កំពង់ចាម៖​ ក្រសួងមហាផ្ទៃបានសម្រេច តែងតាំងលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ទោ ឯម កុសល ដែលត្រូវចូលនិវត្តន៍។


នៅព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣ នេះបានរៀបចំពិធីចូលកាន់តំណែងស្នងការនគរបាលខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួមពីលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិ, លោក ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី មុនត្រូវបានប្រកាសចូលកាន់តំណែងមួយនេះ ជាស្នងការរងនគរបាលខេត្តកំពង់ចាម ទទួលផែនការងារព្រហ្មទណ្ឌ។ ចំណែកលោកឧត្តមសេនីយ៍ទោ ឯម កុសល ក្រោយចូលនិវត្តន៍ត្រូវបានតែងតាំងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានឋានៈស្មើអគ្គនាយករង៕

អត្ថបទ៖ សាន វីឡែម

Share.