ពន្លកតារាចម្រៀងថ្មីៗរបស់ផលិតកម្មហង្សមាសឬម្ចាស់ពាន Cambodian Idol រដូវកាលទី ៤ គឺលោក លីម តិចម៉េង បានធ្វើដំណើរទៅសម្ដែង និងចម្រៀងនៅក្នុងក្លឹបរាត្រីមួយកន្លែងនាទឹកដីខេត្តបាត់ដំបង កាលពីរាត្រីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២នេះ។ អ្វីដែលធ្វើឱ្យហ្វេនអ្នកគាំទ្រនៅក្នុងខេត្តបាត់ដំបង់ រន្ធត់ចិត្ត និងស្លត់ចិត្តញាប់ញ័រដើមទ្រូងនោះ គឺពេលពួកគេឃើញអាយដលថ្មីមួយដួងនេះ បង្ហាញសកម្មភាពលុតជង្គង់សុំទោសហ្វេននៅពេលច្រៀងចប់ និងរៀបចំខ្លួនត្រឡប់ទៅសម្រាកវិញ។

តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ah Houng Hour បានធ្វើការ Live ផ្ទាល់នៅលើហ្វេសប៊ុកពីសកម្មភាពរបស់លោក លីម តិចម៉េង គេបានឃើញថា ចំពេលរៀបខ្លួនត្រឡប់មកសម្រាកវិញនោះ លោក លីម តិចម៉េង បានពោលពាក្យអរគុណហ្វេន និងជូនពរហ្វេន ហើយលោកសុំអភ័យទោសចំពោះហ្វេនដែលលោកមិនអាចបំពេញបំណងហ្វេនក្នុងថតរូបជុំគ្នាទាំងអស់គ្នាបាន។ ក៏ប៉ុន្តែ ដោយសារតែហ្វេនសម្រុកចូលមកចង់ថតរូបជាមួយលោកច្រើនណែនណាន់ពេក រហូតធ្វើឱ្យលោករកផ្លូវចេញមកវិញមិនមាន ហើយហ្វេនទាំងអស់ក៏មិនព្រមដកថយ ទើបបានជាកំឡោះតូចរូបនេះ សម្រេចចិត្តលុតជង្គង់សុំទោសហ្វេននៅកណ្ដាលចំណោមពួកគេនោះតែម្ដង។ រួចពួកគេក៏ស្រែកហ៊ោជាកម្លាំងចិត្តឱ្យលោកវិញ។

សកម្មភាពនេះបានធ្វើឱ្យផ្អើលទាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង TikTok (ទីកតុក) ដោយម្នាក់ៗលាន់មាត់ថា ពន្លកតារាចម្រៀងថ្មីៗនេះហេតុអ្វីក៏ហ៊ានបន្ទាបខ្លួនខ្លាំងដល់ម្លឹង។ «ដល់ថ្នាក់លុតជង្គង់សំពះអរគុណ​ និងសុំទោសFanព្រោះខ្លាចខុសមិនបាននៅថតជាមួយ ដោយសារមនុស្សច្រើនពេក 🥺 កូនស្វាអើយ​ ល្អពេកហើយ🐒❤️🥺 Lim Tichmeng»។ នេះបើតាមសម្ដីហ្វេនម្នាក់លើកឡើង។

ជាការពិតណាស់ ដូចសព្វមួយដងដែលលោក លីម តិចម៉េង បានលើកឡើងប្រាប់ហ្វេនថា លោកតែងតែសំណូមពរឱ្យហ្វេនចាត់ទុកលោកជាអាយដលតែពេលនៅលើឆាកចម្រៀងតែប៉ុណ្ណោះ ចុះពីលើឆាកវិញ លោកចង់ឱ្យហ្វេនចាត់ទុកលោកជាមិត្ត បងប្អូន កូនចៅម្នាក់ដែលទទួលបានក្ដីស្រឡាញ់ពីអ្នកគ្រប់គ្នាទៅគឺគ្រប់គ្រាន់ហើយ។ ដូច្នោះគេពិតជាមិនបាច់ឆ្ងល់ទៀតទេថា ហេតុអ្វីបានជាកំឡោះតូច លីម តិចម៉េង មានហ្វេនច្រើនដល់ថ្នាក់ហ្នឹង?

ទស្សនាវីដេអូនេះ ៖

Share.