មន្រ្តីគ្រប់គ្រងគ្រោះមហន្ដរាយបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាននាថ្ងៃ ពុធ ទី ២២ ខែ មិថុនា បានកើនឡើងដល់ ១,០០០នាក់ និងមានអ្នករងរបួសជាង ៦០០នាក់ ហើយគេរំពឹងថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាងនេះ។
យោងតាមរូបថតលើប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្គានីស្ថានបានបង្ហាញថា ផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញ ហើយសាកសពជាច្រើនត្រូវបានគេដាក់លើដីក្បែរនោះ បន្ទាប់ពីបានជួបប្រទះនឹងការរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ។
ខេត្ត Paktika នៅភាគអាគ្នេយ៍គឺជា កន្លែងរងផលប៉ះពាល់ខ្លាំងជាងគេ ខណៈក្រុមតាលីបង់របស់អាហ្វហ្គានីស្ថាន បានអំពាវនាវសុំជំនួយពីអន្តរជាតិដើម្បីជួយស្ដារស្ថានភាពនៅក្នុងប្រទេស។
ទាក់ទិននឹងបញ្ហានេះ អង្គការសហប្រជាជាតិកំពុងព្យាយាមផ្ដល់ទីជម្រកបន្ទាន់ និង ជំនួយស្បៀងអាហារ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះរបស់អាហ្វហ្គានីស្ថាន ត្រូវបានរាំងស្ទះនិង មានភាពស្មុគស្មាញ ដោយសារភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យមានការរអិលបាក់ដី ហើយភូមិជាច្រើនកំពុងស្ថិតនៅក្នុងតំបន់ភ្នំដែលមិនអាចចូលទៅដល់បាន។
បុគ្គលិកសុខាភិបាលម្នាក់នៅមន្ទីរពេទ្យក្នុងខេត្ត Paktika ដែលជាខេត្តរងគ្រោះខ្លាំងនោះបានឲ្យដឹងថា «មនុស្សជាច្រើននៅតែកប់នៅក្រោមដីនៅឡើយ។ ស្របពេលនោះដែរ ក្រុមជួយសង្រ្គោះនៃរដ្ឋឥស្លាមអេមីរ៉ាតបានមកដល់ទីតាំងកើតហេតុ ដោយពួកគេព្យាយាមយកអ្នកស្លាប់ និង អ្នករងរបួសចេញពីក្រោមដី»។
លោក Abdul Qahar Balkhi មន្ត្រីជាន់ខ្ពស់តាលីបង់បាននិយាយថា «គួរឲ្យសោកស្ដាយ រដ្ឋាភិបាលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ដូច្នេះផ្នែកហិរញ្ញវត្ថុមិនអាចជួយប្រជាជនក្នុងកម្រិតដែលត្រូវការបាននោះទេ។ ប្រទេសជិតខាង ប្រទេសក្នុងតំបន់ និង ប្រទេសនានាក្នុងពិភពលោកបានផ្តល់ជំនួយរបស់ពួកគេ។ ជំនួយចាំបាច់ ត្រូវតែមានទំហំធំ ពីព្រោះនេះគឺជាការរញ្ជួយដីដ៏សាហាវដែលមិនធ្លាប់មានសោះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ»។
សូមជម្រាបថា ការរញ្ជួយដីសាហាវបំផុតដែលវាយប្រហារប្រទេសនេះក្នុងរយៈពេល ២ទសវត្សរ៍ គឺជា បញ្ហាប្រឈមដ៏ធំសម្រាប់ក្រុមតាលីបង់ ដែលជាចលនាឥស្លាមនិយម ដណ្ដើមអំណាចកាលពីឆ្នាំមុនបន្ទាប់ពីរដ្ឋាភិបាលគាំទ្រដោយលោកខាងលិចដួលរលំ។ ខណៈប្រទេសនេះ ងាយនឹងកើតមានការរញ្ជួយដីណាស់ ដោយសារតែប្រទេសនេះស្ថិតនៅលើតំបន់ឧស្សាហកម្មមានការប៉ះទង្គិចគ្នានៃផ្លាកតិចតូនិកឥណ្ឌា និង អឺរ៉ាស៊ី ដែលមួយទសវត្សរ៍កន្លងមកនេះ មានមនុស្សជាង ៧,០០០នាក់ បានស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសនេះ ដោយមានអ្នកស្លាប់ជាមធ្យមជាង ៥០០នាក់ ក្នុង ១ឆ្នាំៗ៕