ក្នុងឱកាសអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍវិស័យសង្គមកិច្ច និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសជនរងគ្រោះ និងជនងាយរងគ្រោះ។
ទិវានេះត្រូវបានប្រារព្ធក្រោមប្រធានបទ «រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា» ដែលផ្តោតលើតួនាទីសំខាន់របស់កម្លាំងសេវាសង្គម ក្នុងការផ្តល់ការគាំទ្រទាំងផ្នែកជីវភាព និងផ្នែកផ្លូវចិត្ត ដល់ប្រជាពលរដ្ឋ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពសង្គម។
រាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ការអភិវឌ្ឍមនុស្ស និងការពង្រឹងសុខុមាលភាពសង្គម គឺជាអាទិភាពសំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើអាទិភាពចម្បងចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ គោលនយោបាយនេះមានគោលដៅលើកកម្ពស់សមធម៌ សុវត្ថិភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋទាំងមូល។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានអនុវត្តច្បាប់ និងគោលនយោបាយជាច្រើន ដើម្បីការពារនិងលើកកម្ពស់សិទ្ធិរបស់ក្រុមជនងាយរងគ្រោះ ដូចជា កុមារ ជនពិការ និងមនុស្សចាស់។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសង្គមកិច្ច ក៏ត្រូវបានយកចិត្តទុកដាក់ ដោយបង្កើនការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពអ្នកជំនាញ។
ទោះជាយ៉ាងណា ការសិក្សាបានបង្ហាញថា កម្ពុជានៅតែមានតម្រូវការខ្ពស់ក្នុងការបង្កើនចំនួន និងគុណភាពកម្លាំងសេវាសង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ។ ដូច្នេះ រាជរដ្ឋាភិបាលមានផែនការពង្រឹងវិជ្ជាជីវៈសង្គមកិច្ច និងបង្កើនសមាមាត្រអ្នកបម្រើសេវាសង្គមឱ្យសមស្របតាមស្តង់ដារតំបន់។
ក្នុងឱកាសនេះផងដែរ រាជរដ្ឋាភិបាលបានអំពាវនាវឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បណ្តាញផ្សព្វផ្សាយ និងអង្គការដៃគូ បន្តសហការគ្នា ដើម្បីលើកកម្ពស់គុណភាពសេវាសង្គម និងផ្សព្វផ្សាយសមិទ្ធផលក្នុងវិស័យនេះឱ្យបានទូលំទូលាយ និងល្អប្រសើរ លើ ៣ចំណុចរួមមាន៖
១- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបង្កើនការយកចិត្តទុកដាក់តាមគ្រប់មធ្យោបាយ ដើម្បីលើកកម្ពស់គុណតម្លៃរបស់កម្លាំងសេវាសង្គមនិងសមិទ្ធផលការងារ។
២- គ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានផ្សេងទៀត សូមជួយផ្សព្វផ្សាយឱ្យបាន ទូលំទូលាយនូវស្នាដៃនិងសមិទ្ធផលនានា ដែលបង្ហាញអំពីការយកចិត្តទុកដាក់និងលើកកម្ពស់ការផ្តល់ សេវាក្នុងវិស័យសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ជាពិសេសជូនជនរងគ្រោះនិងជនងាយរងគ្រោះ។
៣- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ លើកទឹកចិត្ត និងគាំទ្រតាមគ្រប់មធ្យោបាយ ក្នុងការចូលរួមជំរុញនិងបង្កើនការផ្តល់សេវាសង្គមនៅក្នុងសហគមន៍ឱ្យបានកាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ជូនថា ទិវាជាតិសង្គមកិច្ចឆ្នាំ២០២៦នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសង្គមមួយដែលមានសមធម៌ សន្តិភាព និងអភិវឌ្ឍយូរអង្វែង សម្រាប់ប្រជាជនគ្រប់រូប៕

