ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់សម្រេចបញ្ចប់មុខតំណែងឯកឧត្តម ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
![](https://troryorng.com/wp-content/uploads/2021/07/photo_2021-07-16-18.45.10-768x1024.jpeg)
ការសម្រេចបញ្ចប់មុខតំណែងរដ្ឋលេខាធិការខាងលើ គឺធ្វើឡើងបន្តាប់ពី សម្ដេចហ៊ុន សែន ប្រតិកម្មចំពោះ ឯកឧត្តម ឌុច សុវណ្ណារីថា បានប្រមាថសាកសពចំពោះមរណភាពមន្រ្តីមួយរូបដែលបានជួយរួមចំណែកកសាងប្រទេសជាតិតាំងពីឆ្នាំ១៩៧៩មក ដែលទង្វើនេះ សម្ដេចថា ជាមន្រ្តីដឹកនាំមួយរូបខ្វះគុណធម៌។
![](https://troryorng.com/wp-content/uploads/2021/07/Samdach-Hun-Sen-2.jpeg)
សម្ដេចបានសរសេរនៅលើហ្វេសបុកថា «ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណភាព បង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។ ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូប ថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវម៉ែន សំអនសុំឱ្យដកចេញក៏មិនព្រមដកដែរ។ ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី ឱ្យនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែង ព្រោះលោកមិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌»៕
![](https://troryorng.com/wp-content/uploads/2021/07/Duch-Sovannary-1.jpeg)