
ក្រុមបាល់ទះក្រសួងមហាផ្ទៃ របស់កម្ពុជា ដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ World Police & Fire Games 2023 នាទីក្រុង Winnipeg ប្រទេសកាណាដា ក្រោយយកឈ្នះក្រុមបាល់ទះប្រេស៊ីល CBMDF ក្នុងលទ្ធផល ៣សិតទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ។
សម្រាប់ព្រឹត្តិការណ៍កីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) លើកទី២០ ឆ្នាំ២០២៣ នៅប្រទេសកាណាដា ធ្វើឡើងពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។

ខណ:អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បញ្ជូនកីឡា ចំនួន ៤៨នាក់ លើ ០៩ប្រភេទកីឡា ទៅចូលរួមប្រកួតប្រជែងដណ្ដើមមេដាយ រួមមាន៖ វាយសី, វាយកូនឃ្លីលើតុ,យូដូ, ជឺជីតស៊ូ, ហែលទឹក, ការ៉ាតេ, បាល់ទះក្នុងសាល, បាល់ទះឆ្នេរខ្សាច់, ចំបាប់ និង ចំបាប់កាច់ដៃ។
គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកលើកទី១៩ កាលពីឆ្នាំ២០២២ នៅទីក្រុង Rotterdam ប្រទេសហូឡង់កន្លងទៅ កម្ពុជាដណ្តើមបានមេដាយសរុបចំនួន ៣៣គ្រឿង ក្នុងនោះមេដាយមាស ១៥គ្រឿង មេដាយប្រាក់ ៨គ្រឿង និងមេដាយសំរឹទ្ធ ១០គ្រឿង៕

