កម្ពុជាបាននិងកំពុងបោះជំហានយ៉ាងលឿនក្នុងការទាញយកបច្ចេកវិទ្យាឌីជីថល និង «ទេសចរណ៍ភាពយន្ត » ដើម្បីប្តូរមុខមាត់ទីតាំងទេសចរណ៍ជាតិ និងបង្កើនការផ្សព្វផ្សាយសក្តានុពលវប្បធម៌ និងទេសចរណ៍ធម្មជាតិទៅកាន់ឆាកអន្តរជាតិ។

ក្នុងជំនួបពិភាក្សាការងារនាពេលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនាំមុខដោយ អ្នកឧកញ៉ា លីម ហ៊ួរនីតូ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន ព្រមទាំងតំណាងក្រុមហ៊ុន Unicorn Media, ក្រុមហ៊ុន VINCIS តួសម្តែង និងអ្នកផលិតមាតិកាកម្ពុជា-ចិនសរុបប្រមាណ ៣០ រូប ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការផលិតភាពយន្តភាគខ្លី និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវីដេអូ AI ដែលផលិតដោយក្រុមហ៊ុន VINCIS បង្ហាញពីតំបន់អង្គរ និងបានជំរុញឱ្យផលិតករអន្តរជាតិមើលឃើញកម្ពុជាជា «ស្ទូឌីយូធម្មជាតិ» ដ៏សម្បូរបែប។ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការបន្តអភិវឌ្ឍវីដេអូ AI ក្នុងទម្រង់និទានកថា ដោយបញ្ជូលបច្ចេកវិទ្យាទំនើបជាមួយវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ ម្ហូបអាហារ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ដើម្បីនាំយក «សម្រស់ពិតរបស់កម្ពុជា» ទៅកាន់ទស្សនិកជនពិភពលោក។ លើសពីនេះ ក្រសួងក៏បានតម្រង់ទិសឱ្យមានការថតពង្រីកទីតាំងឱ្យហួសពីតំបន់អង្គរ ទៅកាន់តំបន់ឆ្នេរសមុទ្រភាគនិរតី ព្រៃភ្នំ និងទឹកជ្រោះនៅភាគឦសាន ព្រមទាំងស្ថាបត្យកម្មបេតិកភណ្ឌ និងសំណង់សម័យអាណានិគមនៅភ្នំពេញ បាត់ដំបង និងកំពតផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការជំរុញវិស័យនេះ ដោយបានបង្កើត «ក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត» កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ព្រមទាំងបានដាក់ឱ្យអនុវត្តកម្មវិធីលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងក្រុមផលិតភាពយន្តពីទីផ្សារចិន។
ក្រសួងទេសចរណ៍បានសម្តែងការគាំទ្រជាគោលការណ៍ចំពោះគម្រោងផលិតភាពយន្តខ្លីកម្ពុជា-ចិននេះ ដោយបញ្ជាក់ថា រាល់ការផលិតត្រូវអនុវត្តតាមបទប្បញ្ញត្តិជាធរមាន និងទទួលបានការអនុញ្ញាតលើខ្លឹមសារសាច់រឿង (Script) ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមុនសិន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សមាគម និងផលិតករទាំងអស់ ឱ្យរួមគ្នាកសាងរូបភាពកម្ពុជាជា «គោលដៅទេសចរណ៍សុវត្ថិភាព» ព្រមទាំងចូលរួមទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានអវិជ្ជមានទាំងឡាយណាដែលប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជាលើឆាកអន្តរជាតិ៕
