តារាចម្រៀង Original និងជាអ្នកធ្វើការងារសង្គមដ៏សស្រាក់សស្រាំម្នាក់ផងនោះ លោក សាយ បានឱ្យដឹងថាលោក និងសមាជិកក្រុម Run with Sai ចំនួន ៦នាក់បាននាំគ្នាទៅប្រមូលសំរាមនៅឧទ្យានគិរីរម្យ។
កាលពីចុងខែមិថុនា ត្រូវនឹងថ្ងៃទី៣០ ឆ្នាំ២០២១ តារាចម្រៀង សាយ បានចេញមកបញ្ចេញនូវសំណេរដែលធ្វើឱ្យអ្នកមានខ្លួនមួយចំនួនឈឺចាប់នឹងសម្ដីរបស់លោក។ លោកបានប្រើពាក្យសម្ដីសង្កត់ធ្ងន់ទៅលើបុគ្គលមួយចំនួនដែលទទួលទានអាហារហើយមិនបានវេចខ្ចប់បានល្អចោល បណ្ដាលឱ្យក្លាយជាសំរាម ធ្វើឱ្យប៉ះពាល់ដល់សោភ័ណ្ឌភាពនិងទេសភាពតំបន់ទេសចរណ៍ធម្មជាតិរបស់កម្ពុជា។
«ដោយដឹងមាយាទរបស់អ្នកដើរព្រៃស្រុកខ្មែរយើងមួយចំនួន ពួកយើងបានប្រមូលគ្នា ៦នាក់ពីក្រុម #RUNWITHSAI មកធ្វើការរើសសំរាម នៅចំណុចសសរស្ដុក លើឧទ្យានគិរីរម្យ។ ពយកយើងបានញែកសំរាម តាមប្រភេទដូចជា ដប កំប៉ុង និងសំរាមផ្សេងៗ រួចបានដឹកយកទៅកន្លែងរៀបចំសំរាមរបស់អាជ្ញាធរនៅលើឧទ្យានគិរីរម្យ ដើម្បីធ្វើការដុតចោលដោយប្រើឡ និងសំរាមខ្លះទៀតសម្រាប់ការប្រើប្រាស់ឡើងវិញ។ សូមមេត្តារក្សាបរិស្ថានស្អាតទាំងអស់គ្នាដើម្បីរមណីដ្ឋានស្អាត ដើម្បីជាតំបន់ទេសចរណ៍ទៅថ្ងៃមុខទៀត។ ពួកយើងមិនអាចរើសសំរាមរហូតទេ តែបើអ្នកទាំងអស់គ្នាចេះវេចខ្ចប់សំរាមត្រលប់មកវិញនោះ តំបន់ទេសចរណ៍ស្អាតៗនានានៅក្នុងព្រៃ ក៏នឹងមិនមានសំរាមដែរ។ សូមដើរលេងដោយការទទួលខុសត្រូវ។ សូមអរគុណ #សំរាមមិនគួរឱ្យស្អប់ទេមនុស្សដែលចោលសំរាមទេដែលគួរឱ្យស្អប់»
សកម្មភាពរបស់ សាយ និងក្រុមការងាររបស់លោកទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់មជ្ឈដ្ឋានមហាជនពិសេសអ្នកលេងបណ្ដាញសង្គមផ្ទាល់តែម្ដង ដោយសំណេររបស់លោកទទួលបានការចែករំលែក (share) ២.៦K ចំនួន (Like) ១៦K និង ការចូលរួមជាមតិ (comment) ជាង ៣០០គណនី ដែលភាគច្រើនពេញចិត្តនិងគាំទ្រទង្វើល្អរបស់លោក៕