ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមគ្នា៤នាក់ ជាមុខសញ្ញា លួច ប្លន់ ប្រដាប់អាវុធ ធ្វើសកម្មភាពលួចប្លន់ម៉ូតូ រថយន្ត យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ កម្លាំងបណ្តាខណ្ឌ ប៉ុស្តិ៍ ស្រាវជ្រាវតាមបង្ក្រាប ក្រោយពីធ្វើសកម្មភាពលួចរថយន្តChevrolet មួយគ្រឿងនៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ យកទៅបិទស្កុតប្តូរពណ៌ ពីខៀវ ទៅខ្មៅ នៅយានដ្ឋានអេផ្លើស នៅក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានម្នាក់ នៅក្នុងខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ។

This image has an empty alt attribute; its file name is image-399-1024x576.png

ក្រោយសាកសួរ នាំទៅបង្ហាញទីតាំងជួសជុលរថយន្ត នៅវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃដដែល ប្រទះឃើញជនសង្ស័យ នៅមុខយានដ្ឋានជួសជុលរថយន្តអេផ្លើស តាមផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែបាញ់ស្រោចមកលើកកម្លាំងសមត្ថកិច្ច បណ្តាលឲ្យរងរបួសជើងម្នាក់ ត្រូវរថយន្តចំនួន៤គ្រាប់ ទើបបាញ់តបតវិញ បណ្តាលឲ្យរបួសដេកដួលនៅកន្លែង ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ សមត្ថកិច្ចចាប់លើកដាក់រថយន្ត ជនសង្ស័យម្នាក់បានស្លាប់ ពេលដឹកយកទៅ បានស្លាប់ម្នាក់ទៀត ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមួយក្រុមនេះ ប្រដាប់ដោយអាវុធ តែងតែធ្វើសកម្មភាពលួច ប្លន់ ម៉ូតូ រថយន្ត ក្នុងរាជធានីភ្នំពេញ ។ ហើយក្នុងប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យខាងលើ បាញ់តដៃគ្នា ស្លាប់ជនសង្ស័យ២នាក់ ចាប់ខ្លួនបានម្នាក់ រត់គេចខ្លួនបាត់ម្នាក់ ដកហូតបានម៉ូតូ PCX ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AP-6490 ជាមធ្យោបាយរបស់ជនសង្ស័យ អាវុធខ្លី២ដើម រថយន្តម៉ាកChevrolet មួយគ្រឿង បិទស្កុត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BM-8713 ដែលជនសង្ស័យលួចនៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ចំណែកខាងសមត្ថកិច្ច រងរបួសជើងម្នាក់ រថយន្តមួយគ្រឿងត្រូវគ្រាប់កាំភ្លើង៤គ្រាប់ ។

ករណីខាងលើ ត្រូវបានលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ថា ការប៉ះទង្កិចគ្នានេះ កម្លាំងសមត្ថកិច្ចបានក្ដាប់ជាប់នូវមុខសញ្ញាជនល្មើស លុះនៅពេលឡោមព័ទ្ធ ស្រាប់តែក្រុមជនល្មើស បានបាញ់ស្រោចមកលើសមត្ថកិច្ច បណ្ដាលឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្នាក់រងរបួសចំជើង
ហើយត្រូវបានបាញ់តបតវិញ បណ្ដាលឲ្យជនល្មើសស្លាប់ចំនួន២នាក់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.