ឆ្នាំនេះកញ្ញាឯកដ៏អស្ចារ្យរបស់កម្ពុជា ឬ Miss Grand Cambodia កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាធ្វើបានយ៉ាងល្អមិនធម្មតានោះឡើយ ព្រោះសារព័ត៌មានធំរបស់ថៃមួយបានព្យាករណ៍ថា បេក្ខភាពស្រីស្អាតរបស់កម្ពុជារូបនេះមានឱកាសស្រវ៉ាក្លាយជាម្ចាស់ពាន Miss Grand International។
នៅសល់ ៥ថ្ងៃទៀតប៉ុណ្ណោះពោលគឺនៅថ្ងៃទី ២៥ តុលា ឆ្នាំ២០២២ កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand International 2022 នឹងឈានដល់វគ្គកាត់សេចក្ដី ថាតើបេក្ខនារីមកពីប្រទេសណាគឺជាម្ចាស់តំណែងសម្រាប់ឆ្នាំនេះ។ ឆ្នាំនេះលទ្ធផលពិតជាពិបាកប៉ាន់ស្មានណាស់ព្រោះបេក្ខនារីមកពី៦៨ប្រទេសសុទ្ធសឹងតែជាស្រីស្អាត និងមានសមត្ថភាពដូចៗគ្នា ប៉ុន្តែអ្នកគាំទ្របេក្ខនារីប្រទេសនីមួយៗក៏ព្យាយាមជួយគាំទ្រតំណាងប្រទេសរបស់ខ្លួនតាមរយៈការចុច Like Share នៅលើ Platform នានារបស់កម្មវិធី Miss Grand International ដើម្បីដណ្ដើមតំណែង Country’s Power of the Year ព្រោះបេក្ខនារីដែលឈ្នះនឹងមានឱកាសចូលដល់វគ្គ Top20 ដោយស្វ័យប្រវត្តិ។ បើតាមសារព័ត៌មាន Kapook របស់ថៃ បេក្ខនារីចំនួន៦ដួងកំពុងតែមានសន្ទុះគាំទ្រយ៉ាងច្រើនពីមហាជន ក៏មានបេក្ខនារីមកពីប្រទេសកម្ពុជាគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មួយរូបផងដែរ។
១. Miss Grand កម្ពុជាឆ្នាំ២០២២
សម្រាប់ពេជ្រវត្តីសារ៉ាវឌ្ឍីគឺជាបេក្ខនារីមួយរូបដែលគួរឱ្យចាប់អារម្មណ៍និងចង់តាមដាន បេក្ខនារីរូបនេះអាចនឹងមានឱកាសក្រសោបមកុដ Miss Grand International 2022 ទៅគ្រប់គ្រង។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បច្ចុប្បន្នមានវ័យ២៥ឆ្នាំ មានកម្ពស់១.៧៥សង់ទីម៉ែត្រ ហើយបើនិយាយពីរូបសម្រស់វិញយុវតីមកពីប្រទេសកម្ពុជារូបនេះមានមុខមាត់ស្អាតគួរឱ្យគយគន់ ជាពិសេសនៅក្នុងវគ្គ បិទទ្វារសម្ភាសន៍ក្នុងបន្ទប់ខ្មៅ ឬ (Close Door Interviews) ចម្លើយរបស់ពេជ្រ វត្តីសារ៉ាវឌ្ឍីឆក់បានបេះដូងគណៈកម្មការតាមរយៈការនិយាយភាសាអង់គ្លេសបានយ៉ាងជំនាញប្រកបដោយមន្តស្នេហ៍ ព្រោះកញ្ញាបានដាក់ទុនរៀនភាសាអង់គ្លេសមុនចូលរួមប្រកួតរហូតដល់ទៅ៦ខែ។ ចាំមើលថាតើការព្យាយាមរបស់កញ្ញាលើកនេះនឹងជួយជាស្ពានឱ្យកញ្ញាឆ្លងទៅគោលដៅក្លាយជាម្ចាស់មកុដ Miss Grand International នាំភាពជោគជ័យត្រលប់ទៅប្រទេសវិញបានឬក៏អត់?
