សិល្បៈជាតិ៖ នៅក្នុងចំណោមមហាជនដ៏ច្រើនដែលចង់ចូលរួមក្នុងព្រឹត្តិការណ៍បិទកីឡាស៊ីហ្គេម ក៏មានតារាសម្ដែងគឺលោក កាវីន មួយរូបដែរផងដែរ ព្រោះចិត្តចង់ទស្សនាពេកតែមិនអាចរកសំបុត្របាន លោកក៏ប្រកាសលើហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា «មានសំបុត្រមេីល Sea Game អត់អោយខ្ញុំសុំមួយមក ខ្ញុំដឹងគុណមួយជីវិត រីក៏ប្តូរយកខ្លួនប្រាណក៏បាន។»
មហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបិទការប្រកួតកីឡាស៊ីហ្គេមបានបញ្ចប់ទៅជោគជ័យនិងជាទីចង់ចាំសម្រាប់ដួងព្រលឹងកូនខ្មែរគ្រប់រូប។ ប៉ុន្តែរឿងរ៉ាវនៅជុំវិញព្រឹត្តិការណ៍បិទនេះនៅតែជាប្រធានបទក្ដៅដែលត្រូវបានលើកយកមកជជែកវែកញែកលើបណ្ដាញសង្គមដដែល ព្រោះមានបញ្ហាចម្រូងចម្រាសមួយចំនួនពាក់ព័ន្ធនឹងសំបុត្រចូលរួមទស្សនា ត្រូវបានបង្ហោះចែករំលែកនៅលើបណ្ដាញសង្គម។
ក្រោយពីបង្ហោះសុំសំបុត្រនិងសុខចិត្តប្រគល់ខ្លួនប្រាណដើម្បីបានសំបុត្ររួច ស្រាប់តែ ៥ ម៉ោងក្រោយការបង្ហោះតារាសម្ដែង និងពិធីកររូបនេះបានបង្ហោះរូបភាពខ្លួនឈរនៅក្នុងព្រឹត្តិការណ៍បិទការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។
មែនទែនទៅនៅពេលដែលលោកផុសបង្ហោះសារសុំសំបុត្រហើយប្រើពាក្យថាប្ដូរខ្លួនប្រាណនោះត្រូវបានគេគាំទ្រ ចូលមក Comment ឆ្លើយឆ្លងចំអន់លេងសើច ព្រោះដឹងថាតារាសំណព្វចិត្តខ្លួនគ្រាន់តែចង់បង្ហោះអ្វីប្លែកដើម្បីជាការកម្សាន្តនិងបង្កសំណើចជាមួយនឹងអ្នកគាំទ្ររបស់លោក ហើយក៏ដឹងដែរថារឿងលោកថាយកខ្លួនប្ដូរសំបុត្រនោះ ក៏មិនមែនជាការពិតនោះដែរ។
យោងតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន កម្ពុជានឹងត្រូវចាំ ២០ឆ្នាំទៀត ដើម្បីក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមជាថ្មីម្ដងទៀត៕