ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យ ក១០នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៣ បានបញ្ជូនខ្លួនជនសង្ស័យជនជាតិចិនម្នាក់រួមនឹងគ្រឿងញៀន៤គីឡូ សារធាតុគីមីផ្សំជិត១០០គីឡូ ទៅសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថាជនជាតិចិនម្នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនកាលពីថ្ងៃ១៤ ខែឧសភាឆ្នាំ២០២៣ នៅផ្ទះលេខ៣៧ ផ្លូវលេខ២២ ភូមិតិកូបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ពាក់ពន្ធ័នឹងករណីកែច្នៃនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  និងសារធាតុគីមីផ្សំជាង១០០គីឡូក្រាម។

សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ZHOU GUOCHAO  (ចូវ គ័រឆាវ) ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន ។

សមត្ថកិច្ចដកវត្ថុតាងរួមមាន ៖ ១-សារធាតុញៀនប្រភេទ ម៉េតំហ្វេតាមីន ICE ទម្ងន់០៤គីឡូក្រាម.៦៨៤ក្រាម, ២-សារធាតុគីមីផ្សំ (Acetone ) ទម្ងន់ ០៣គីឡូក្រាម, ៣-សារធាតុគីមី(Ethanol)ទម្ងន់៤០គីឡូក្រាម, ៤-សារធាតុមិនច្បាស់ទម្ងន់៥៣គីឡូក្រាម ៤២៨ក្រាម, ៥-ជញ្ជីងតូចធំចំនួន០៥ គ្រឿង និងឧបករណ៍សំរាប់វេចខ្ចប់កែច្នៃគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

អត្ថបទ៖ តុលាការ

Share.