២. Miss Grand ថៃឆ្នាំ២០២២
កញ្ញា Engfa Wahara អាយុ២៦ឆ្នាំ មានកម្ពស់១.៧០ គឺជាស្រីស្អាតដែលឈ្នះឆ្នោតស្ទើគ្រប់ការស្ទង់មតិ។ ក្រៅពីល្បីល្បាញមានអ្នកគាំទ្រនៅប្រទេសថៃយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយនោះ ស្រីស្រស់ដ៏គួរឱ្យស្រលាញ់រូបនេះថែមទាំងអាចឆក់យកបេះដូងអ្នកគាំទ្រពីប្រទេសផ្សេងៗជាច្រើនទៀត ដែលសបញ្ជាក់តាមរយៈចំនួន Like និងពិន្ទុពីការបោះឆ្នោតស្ទង់មតិផ្សេងៗកន្លងមក។ Engfa មានទាំងអស់មិនថាជា រូបរាង មុខមាត់ និង សមត្ថភាព ដូច្នេះហើយអ្នកគាំទ្រកម្មវិធីប្រកួតយល់ស្របដូចគ្នាថា យុវតីថៃរូបនេះមានសង្ឃឹមនិងឱកាសឈ្នះបានរង្វាន់ ឬអាចនឹងឡើងទៅដល់វគ្គ Top5 ក៏ថាបាន។
៣. Miss Grand ប្រេស៊ីលឆ្នាំ២០២២
សម្រាប់បេក្ខនារីមកពីប្រទេសប្រេស៊ីលកញ្ញា Isabella Menin កូនកាត់ប្រេស៊ីល-អ៊ីតាលីវ័យ២៦ឆ្នាំ កម្ពស់១,៧៨សង់ទីម៉ែត្រ គឺអាចចាត់ចូលជាបេក្ខភាពដ៏លេចធ្លោរមួយរូបនៅលើវេទិកាប្រកួត ព្រោះតែកញ្ញាមានរូបសម្បត្តិ និង អាកប្បកិរិយាគួរឱ្យស្រលាញ់និងទាក់ទាញចិត្តមហាជន។ ចាប់តាំងពីបង្ហាញវត្តមានគ្រប់វគ្គស្រីស្អាតរូបនេះតែងតែមានអ្វីពិសេសនិងថ្មីៗសម្រាប់អ្នកគាំទ្រជានិច្ច ដូច្នេះហើយកញ្ញាអាចក្ដោបបានបេះដូងអ្នកគាំទ្រយ៉ាងច្រើនជុំវិញពិភពលោក។ បើនិយាយពីការសិក្សាវិញ Isabella គឺជានិស្សិតបញ្ចប់ការសិក្សាបរិញ្ញាផ្នែកហិរញ្ញវត្ថុពីសកលវិទ្យាល័យ College London មានសមត្ថភាពអាចនិយាយបាន៤ភាសា។ បេក្ខនារីតំណាងប្រទេសប្រេស៊ីលរូបនេះគឺជាស្ថាបនិក Beyond Project ដែលជាកម្មវិធីមួយជួយឧបត្ថម្ភគាំទ្រដល់ជនពិការផងដែរ។ ប្រវត្តិរូបសង្ខេបប៉ុណ្ណេះគឺអាចគ្រប់គ្រាន់មួយជួយឱ្យកញ្ញាប្រេស៊ីលរូបនេះឈោងចាប់តំណែងជា Miss Grand International បានដោយមិនពិបាក។
៤. Miss Grand សាធារណរដ្ឋឆេក ឆ្នាំ២០២២
មនុស្សជាច្រើននិយាយដូចៗគ្នាថា គ្រាន់តែឃើញរង្វង់មុខរបស់កញ្ញា Mariana Beckova ភ្លាម គឺមិនមានអ្វីសង្ស័យឡើយថាហេតុអ្វីកញ្ញាជាប់ឆ្នោតច្រើនសម្រាប់ការស្ទង់មតិនានាដែលកម្មវិធីបានដាក់ចេញទៅឱ្យមហាជនចូលរួមបោះឆ្នោត។ ស្រីស្អាតមកពីសាធារណរដ្ឋឆេករូបនេះ បច្ចុប្បន្នមានវ័យ២៣ឆ្នាំ មានកម្ពស់រហូតដល់ទៅ១.