ពិធីការិនីពូកែសម្ដី កញ្ញា សុភក្ត្រ កុសម៉ា បានប្រកានៅលើគណនីរបស់កញ្ញា នៅមុននេះថា ទោះជាកញ្ញា ត្រូវក្រោកពីគេងតាំងពីម៉ោង៤ ទាបភ្លឺ តែសម្រាប់កញ្ញាអត់បញ្ហានោះទេ ព្រោះរឿងសំខាន់និងចាំបាច់ សម្រាប់កញ្ញា គឺបានចូលរួមចំណែកជួយព្យាបាលដំបៅផែនដី។
យោងតាមការបង្ហោះដោយផ្ទាល់ពីផេកហ្វេសប៊ុករបស់កញ្ញា ដែលមានឈ្មោះជាភាសាអង់គ្លេសថា Sopheak Kosoma នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នេះ បានសរសេររៀបរាប់ពីក្ដីរំភើបដែលកញ្ញាបានចូលរួមក្នុងគំរោងព្យាបាលដំបៅផែនដីដែលរៀបចំឡើងដោយលោក តាន់ គីមសួរ ដែលជាមនុស្សម្នាក់ស្រលាញ់ និង ការពារបរិស្ថាន ដោយចូលរួមបាចគ្រាប់ពូជឈើ ៤០០០០០ (៤សែនគ្រាប់) ដែលដើមឈើអស់ទាំងនោះនឹងក្លាយជាម្លប់ និងជំរកសត្វព្រៃនាថ្ងៃអនាគត។
ព្រោះតែមានបេសកកម្មដ៏ធំដូច្នេះហើយទើបធ្វើឱ្យ កញ្ញាត្រូវក្រោកតាំងពីព្រះអាទិត្យមិនទាន់រះ ប៉ុន្តែសាមីខ្លួនមិនមានបញ្ហាចោទចំពោះការក្រោកតាំងពីទាបភ្លឺនោះទេ មានតែភាពរីករាយ ដែលមិនអាចបកស្រាយជាពាក្យសម្ដីបានទៅវិញទេ។
«អារម្មណ៍រំភើបដែលគ្មានពាក្យបកស្រាយបានទោះងើប៤ភ្លឺក៏មិនជាបញ្ហា ថ្ងៃនេះនាងខ្ញុំបានចូលរួមជាចែកមួយក្នុងការព្យាបាលដំបៅផែនដីដោយបាចគ្រាប់ពូជឈើ 400,000គ្រាប់ នឹងក្លាយជាម្លប់ និងជំរកសត្វព្រៃនាថ្ងៃអនាគត។ There aren’t words to describe this feeling even i had to wake up at 4am, it’s been an honor to be a part of the project to drop 400,000 seeds as a future trees & animal shelter. #savetrees#savetheplanet#savetheearth#savetreessavelife រៀបចំប្រធានគម្រោងដោយ Tan Kimsour»។ នេះគឺជាការសរសេររៀបរាប់របស់ កញ្ញា នៅលើបណ្ដាញសង្គមកាលពីមួយម៉ោងមុននេះ។
គួររំលឹកដែរថា គម្រោងបាចគ្រាប់ពូជឈើនេះ គឺជាគម្រោងមួយដែលលោក តាន់ គីមសួរមានមោទកភាពបំផុត ហើយលោកថែមទាំងសង្ឃឹមថាគម្រោងនេះ អាចបំបែកកំណត់ត្រាពិភពលោក World Guinness Record ថែមទៀតផង៕