ជំនួបរវាងម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ទល់ក្រុមម្ចាស់ជើងជើងឯកឆ្នាំចាស់ភ្នំពេញក្រោន នៅសប្ដាហ៍ទី២ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២៣-២៤ (Cambodian Premier League 2023-24) បានបញ្ចប់ទៅនៅរាត្រីថ្ងៃសុក្រ សប្ដាហ៍នេះ ស្របពេលដែលម្ចាស់ផ្ទះយកឈ្នះដោយលទ្ធផល២-១ លើទីលានកីឡដ្ឋានខេត្តស្វាយរៀង។
ករណីប៉ះគ្នាចុងម៉ោងរវាងខ្សែការពារ សឿយ វិសាល របស់ព្រះខ័នរាជស្វាយរៀង និងខ្សែបម្រើ ឡុង ភារ៉ាត់
របស់ភ្នំពេញក្រោន នៅមុខទីខាងក្រុមម្ចាស់ផ្ទះ ត្រង់នាទី៩៥:០៨ នៃការប្រកួត ស្របពេលលោកអាជ្ញាកណ្ដាល ឃួន វីរៈ សម្រេចផ្ដល់បាល់ Free-Kick ទៅអោយភ្នំពេញក្រោន។ ឯអ្នកគាំទ្រខ្លះលើកឡើងថាគួរតែផ្ដល់បាល់ប៉េណាំងទី១១ម៉ែត្រ។
រំលង១ថ្ងៃ លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោន បានសរសេរសារលើគណនីហ្វេសប៊ុកលោក បន្សាបការវែកញែករបស់អ្នកគាំទ្រថា៖«បាល់ទាត់មានចាញ់មានឈ្នះ ចប់ការប្រកួតនៅតែគ្រួសារបាល់ទាត់។ តែពេលចាញ់ការប្រកួតយើងតែងខកចិត្តបន្តិច។ អ្វីដែរយើងឈ្នះ ឃើញថាសន្ទុះការគាំទ្រ ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងក្លិបបាល់ទាត់លីកកំពូលផ្សេងៗកើនឡើងយ៉ាងខ្លាំងមិនថានៅកីឡដ្ឋានផ្ទាល់ ឬតាម FB live។ ជាពិសេសទៅទៀតមានការ វិភាគពីបាល់ទាត់ជាច្រើនផងដែរតាម page ជាច្រើន ចុះផ្សាយពី (ភ្នំពេញក្រោន)។ យើងខ្ញុំជាថ្នាក់ដឹកនាំពិតជាអរគុណ និង សប្បាយចិត្តដែលជួយ ផ្សព្វផ្សាយ អោយបងប្អូនយល់ដឹងនិងគាំទ្របាល់ទាត់អោយបានច្រើនថែមទៀត»។
ក្រុមបាល់ទាត់ភ្នំពេញក្រោន រងបរាជ័យជាលើកដំបូង ក្នុងឆ្នាំ២០២៣ នេះ ក្រោយប្រកួតពានរង្វាន់ Cambodian League Cup ៩ប្រកួតចាប់ពីវគ្គចែកពូលដល់វគ្គផ្ដាច់ព្រ័ត្រ ឈ្នះទាំង៩ប្រកួត បូកទាំងប្រកួតមិត្តភាពអន្តរជាតិកម្តៅសាច់ដុំ Pre-Season ចំនួន៥លើក នៅក្រៅប្រទេសឈ្នះ២លើកនិងស្មើគ្នា៣លើក។
អត្ថបទពាក់ព័ន្ធ៖អតីតកីឡាករព្រះខ័នរាជស្វាយរៀង ជួយឲ្យ Young Elephants គ្រងជើងឯកលីគកំពូលឡាវ
អតីតសមាជិកជម្រើសជាតិកម្ពុជា រូបនេះបានចូលរួមអបអរសាទរ ព្រះខ័នរាជស្វាយរៀង ដែលរកបានជ័យជម្នះ ខណៈលោកបញ្ជាក់ពីភារកិច្ចរបស់ក្រុមខ្លួនថា៖«យើងត្រូវមានភារកិច្ចធំមួយទៀតដែលត្រូវធ្វើ ជាការប្រកួតតំណាងអោយប្រទេសកម្ពុជា យើងគឺ AFC Cup នៅថ្ងៃទី១៦ ខែ សីហា។ សង្ឃឹមថា page ទាំងអស់ជួយផ្សាយបន្ថែម ! see u at smart RSN Stadium»។
អត្ថបទពាក់ព័ន្ធ៖សមាជិកលីគកំពូលកម្ពុជា ទាំងអស់ទទួលបានអាជ្ញាបណ្ឌពីសហព័ន្ធបាល់ទាត់អាស៊ីជាប្រវត្តិសាស្រ្ត
ភ្នំពេញក្រោន ក្នុងនាមជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៣ ជាក្រុមតែ១គត់តំណាងឱ្យកម្ពុជា បង្ហាញខ្លួនក្នុងពានរង្វាន់កម្រិតទ្វីបអាស៊ី AFC Cup 2023-24 ដោយចូលជម្រុះ Preliminary stage វគ្គRound 2 តំបន់អាស៊ាន ដោយត្រូវទទួលក្រុមខ្លាំងរបស់ឡាវ Young Elephants នៅវេលាម៉ោង៦ល្ងាចថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ លើទីលានកីឡដ្ឋាន Smart RSN ក្នុងរាជធានីភ្នំពេញ។
អត្ថបទពាក់ព័ន្ធ៖AFC Cup៖ ភ្នំពេញក្រោន ប៉ះ Young Elephants របស់ឡាវ ខណៈTampines Rovers អង្គុយចាំ
ក្រុមឈ្នះវគ្គRound 2 តំបន់អាស៊ាននេះទទួលសិទ្ធិឡើងទៅប្រកួត Play-off round ទល់ក្លិប Tampines Rovers របស់សិង្ហបុរី ដែលកំពុងអង្គុយចាំ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លើទីលានកីឡដ្ឋាន Jalan Besar Stadium ហើយអ្នកឈ្នះមានឈ្មោះបន្តទៅវគ្គចែកពូល៕