៨០ម៉ែត្រ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកចិត្តវិទ្យា និងកំពុងបន្តការសិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់នៅសកលវិទ្យាល័យ Empire State College សហរដ្ឋអាមេរិក។ បច្ចុប្បន្នកញ្ញាមានអាជីពជាគ្រូបង្ហាត់យូហ្គា អ្នកនិពន្ធ Influencer និងជានារីម៉ូដែល។ ចំណុចដ៏ទាក់ទាញបំផុតមួយរបស់កញ្ញា ក្រៅពីសម្រស់ដ៏ស្អាតហើយនោះ កញ្ញាក៏ជាមនុស្សម្នាក់ដែលពោរពេញដោយថាមពលវិជ្ជមាន ស្រស់ថ្លា និងរួសរាយរាក់ទាក់ផងដែរ។ កត្តាជាច្រើនដូចរៀបរាប់នេះហើយ ដែលធ្វើឱ្យអ្នកគាំទ្រទស្សន៍ទាយថាកញ្ញាមានសិទ្ធិនិងឱកាសខ្ពស់ជាម្ចាស់មកុដ Miss Grand International ឆ្នាំនេះ។
៥. Miss Grand ព័រតូរីកូ ឆ្នាំ២០២២
បេក្ខនារីព័រតូរីកូ Oxana Rivera គឺជាស្រីស្អាតដែលមានសាច់រឿងជីវិតគួរឱ្យចាប់អារម្មណ៍ និងមាន រូបសម្រស់ស្អាតប្រៀបបាននឹងនារីទេពអប្សរ។ ឆ្នាំនេះស្រីស្អាតយើងមានអាយុ២៧ឆ្នាំ មានកម្ពស់១,៧៥សង់ទីម៉ែត្រ អាចនិយាយបាន៣ភាសាគឺ អង់គ្លេស រុស្សី និងអេស្ប៉ាញ។ កញ្ញារៀនចប់ផ្នែកទីផ្សានិងឃោសនា បច្ចុប្បន្នជាតារាម៉ូដែលអាជីពនៅសហរដ្ឋអាមេរិក។ តាមពិតកញ្ញាកើតនិងធំធាត់នៅប្រទេសរុស្សីប៉ុន្តែដោយសារតែគ្រួសារក្រីក្រពេក កញ្ញាត្រូវទៅរស់នៅក្នុងមណ្ឌលកុមារកំព្រាតាំងពីអាយុ១៣ឆ្នាំ ក្រោយមកកញ្ញាត្រូវគ្រួសារព័រតូរីកូចិញ្ចឹមបីបាច់ ដូច្នេះហើយការប្រកួតលើកនេះកញ្ញាចង់សងគុណប្រទេសដែលផ្ដល់ជីវិតថ្មីដល់ខ្លួន ហើយតាំងចិត្តថានឹងដណ្ដើមមកុដទីពីរត្រលប់ទៅកាន់ប្រទេសព័រតូរីកូឱ្យទាល់តែបាន។
៦. Miss Grand ឥណ្ឌូនេស៊ីឆ្នាំ២០២២
ស្រីស្អាតមុខស្រស់ Andina Julie គឺជាបេក្ខនារីពីតំបន់អាស៊ីអាគ្នេយ៍ដ៏លេចធ្លោនិងគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតមួយ ព្រោះប្រទេសកំណើតរបស់កញ្ញាគឺជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតលើកនេះ។ លើសពីនេះទៀតសម្រាប់វេទិកាប្រកួត Miss Grand International ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានប្រវត្តិល្អ បេក្ខនារីពីប្រទេសនេះតែងតែបានមានឱកាសបានចូលវគ្គជ្រៅៗជានិច្ច។ ជាមួយនឹងមន្ដស្នេហ៍ដ៏ទាក់ទាញនិងការតស៊ូព្យាយាមរបស់ Andina អ្នកគាំទ្រជឿថាយុវតី វ័យ២០ឆ្នាំ កម្ពស់១,៨២ ដែលមានអាជីពជាតារាបង្ហាញម៉ូដរូបនេះមានឱកាសខ្ពស់បំផុតក្លាយជាម្ចាស់មកុដ Miss Grand International ឆ្នាំ២០២២៕