ្ញា គឹម ឌីណា គឺជាអតីតពិធីការិនីអត្ថាធិប្បាយព័ត៌មានមួយរូបដែលស្រលាញ់ចូលចិត្តការតាក់តែងនិពន្ធ ហើយមានស្នាដៃបោះពុម្ពច្រើននិងមានការទទួលស្គាល់ពីសំណាក់អ្នកអាន។ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នារីវ័យក្មេងរូបនេះបានសម្ពោធស្នាដៃថ្មីរបស់ខ្លួនព្រមទាំងឆ្លើយតបនឹងសំនួរជាច្រើនពីអ្នកគាំទ្ររបស់ខ្លួនពាក់ព័ន្ធនឹងចាប់អាជីពការតែងនិពន្ធរបស់ខ្លួន។
ម្ចាស់ស្នាដៃរឿងប្រលោមលោក «បំពេនាង» បានឆ្លើយតបនឹងសំនួររបស់អ្នកសារព័ត៌មានត្រយងដែលបានសួរថា «ប្រលោមលោករបស់កញ្ញាក្រៅពីផ្ដល់ការកម្សាន្តដល់អ្នកអានហើយនោះតើអ្នកអាននឹងទទួលបានអ្វីបន្ថែមទៀតពីការអានរឿងរបស់កញ្ញា?»
កញ្ញា គឹម ឌីណា៖ «តាមរយៈប្រលោមលោករបស់បង បងព្យាយាមបញ្ជ្រាបឱ្យគេយល់អំពីអ្នកដទៃ និងព្យាយាមយកចិត្តគេដាក់ចិត្តយើងច្រើនជាង បើសិនជាអូនបានអានប្រលោមលោកបង អូនច្បាស់ជាបានយល់នូវអ្វីដែលបងបាននិយាយនៅពេលនេះហើយ»
យ៉ាងណាមិញអ្នកនិពន្ធរូបស្រស់ម្នាក់នេះក៏បានបន្ថែមឱ្យដឹងពីតួនាទីប្រលោមលោកថាបានជួយអ្វីខ្លះដល់អ្នកអានថា៖ «ការសរសេរប្រលោមលោកចាំបាច់ត្រូវតែមានសិល្ប៍វិធីដើម្បីឱ្យអានជក់ចិត្តនិងចង់តាមដាន មិនមែនសរសេរអ្វីត្រង់ៗថាចូរអ្នកដើម្បីទប់ស្កាត់គ្រឿងញៀន… ទើបហៅថាអ្នកនិពន្ធដែលជួយសង្គមនោះទេ ប៉ុន្តែអ្នកនិពន្ធមានវិធីសាស្ត្ររៀងៗខ្លួន ក្នុងការបញ្ជ្រាបបញ្ហាណាមួយនៃសង្គមទៅកាន់អ្នកអានរបស់យើង»
កញ្ញា គឹម ឌីណា ក៏បានពន្យល់បន្ថែមយ៉ាងក្បោះក្បាយ និងក្រើនរំលឹកដែរថា៖ «អ្នកអានខ្លះគាត់មាន Mindset ថាអ្នកនិពន្ធរឿងស្នេហានៅស្រុកខ្មែរអត់កើត បើសិនជាអ្នកអានរឿងខ្ញុំអត់កើតនោះ ហើយអត់អាន សូមកុំវាយតម្លៃត្រីមួយស្អុយ ស្អុយមួយកន្ត្រក ឧទាហរណ៍ថាអូនឯងអានរឿងបងអត់ល្អ អូនឯងត្រូវអានស្នាដៃអ្នកនិពន្ធឱ្យបានច្រើន ព្រោះស្នាដៃបងមិនល្អ មិនមែនបានន័យថាស្នាដៃអ្នកនិពន្ធដទៃមិនល្អនោះឡើយ។»
គួរដឹងថាអ្នកនិពន្ធ គឹម ឌីណា នៅក្នុងកម្មវិធីសម្ពោធសៀវភៅប្រលោមលោកថ្មី «ថាម៉េចយើងស្រលាញ់គ្នា» ក៏បានឡើងច្រៀងចម្រៀង៣បទ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់កញ្ញាផងដែរដូចជាបទ «បានទេ ស្រឡាញ់គ្នាដូចដើម? ពីប្រលោមលោកបំពេនាង , ត្រឹមមនុស្សបងលួចស្រឡាញ់ ពីប្រលោមលោកថាម៉េចយើងស្រឡាញ់គ្នា និងបទ Take A Break»៕