រំលង២ថ្ងៃក្រោយចប់ការប្រកួតក្លិបបាល់ទាត់ភ្នំពេញក្រោន បានចេញសេចក្តីថ្លែងការណ៍ជុំវិញការស្នើសុំអោយមានការស៊ើបអង្កេតករណីសម្រេចចិត្តរបស់លោកអាជ្ញាកណ្ដាល ឃួន វីរៈ នៅចុងម៉ោងក្នុងជំនួបទល់ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នារាត្រីថ្ងៃសុក្រ កន្លងទៅ ប្រចាំសប្ដាហ៍ទី២ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2023-24។
អត្ថបទពាក់ព័ន្ធ៖អ្នកចាត់ការក្រុមភ្នំពេញក្រោន បន្សាបចិត្តអ្នកគាំទ្រ ក្រោយមានបន្តវែកញែកជំនួបទល់ព្រះខ័នរាជស្វាយរៀង
ខាងក្រោមជាសំណេរទាំងស្រុងរបស់ក្លិបជើងឯកឆ្នាំចាស់មួយនេះ បង្ហោះលើ Page Facebook របស់ខ្លួនអមដោយវីដេអូជាភស្តុតាង៖«ជាបឋម សូមអរគុណដល់ ព្រះខ័នរាជស្វាយរៀង ហ្វូតបលក្លិប ដែលបានបង្ហាញនូវការប្រកួតយ៉ាងអស្ចារ្យពីមុខអ្នកគាំទ្រនិងសូមអបអរផងដែរដល់ទស្សនិកជនទាំងអស់ដែលបានមកទស្សនាពេញទីលានព្រោះនេះជាសញ្ញាបង្ហាញអំពីការអភិវឌ្ឍបាល់ទាត់ក្នុងលីគរបស់កម្ពុជា ហើយយើងសង្ឃឹមថា បងប្អូននឹងបន្តគាំទ្រដល់ក្លិបដែលខ្លួនចូលចិត្តកាន់តែផុសផុលបន្ថែមទៀត»។
ក្លិបភ្នំពេញក្រោន បានបញ្ជាក់ថាខ្លួនបានដាក់ពាក្យបណ្តឹងរួចរាល់ហើយជុំវិញករណីខាងចម្រូងចម្រាសចុងម៉ោងនេះ៖«ជាមួយគ្នានេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានសង្កេតឃើញថា មានការកាត់ក្តីមិនសមស្របមួយចំនួនដែលយើងគិតថាបានធ្វើឲ្យលទ្ធផលប្រកួតមានការប្រែប្រួលហើយយើងខ្ញុំក៏បានផ្ញើលិខិតទៅកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីធ្វើការស៊ើបអង្កេតអំពីការប្រកួតនេះផងដែរ។ ជាងនេះទៅទៀតក្រុមការងាររបស់យើងក៏បានពិនិត្យវីដេអូប្រកួតជាច្រើនសារម្តងហើយម្តងទៀតភ្ជាប់ជាមួយរូបភាពយឺតៗផងដោយបានបង្ហាញថា កីឡាករ ឡុង ភារ៉ាត់ ពិតជាបានយកក្បាលទៅប៉ះបាល់មុននិងការទាត់របស់កីឡាករ សឿយ វិសាល ពិតមែន»។
ក្លិបដែលមានមូលដ្ឋាននៅរាជធានីមួយនេះបានបង្ហាញអំពីភស្តុតាងមួយចំនួនជុំវិញទស្សនៈរបស់ខ្លួនថា៖«យើងក៏បានធ្វើការសិក្សាអំពីច្បាប់នៃការប្រកួត (Law of the game) និងបានយល់អំពីចំនុចដូចជា៖
- ការទាត់ប្រយោល (Indirect freekick) ដោយកំហុសលើការលេងដោយគ្រោះថ្នាក់ (Plays in a dangerous manner) ក្នុងច្បាប់ល្បែងរបស់ IFAB ក្នុងមាតិកា ១២ នៅទំព័រ ១០២។
- ការទាត់ផ្ទាល់ (direct freekick) ដោយកំហុសលើទាត់ ឬព្យាយាមទាត់ (Kick or Attempts to kick) ដោយផ្អែកលើការសិក្សាលើច្បាប់ និងវីដេអូ បានបង្ហាញថា កីឡាករ ឡុង ភារ៉ាត់ គឺជាអ្នកប៉ះបាល់មុន ចំណែក វិសាល បានទាត់បាល់ក្រោយ និងប៉ះក្បាលរបស់ ភារ៉ាត់ តែម្តង»។
