តារាសម្ដែង Han Ye Seul កំពុងរៀបចំបណ្ដឹងដើម្បីធ្វើការប្ដឹងផ្ដល់ចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតបង្កើតឱ្យមានពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងជីវិតឯកជនរបស់កញ្ញា។
សូមចុចអាន តួឯកស្រីរឿង «កំណើតស្រីស្អាត» ត្រូវអ្នកកាសែតចោទថាយកខ្លួនប្រាណប្ដូរទីផ្សារ!
ប៉ុន្មានសប្ដាហ៍កន្លងមកនេះ Han Ye Seul រងការវាយប្រហារដោយសារពាក្យចចាមអារ៉ាមជាច្រើនរឿងជាពិសេសជីវិតឯកជនរបស់កញ្ញា។ ពាក្យចចាមអារ៉ាមខ្លះនិយាយដល់មិត្តប្រុសថ្មីរបស់កញ្ញា Ryu Sung Jae គឺជាមានពាក់ព័ន្ធនឹងឧស្សាហ៍កម្មសិល្បៈបែបមនុស្សពេញវ័យ (រឿងអាសអាភាស) ដោយមានពាក្យចចាមអារ៉ាមខ្លះចោទប្រកាន់កញ្ញាពាក់ព័ន្ធនឹងការយកខ្លួនប្រាណប្ដូរទីផ្សារជាដើម ប៉ុន្តែពាក្យចចាមអារ៉ាមទាំងអស់នោះ ត្រូវបានកញ្ញាបដិសេធ។ ក្នុងចំណោមដំណឹងចចាមអារ៉ាមទាំងអស់មានដំណឹងមួយកើតចេញពី YouTuber ឈ្មោះ Kim Yong Ho (អតីតអ្នកកាសែត) ដែលបានចេញមកធ្វើការចោទប្រកាន់លើ Han Ye Seul និងតារាកូរ៉េល្បីៗជាច្រើនទៀតនៅលើ Channel YouTube។
យ៉ាងណាមិញក្រោយស្ងប់ស្ងាត់មួយរយៈពេលនេះតារាសម្ដែងដ៏ល្បីពីភាពយន្តភាគ «កំណើតស្រីស្អាត» ដែលធ្លាប់ចាក់បញ្ចាំងនៅស្ថានីយហង្សមាសរបស់កម្ពុជា កញ្ញា Han Ye Seul និងក្រុមការងារផ្នែកច្បាប់របស់កញ្ញាបានចេញសេចក្ដីប្រកាសពាក់ព័ន្ធនឹងបញ្ហានេះ។
ការិយាល័យច្បាប់បានចេញសេចក្ដីប្រកាសថា កំពុងរៀបចំឯកសារដើម្បីធ្វើការនប្ដឹងចំពោះ YouTube Channel «Kim Yong Ho Entertainment Head» និង YouTube Channel ផ្សេងទៀតដែលផ្សព្វផ្សាយព័ត៌មានមិនពិត ព្រមជាមួយនោះក៏នឹងប្ដឹងចំពោះអ្នកដែលខមមិនដោយពាក្យពេចន៍ ជេរប្រមាថ និងមើលងាយខ្លាំងៗចំពោះ Han Ye Seul។
ខណៈសាមីខ្លួន Han Ye Seul ក៏បានចេញមកច្រានចោលគ្រប់ពាក្យចោទប្រកាន់ និងពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងរូបកញ្ញា ក៏ដូចជាមិត្តប្រុស ដែលក្នុងនោះកញ្ញាបានលើកពីការប្រើប្រាស់ខ្លួនប្រាណប្ដូរទីផ្សារ ព្រមទាំងការចោទប្រកាន់ថាកញ្ញាគេចវេសមិនបង់ពន្ធជូនរដ្ឋ។
ចុងក្រោយ Han Ye Seul បានសំណូមពរឱ្យបណ្ដាញសារព័ត៌មាននិងអ្នកតាមដានរឿងនេះរង់ចាំលទ្ធផលពីតុលការដែលនឹងចេញមកបញ្ជចាក់ការពិត។ ក្នុងនាមកញ្ញាជាជនរងគ្រោះដែលឆ្លងកាត់រឿងរ៉ាវឈឺចាប់និងជូរចត់ក្នុងជីវិត ហើយត្រូវការកម្លាំងចិត្តដើម្បីប្រឆាំងនឹងរឿងរ៉ាវដ៏គ្រោតគ្រាតនេះ។ តារាសម្ដែងពេញដោយទេពកោសល្យ Han Ye Seul បានលើកឡើងដែរថាកញ្ញានឹងត្រលប់វិញក្នុងនាមជាតារាសម្ដែង Han Ye Seul ដែលពេញដោយពន្លឺចិញ្ចែងចិញ្ចាចដើម្បីតបស្នងចំពោះការជឿទុកចិត្តនិងការស្រលាញ់ដែលអ្នកគាំទ្រមានចំពោះកញ្ញា៕
ប្រភព៖ Soompi