ដូចមហាជនជ្រាបបានខ្លៗមកហើយថា ថ្មីនេះអ្នកចម្រៀងបុរាណក្នុងត្រកូលខាត់ គឺលោក ខាត់ ចំរើន កំពុងដេកសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់តាំងពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២ មកម្ល៉េះដោយសារតែជំងឺខូចក្រលៀន និងក្រិនថ្លើម។

យ៉ាងណាមិញ សភាពអាការៈជំងឺហាក់នៅមិនទាន់ធូរស្រាលនៅឡើយទេ រហូតដល់ថ្នាក់បងស្រីរបស់លោក គឺអ្នកនាង ខាត់​ សុឃីម បានចេញមកអំពាវរកជំនួយពីមហាជនក្នុងការបរិច្ចាកឈាមជាច្រើនប្លោក ដើម្បីសង្គ្រោះជីវិតរបស់ប្អូនប្រុស។ គេបានឃើញអ្នកនាង ខាត់ សុឃីម បានប្រកាសសុំជំនួយជំនួសក្រុមគ្រួសាររបស់លោក ខាត់ ចំរើន ចេញពីទឹកដីប្រទេសសហរដ្ឋអាម៉េរិកថា អ្នកនាងអំពាវត្រូវការឈាមបរិច្ចាកពីមហាជនរហូតចំនួន៧ប្លោក និងជាច្រើនប្លោកជាបន្ទាន់ ដើម្បីសង្គ្រោះជីវិតលោក ខាត់ ចំរើន ដែលកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈប្លោកឈាមរបស់លោកសល់ត្រឹមចំនួនតិច និងនៅមិនទាន់ចេញបន្ទប់សង្គ្រោះបន្ទាន់នៅឡើយទេ។

អ្នកនាង ខាត់ សុឃីម បានអំពាវនាវសុំជំនួយដោយបានរៀបរាប់ថា៖ «ប្អូនខ្ញុំ ខាត់ ចំរើន ត្រូវការ ឈាម ៧ប្លោកមានបងប្អូនណា ចិត្តបុណ្យសូមជួយផ្ដល់ឈាមជូនប្អូនខាត់ ចំរើន ផងបានទេ សូមបងប្អូនមេត្តាជួយប្អូនខ្ញុំផង ដោយក្ដីគោរពនឹងអំពាវនាវ ..»។​ អ្នកនាង បានបង្ហោះបន្ថែមថា ៖ « បងប្អូនដែលមានចិត្តបុណ្យ សូមជួយផ្តល់ឈាម អោយប្អូនខ្ញុំផង 🙏 ជំងឺគាត់ត្រូវការឈាមច្រើនណាស់ សូមអរគុណទឹកចិត្តដ៏ល្អរបស់បងប្អូន 🙏🙏🙏🙏🙏 ឬអាចទំនាក់ទំនងលេខ 012534444 »។

(រូប) ក្រៅពីការអំពាវនាវរបស់អ្នកនាង ខាត់​ សុឃីម ហើយនោះ គេឃើញមានអ្នកសិល្បៈមួយចំនួនទៀតក៏បានចេញមុខព្រួយបារម្ភ និងអំពាវឱ្យមានការជួយផ្ដល់ឈាមដើម្បីព្យាបាលលោក ខាត់ ចំរើន ។ ដោយឡែក បន្ទាប់ពីមានការអំពាវនាវហើយនោះ គេឃើញមានមហាជនជាច្រើន Comment ចង់ចូលរួមផ្ដល់ឈាមជួយលោក ខាត់ ចំរើន និងបន់ស្រន់ឱ្យលោកឆាប់ជាសះស្បើយពីជំងឺនេះផងដែរ៕

Share.