ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ បន្ទាប់ពីធ្វើសកម្មភាពប្លន់ម៉ូតូបានសម្រេច ដោយយកផ្លែឡាម អារ លើជនរងគ្រោះបណ្តាលឲ្យមុតឈាមស្រោចខ្លួន កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅចំការដូងប្រេង ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយព្យាយាមជិះម៉ូតូគេចចូលមករាជធានីភ្នំពេញ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ស្នងការរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការខេត្តព្រះសីហនុ ស្រាវជ្រាវតាមចាប់ខ្លួនបានទាំង២នាក់ នៅពីរទីតាំងផ្សេងគ្នា កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែលនេះ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ៖ ទី១ ឈ្មោះ វី ជីវ័ន្ត ហៅ អាវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែរទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ១៩២ ក្រុមទី១៤ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ ចូវ ស្រីម៉ិច ហៅ ស្រីណុច (ខ្ទើយស្រីធ្វើប្រុស) ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែរទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួននៅចំណុចផ្ទះជួលខាងលើ) ។ចំណែកជនរងគ្រោះក្នុងករណីខាងលើ មានឈ្មោះ ជនរងគ្រោះឈ្មោះ គឹម ប៊ូ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ៣ ឃុំទំនប់​រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានឌុបជនសង្ស័យពីស្រុកស្ទឹងហាវ មកស្រុកព្រៃនប់ ដល់កន្លែងស្ងាត់ចំណុចកើតហេតុ ជនសង្ស័យប្រដាប់ដោយផ្លែឡាម ធ្វើសកម្មភាពចាប់អារ ជនរងគ្រោះរបួសពេញខ្លួន ហូរឈាមស្រោចខ្លួន ប្លន់យកម៉ូតូ ហុងដាឌ្រីម សេរី២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G-0801 រួចនាំគ្នាជិះគេចចូលមករាជធានីភ្នំពេញ ។ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចសហការ ស្រាវជ្រាវ ទីបំផុតនៅរសៀលថ្ងៃដដែល កម្លាំងខណ្ឌទួលគោក សហការចាប់បាន២នាក់ ដកហូតបានម៉ូតូរបស់ជនរងគ្រោះ , កាបូប១ មានថ្នាំញៀនចំនួន០៤កញ្ចប់តូចរបស់ជនសង្ស័យ ចូវ ស្រីម៉ិច ។ក្រោយពីចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ប្រគល់ឲ្យទៅស្នងការខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.