ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការក្រុងភ្នំពេញ កម្លាំងខណ្ឌ ស្រាវជ្រាវតាមបង្ក្រាបមេក្លោងជនសង្ស័យ តាំងពីខណ្ឌមានជ័យ តាមទាន់រហូតដល់ផ្ទុះអាវុធ បាញ់តដៃគ្នា បណ្តាលឲ្យជនសង្ស័យ២នាក់របួសធ្ងន់ធ្ងរ ហើយបានស្លាប់ម្នាក់ ដេកដួលនៅកន្លែង រួមជាមួយអាវុធខ្លី២ដើម រត់គេចខ្លួនបាត់ម្នាក់ ចំណែកកម្លាំងសមត្ថកិច្ចរងរបួសម្នាក់ ត្រូវរថយន្តចំនួន៤គ្រាប់ រីឯជនសង្ស័យម្នាក់ផ្សេងទៀតចាប់ខ្លួនបាននៅខណ្ឌមានជ័យ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ខាងកើតវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបឋម បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ជាមេក្លោង សកម្មប្លន់ លួចកាច់សោកម៉ូតូ រថយន្ត យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការរាជធានីភ្នំពេញ ខណ្ឌ ស្រាវជ្រាវតាមតាប់ខ្លួន ។

ប្រភពបន្តទៀតថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចរថយន្តមួយគ្រឿង ម៉ាក ឈឺវឺលេត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BM-8713 ចេញពីខណ្ឌមានជ័យ បានសម្រេចហើយគេចខ្លួន ជនសង្ស័យយករថយន្តខាងលើទៅដាក់នៅយានដ្ឋានជួសជុលរថយន្ត អេផ្លើស នៅតាមផ្លូវបេតុង ខាងកើតវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានកម្លាំងព្រហ្មទណ្ឌក្រុងភ្នំពេញ តាមតាំងពីខណ្ឌមានជ័យ ចាប់ខ្លួនបានជនសង្ស័យម្នាក់ សាកសួរបឋមហើយ នៅវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ដេញទាន់ខណៈដែលជនសង្ស័យជិះម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AP-6490 ក្នុងបំណងទៅយករថយន្តនៅយានដ្ឋានអេផ្លើស ធ្វើឲ្យជនសង្ស័យដកកាំភ្លើងបាញ់ស្រោចទៅលើកម្លាំងសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចបាញ់តដៃវិញ បណ្តាលឲ្យជនសង្ស័យម្នាក់បានស្លាប់ ម្នាក់រងរបួសធ្ងន់ ដេកដួលនៅកន្លែង ម្នាក់ទៀតរត់គេចខ្លួនបាត់ ចំណែកនាយរងការិយាល័យម្នាក់ រងរបួស និងរថយន្តរបស់សមត្ថកិច្ចម៉ាកហ្វ័ត ត្រូវគ្រាប់កាំភ្លើង៤គ្រាប់ផងដែរ ។

ក្រោយពីបង្ក្រាបបានមេក្លោងជនសង្ស័យ៣នាក់ រហូតមកដល់បាញ់តដៃគ្នាជាមួយសមត្ថកិច្ច ស្លាប់ម្នាក់ របួសម្នាក់ ចាប់ខ្លួនបានម្នាក់ រត់គេចបាត់ម្នាក់ រហូតដល់វេលាម៉ោង១២និង៣០នាទីរសៀល ទើបសមត្ថកិច្ចលើកជនសង្ស័យដាក់រថយន្តដឹកចេញទៅ ការិយាល័យព្រហ្មទណ្ឌស្នងការក្រុង រួមប្រមូលសម្ភារៈពាក់ព័ន្ធ និងបន្តស្រាវជ្រាវ រកបក្ខពួកបន្ថែមទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ និងទូច វិច្ឆិកា

Share.