ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពដេញតាមធាក់ផ្តួលប្លន់យកម៉ូតូ ប៉ះចំជនរងគ្រោះជាមត្ថកិច្ច ធាក់ដួលបានសម្រេចហើយ ជនសង្ស័យម្នាក់ស្ទុះទៅបម្រុងលើកយកម៉ូតូ គ្រាន់តែក្រឡេកឃើញ ជនរងគ្រោះជាសមត្ថកិច្ច ភ័យរត់ត្រឡប់ក្រោយជ្រុលទៅចូលរថយន្តអ្នកដំណើរតាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចមូលដ្ឋានបញ្ជូនទៅសង្គ្រោះ ហើយស្លាប់នៅមន្ទីពេទ្យ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជាមន្ត្រីយោធា បញ្ជាការដ្ឋានអង្គរ័ក្ស តែស្លៀកពាក់សុីវិល ជិះម៉ូតូហុងដាឌ្រីម តាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យគ្នា៣នាក់ ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង ដេញតាមពីក្រោយដល់ទន្ទឹម ជនសង្ស័យធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលទាំងម៉ូតូទាំងជនរងគ្រោះ ជាឱកាសជនសង្ស័យ ម្នាក់ស្ទុះចូលទៅបម្រុងលើកយកម៉ូតូ ក្រឡេកឃើញជនរងគ្រោះមានអាវុធ មានវិទ្យុទាក់ទង ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្ទុះរត់ តែជ្រុលទៅបុករថយន្តអ្នកដំណើរតាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្តបន្តបើកទៅបាត់ ចំណែកបក្ខពួនជនសង្ស័យ២នាក់ទៀត ឃើញសភាពមិនស្រួល ជិះម៉ូតូរត់គេចទៅបាត់ សល់តែជនសង្ស័យម្នាក់របួសធ្ងន់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យព្រះកុសុមៈ ហើយបានស្លាប់នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។ រីឯជនរងគ្រោះក្រោយពីសមត្ថកិច្ចសាកសួរ ធ្វើកំណត់ហេតុរួច បានវិលទៅអង្គភាពបាត់ ។

សពជនសង្ស័យត្រូវបានតំកល់ទុកនៅមន្ទីពេទ្យព្រះកុសុមៈ ហើយសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវរកសាច់ញាតិ​ជនសង្ស័យខាងលើ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.