កាលពីថ្ងៃម្សិលមិញនេះ លោក តាន់ គីមសួរ បុរសដ៏លេចធ្លោលើបណ្ដាញសង្គម និងជាបុគ្គលដែលត្រូវបានគេមើលឃើញថាជាអ្នកស្រលាញ់បរិស្ថានឈានមុខម្នាក់ បានបង្ហាញនូវសកម្មភាពមួយចំនួនតាមរយៈរូបថតជាច្រើនសន្លឹកលើបណ្ដាញសង្គម ដែលក្នុងនោះមានឃើញវត្តមាន ពិធីការិនី សុភក្ត្រ កុសុម៉ា ពិធីករ និង តារាសម្ដែង ប៉ែន ចំរុង និង ឯកឧត្តម ហ៊ុន ជា។
វត្តមានរបស់ បុគ្គលល្បីក្នុងសង្គម នាពេលនោះត្រូវបានលោក តាន់ គីមសួរលើកឡើងថាគឺមកសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋនៅតំបន់ ហើយក៏ចូលរួមក្នុងសកម្មភាពលុញគ្រាប់ឈើដើម្បីបណ្ដុះជាដើមឈើផងដែរ។ សកម្មភាពនេះត្រូវបានលោក តាន់ គីមសួរលើកឡើងថា បានទទួលឈ្មោះថ្មីដែលផ្ដល់ដោយឯកឧត្តម ហ៊ុន ជាថាសកម្មភាពផលិតថ្នាំបំប៉នផែនដី។
ក្រៅពីបង្ហាញវត្តមានចូលរួមក្នុងសកម្មភាពជួយថែរក្សាបរិស្ថាន និង ផ្ដល់ជាគន្លឹះសំខាន់ៗ ក្នុងការផ្លាស់ប្ដូរផ្នត់គំនិតប្រជាជននៅតំបន់នោះ ឱ្យងាកពីការចូលព្រៃកាប់ មកជាចំណែកសំខាន់ក្នុងការថែរក្សាព្រៃឈើហើយនោះ ឯកឧត្តម ហ៊ុន ជា បានចូលរួមថវិកាចំនួន ១០០០$ (មួយពាន់ដុល្លារ) ដើម្បីជួយទ្រទ្រង់សកម្មភាពនេះផងដែរ។
តាមរយៈការលើកឡើងរបស់លោក តាន់ គីមសួរ កន្លងមក បេសកកម្មរបស់លោកក្រៅពីការដាំដើមឈើដើម្បីព្យាបាលដំបៅផែនដីហើយនោះ គឺមានគោលដៅ៣ធំៗ៖
១. ការបណ្ដុះផ្នត់គំនិតប្រជាជនឱ្យមានការយល់ដឹងពីសារប្រយោជន៍នៃព្រៃឈើចំពោះភពផែនដី
២. ការបញ្ឈប់ប្រជាជនក្នុងការបន្តចូលព្រៃកាប់ដោយផ្ដល់ចំណូលល្អសម្រាប់ពួកគាត់
៣. ការចូលរួមធ្វើជារនាំងក្នុងការទប់ស្កាត់ការកាប់បំផ្លាញនិងទន្ទ្រានដីព្រៃរបស់ជនខិលខូចពីប្រជាជន
សូមបញ្ជាក់ដែរថាសកម្មភាពរបស់លោក តាន់ គីមសួរ កំពុងធ្វើនេះគឺក្នុងគោលដៅបំបែកឯតទគ្គកម្មពិភពលោក Guinness World Record ក្នុងការបាចគ្រាប់ឈើច្រើនជាងគេទូទាំងពិភពលោក៕