អត្ថបទពាក់ព័ន្ធ៖CPL៖ Marcus Haber តែតផ្តាច់ចុងម៉ោងជួយស្វាយរៀង យកឈ្នះភ្នំពេញក្រោន
ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៨សម័យកាល មួយនេះបញ្ជាក់ពីមូលហេតុនៃការតវ៉ា នេះថា៖« ការស្នើសុំឲ្យមានការស៊ើបអង្កេតនេះមានគោលបំណងចម្បងគឺការពារឲ្យបាននូវការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា ជាពិសេសគឺធានាថាការប្រកួតទាំងអស់ក្នុងលីគនឹងប្រព្រឹត្តទៅដោយសុក្រឹត្យភាពដល់ក្លិបទាំងអស់រួមទាំងផ្តល់នូវភាពរីកចម្រើនចំពោះកីឡាករទាំងអស់»។
«ពិតណាស់ យើងយល់ច្បាស់ថា អាជ្ញាកណ្តាលក៏ជាមនុស្សជាតិដូចអ្នករាល់គ្នាដែរ ដូចនេះគាត់គង់នឹងមានកំហុសក្នុងការអនុវត្តន៍ការងាររបស់ខ្លួនដូចមនុស្សទូទៅជាក់ជាមិនខាន ប៉ុន្តែជាសំណូមពរគឺសូមឲ្យកំហុសទាំងនោះមានកម្រិតតិចតួចហើយសូមកុំឲ្យរំលងកំហុសដ៏ធំណាមួយដែលអាចនាំឲ្យរាំងស្ទះដល់ការប្រកួតរបស់ក្រុមទាំងពីរ។ យើងខ្ញុំក៏សូមធ្វើការសុំទោសផងដែរដល់មន្ត្រីការប្រកួតខណៈដែលក្រោយចប់ការប្រកួតមានក្រុមកីឡាករបានចោមរោម និងតវ៉ាជាមួយអាជ្ញាកណ្តាលដែលនេះជារូបភាពមួយមិនល្អសម្រាប់បាល់ទាត់។ យើងបានយល់ពីអារម្មណ៍កីឡាករ អំពីការសម្រេចចិត្ត និងលទ្ធផល ប៉ុន្តែក្នុងនាមជាក្លិបបាល់ទាត់អាជីព និងកីឡាករអាជីព គឺយើងនឹងព្យាយាមដោះស្រាយរាល់ការតវ៉ាទាំងអស់ជាផ្លូវការពោលគឺក្រោយចប់ការប្រកួតកីឡាករ និងមន្ត្រីត្រូវការចាប់ដៃគ្នាដែលជារូបភាពគម្រូដល់សង្គម»។ ភ្នំពេញក្រោន បញ្ជាក់។
អត្ថបទពាក់ព័ន្ធ៖ពានរង្វាន់ Cambodian Super Cup ៣លើក លទ្ធផលបញ្ចប់ទៅទាត់បញ្ជូលទីគ្នា៣គ្រាប់ដូចគ្នា
ក្លិបបានថ្លែងអរគុណភាគីពាក់ព័ន្ធដែលបានបង្ហាញទស្សនៈរៀងៗខ្លួនជុំវិញករណីនេះថា៖«ជាចុងក្រោយ សូមអរគុណដល់បណ្តាញសារព័ត៌មាន ក្រុមអ្នកវិភាគ និងអ្នកស្នេហាកីឡាបាល់ទាត់ទាំងអស់ ដែលបានបញ្ចេញមតិក្នុងព្រឹត្តិការណ៍នេះ វាពិតជាសក្ខីភាពមួយបង្ហាញអំពីចំណេះដឹងកីឡាក៏ដូចជាចំណាប់អារម្មណ៍កាន់តែកើនឡើងក្នុងវិស័យបាល់ទាត់។ ចំពោះ យើងទាំងអស់គ្នាដែលជាកីឡាករ និងមន្រ្តីរបស់ក្លិបភ្នំពេញក្រោន នឹងមិនមានមតិឬយោបល់បន្ថែមលើបញ្ហានេះទេក្រៅពីសេចក្តីថ្លែងការណ៍របស់ក្លិបដែលបានផ្សព្វផ្សាយជូនជាសាធារណៈនេះ»។
សូមបញ្ជាក់ថានេះជាលើកដំបូងហើយក្នុងឆ្នាំ២០២៣ ដែលក្រុមបាល់ទាត់ភ្នំពេញក្រោន រងបរាជ័យ ខណៈប្រកួតពេញក្នុងពានរង្វាន់ Cambodian League Cup ៩ប្រកួតចាប់ពីវគ្គចែកពូលដល់វគ្គផ្ដាច់ព្រ័ត្រ ភ្នំពេញក្រោន ឈ្នះទាំង៩ប្រកួត បូកទាំងប្រកួតមិត្តភាពអន្តរជាតិកម្តៅសាច់ដុំ Pre-Season ចំនួន៥លើក នៅក្រៅប្រទេសឈ្នះ២លើកនិងស្មើគ្នា៣លើក៕