ប្រទះឃើញ តារាសម្ដែងល្បីហូលីវូដ អ្នកស្រី Angelina Jolie និង តារាចម្រៀងល្បី The Weekend ម្ចាស់បទល្បី «Blinding Lights» ណាត់គ្នាញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋាន Giorgio Baldi នាទីក្រុង Santa Monica រដ្ឋកាលីហ្វ័រញ៉ា។
យោងតាមការចុះផ្សាយពីទស្សនាវដ្តី US Sun បានរាយការណ៍ឱ្យដឹងថា «បុគ្គលល្បីទាំងគូ» បានចំណាយពេលវេលានៅទីនោះជាច្រើនមក មុននឹងបំបែកគ្នាចាកចេញដើម្បីបង្វែការសង្ស័យ។
តារាស្រីវ័យ៤៦ឆ្នាំ ស្លៀកពុតពណ៌ខ្មៅ និង ពាក់ម៉ាស់ដើម្បីការពារសុវត្ថិភាពជំងឺកូវីដ-១៩ ខណៈតារាចម្រៀងវ័យ ៣១ឆ្នាំ ដែលធ្លាប់មានប្រវត្តិទាក់ទងតារាស្រីល្បីៗដូចជា Hadid និង Selena Gomez ស្លៀកខោខូវប៊យ និង ពាក់អាវយឺត គ្របពីលើដោយអាវក្រៅ និងស្បែកជើង Boots។
អ្នកស្រី Angelina ធ្លាប់ត្រូវបានសួរពាក់ព័ន្ធនឹងបញ្ជីឈ្មោះប្រការគួរចៀសវាងសម្រាប់ដៃគូថ្មី អ្នកស្រីបានឆ្លើយតបថា «ប្រហែលជាមានប្រការគួរចៀសវាងច្រើន ព្រោះខ្ញុំរស់នៅតែម្នាក់ឯងយូរគួរសមដែរមកដល់ពេលនេះ»។ កាលពីខែមុន អ្នកស្រីបានបង្ហាញវត្តមានជាមួយនឹងអតីតស្វាមីលោក Jonny Lee Miller បុរសដែលអ្នកស្រីបានរៀបការ និងប្រើប្រាស់ជីវិតជាមួយរយៈពេល៣ឆ្នាំ (១៩៩៦-១៩៩៩)។
ប្រភពស្និទ្ធស្នាលបានឱ្យដឹងថា «នៅល្ងាចដែលណាត់គ្នាដំបូងជាមួយនឹង Jonny អ្នកស្រី Angie យកកូនប្រុសតែម្នាក់ទៅជាមួយគឺ Knox ព្រោះ Knox គឺជាក្មេងទន់ភ្លន់ ហើយក៏មានភាពងាយស្រួលដែរក្នុងការចាប់ផ្ដើមណែនាំអ្នកណាម្នាក់ឱ្យគេស្គាល់»។
ប្រភពបានបន្ថែមទៀតថាថ្ងៃបន្ទាប់ Angie បាននាំ Pax កូនប្រុស (ជនជាតិវៀតណាម) ទីពីរទៅជួបជាមួយ Jonny ដើម្បីឱ្យស្គាល់គ្នាកាន់តែច្បាស់ ព្រោះ Pax ចង់បន្តការសិក្សានៅ New York ជាកន្លែងដែល Jonny រស់នៅ។ ថ្វីត្បិត Pax និង តារាសម្ដែងពីភាពយន្ត «Elementary» ជួបគ្នារយៈពេលខ្លីតែអ្នកទាំងពីរនិយាយចុះសម្រុងគ្នាបានយ៉ាងល្អ។
គួរដឹងដែរថា Angelina Jolie និងអតីតស្វាមី Brad Pitt មានកូនរួមគ្នាចំនួន៦នាក់គឺ កូនទីមួយ Maddox (១៩ឆ្នាំ ជនជាតិខ្មែរ) កូនទីពីរ Pax (អាយុ១៧ឆ្នាំ ជនជាតិវៀតណាម) កូនទី៣ Zahara (អាយុ១៦ឆ្នាំ ជនជាតិអេត្យូពី) កូនទី៤ Shiloh (អាយុ១៤ឆ្នាំ) កូនភ្លោះទី៤ Knox និង Vivienne (អាយុ១២ឆ្នាំ) ៕