ព្រះ​ខ័ន​រាជស្វាយរៀង យក​ឈ្នះ​ភ្នំពេញ​ក្រោន ៦-២ សរុប​ទាំង​២ជើង កកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់​ទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League រដូវកាលឆ្នាំ២០២៥-២៦។

ចប់​ការប្រកួត​ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន ថ្លែងថា៖ ខ្ញុំមានមោទនភាពខ្លាំងណាស់ចំពោះកូនក្រុមរបស់ខ្ញុំ ទោះលទ្ធផលយ៉ាងណាក៏ដោយ ពួកគេខិតខំ ១០០% សម្រាប់ការប្រកួតថ្ងៃនេះ ព្យាយាមរហូតដល់ចប់ការប្រកួត។

វគ្គទី១យើងធ្វើបានល្អ វគ្គទី២ក៏ដូចគ្នា ប៉ុន្តែយើងខ្វះសំណាង យ៉ាងណាក៏នៅតែសរសើរកូនក្រុមទាំងមូលអំពីឆន្ទះពួកគេ ហើយសង្ឃឹមថាយើងនឹងបន្តធ្វើបានល្អបែបនេះទៀត។

ជាចុងក្រោយលោកជូនពរដល់ព្រះខ័នរាជស្វាយរៀង ពួកគេធ្វើបានល្អសង្ឃឹមថាស្វាយរៀង តំណាងឲ្យកម្ពុជា ឡើងទៅវគ្គបន្តៗទៀត។

លោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ថា៖ ការប្រកួតនេះពិតជាតានតឹងណាស់ តង់ទី១យើងធ្វើបានល្អ គ្រាន់តែរបូតគ្រាប់ចុងម៉ោងធ្វើឱ្យបារម្ភបន្តិចបន្តួច។ តង់ទី២យើងធ្វើបានល្អខ្លាំងរហូតរកបាន២គ្រាប់ទទួលបានជ័យជម្នះឡើងទៅវគ្គបន្ត។

ផែនការបន្ទាប់នោះគឺត្រូវរង់ចាំអ៊ុតមើលថាក្រុមណា នឹងឡើងមកជួបយើង ទើបយើងគិតតាមក្រោយ យ៉ាង​ណា​មិញយើងនៅសល់ការប្រកួតច្រើនក្នុងដៃ ពានរង្វាន់ច្រើនត្រូវប្រជែង។

សម្រាប់ក្រុមហ្វីលីពីន Manila Digger FC ពួកគេមានបរទេសច្រើន បើសិនជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ច្បាស់ណាស់នឹងតានតឹងខ្លាំងព្រោះយើងធ្លាប់ជួបគ្នារួចហើយនៅវគ្គជម្រុះ។

ព្រះខ័នរាជស្វាយរៀង របស់​កម្ពុជា នឹង​ត្រូវ​ជួបក្រុម​មកពី​ហ្វីលីពីន Manila Digger ​នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់លំដាប់​ទី៣ ប្រចាំទ្វីបអាស៊ី រដូវកាលឆ្នាំ២០២៥-២៦ ដោយ​ការប្រកួត​ជើង​ទី១ នៅទឹក​ដីកម្ពុជា ថ្ងៃទី៩ មេសា ជើង​ទី២ នៅទឹក​ដី​ហ្វីលីពី ថ្ងៃទី១៦ មេសា ២០២៦។

គួរបញ្ជាក់ថា ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់កម្រិតទី៣ ប្រចាំទីបអាស៊ីនេះ គឺបាន​ដំណើរ​ការតែ​៤ក្រុមប៉ុណ្ណោះ នៅក្នុងតំបន់អាស៊ីខាងកើត ស្របពេលការប្រកួត៤ក្រុមផ្សេងទៀត នៅតំបន់អាស៊ី​ខាង​លិច គឺពុំទាន់អាចរៀបចំបានឡើយ ក្រោមហេតុផលនៃវិវាទសង្គ្រាមមជ្ឈិមបូព៌ា។

ការប្រកួតវគ្គជម្រុះក្នុងពូលតាមតំបន់ទាំង២ ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីប AFC Challenge League ២០២៥-២៦ ត្រូវ​បានចាប់​ផ្ដើម​ វគ្គ៨ក្រុមតំបន់​ខាងកើត​ចាប់​ផ្ដើម​នៅ​ថ្ងៃទី៥ មីនា ស្រប​ពេល​តំបន់​ខាង​លិត ​ត្រូវ​បាន​ពន្យា​ពេល ដោយ​សារ​ស្ថាន​ភាព​ភូមិសាស្ត្រ ខណៈវគ្គ​ផ្ដាច់​ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕

Share.