សិល្បៈអន្តរជាតិ៖ មួយប៉ព្រិចភ្នែកសោះអាម៉ាប់តូចរឿងលោកសង្ឃសៅលីង Hao Shao Wen មានវ័យ៣៣ឆ្នាំ ហើយកំពុងតែរៀបការសាងគ្រួសារជាមួយនឹងអនាគតភរិយារបស់ខ្លួនជាជំនាញផាត់មុខដ៏ល្បី ក្រោយភ្ជាប់ពាក្យរួចមួយឆ្នាំកន្លងមក។

អាពាហ៍ពិពាហ៍របស់តារាសម្ដែងមកពីកោះតៃវ៉ាន់រូបនេះបានរៀបចំឡើងកាលពីថ្ងៃទី១៥ ខែឧសភា នៅរីសតមួយកន្លែង ក្នុងខេត្ត Hangzhou ប្រទេសចិន។ តារារូបនេះបានបង្ហោះទិដ្ឋភាពរៀបអាពាហ៍ពិពាហ៍កាលពីព្រឹករបស់ខ្លួននៅរសៀលថ្ងៃជាមួយគ្នានេះដោយភ្ជាប់សំណេរថា៖ រៀបការជាមួយនឹង Lin Ningrui។ តើប្រញាប់ឆ្លើយយល់ព្រមលឿនពេកទេដឹង?

ក្រៅពីបង្ហោះរូបភាពគូស្នេហ៍ក្នុងថ្ងៃរៀបការហើយនោះ លោកក៏បានចែករំលែករូបភាពជាមួយនឹងក្រុមគ្រួសារក៏ដូចជាអ្នកកំដរកូនកំលោះផងដែរ ដោយក្នុងចំណោមអ្នកកំដរកូនកំលោះគេឃើញមានវត្តមាន Shi Xiao Long វ័យ៣៥ ឆ្នាំ ដៃគូសម្ដែងរួមគ្នាកាលពីក្មេង។

Shi Xiao Long បានសម្ដែងរួមគ្នាជាមួយនឹង Hao Wen កាលពីឆ្នាំ១៩៩៤ ក្នុងភាពយន្ត Kongfu បែបកំប្លែង Shaolin Popeye ឬ អ្នកគាំទ្រកម្ពុជាស្គាល់ថាជានេនតូចសង្ឃសៅលីង មិនត្រឹមតែជាអ្នកកំដរតែបានជួយថតវីដេអូគូស្វាមីភរិយាថ្មោងថ្មី និងលើកទឹកតែសម្រាប់ពិធីពិសារទឹកតែថែមទៀតផង។

អ្នកគាំទ្រមួយភាគធំបានបង្ហាញអារម្មណ៍រំភើបដែលបានឃើញដៃគូពីកុមារបង្ហាញវត្តមានក្នុងឱកាសដ៏សំខាន់បំផុតក្នុងជីវិតរបស់មិត្តភក្ដិ។

ក្នុងចំណោមអ្នកបញ្ចេញមតិយោបល់បង្ហាញក្ដីរីករាយចំពោះវត្តមានជួបជុំគ្នារបស់តារាទាំងពីរ គេក៏មិនភ្លេចរំលឹកដល់ព្រឹទ្ធាចារ្យ អ៊ូ ម៉ុងតាក់ តារាសម្ដែងបែបកំប្លុកកំប្លែងចិនហុងកុង ដែលបានរួមសម្ដែងក្នុងភាពយន្តជាមួយនឹងអ្នកទាំងពីរ ប៉ុន្តែលោកបានលាចាកលោកនេះបាត់ទៅហើយ មិនអាចមកចូលរួមក្នុងពិធីដ៏រីករាយនេះជាមួយនឹងអ្នកទាំងពីរទៀតបាននោះឡើយ។

