ជំនួប​រវាង​​ម្ចាស់​ផ្ទះ​ព្រះខ័នរាជស្វាយរៀង ទល់​ក្រុម​ម្ចាស់​ជើង​ជើង​ឯក​ឆ្នាំ​ចាស់​ភ្នំពេញក្រោន នៅ​សប្ដាហ៍​ទី២ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​២០២៣-២៤ (Cambodian Premier League 2023-24) បាន​បញ្ចប់​ទៅ​នៅ​រាត្រី​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ ស្រប​ពេល​ដែល​ម្ចាស់​ផ្ទះ​យក​ឈ្នះ​ដោយ​លទ្ធផល​២-១ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។

ករណី​ប៉ះ​គ្នា​ចុង​ម៉ោង​រវាង​​ខ្សែការពារ សឿយ វិសាល របស់​ព្រះខ័នរាជស្វាយរៀង និង​ខ្សែបម្រើ ឡុង ភារ៉ាត់
របស់​ភ្នំពេញក្រោន នៅ​មុខ​ទី​ខាង​ក្រុម​ម្ចាស់​ផ្ទះ ត្រង់​នាទី​​៩៥:០៨ នៃ​ការប្រកួត ស្រប​ពេល​លោក​អាជ្ញាកណ្ដាល ឃួន វីរៈ សម្រេច​ផ្ដល់​បាល់​ Free-Kick ទៅ​អោយ​ភ្នំពេញក្រោន។ ឯ​អ្នកគាំទ្រ​ខ្លះ​លើក​ឡើង​ថា​គួរ​តែ​ផ្ដល់​បាល់​ប៉េណាំងទី​១១​ម៉ែត្រ។

រំលង​១ថ្ងៃ លោក កែវ សុខង៉ន អ្នកចាត់ការ​ក្រុម​ភ្នំពេញក្រោន បាន​សរសេរ​សារ​លើ​គណនី​ហ្វេសប៊ុក​លោក បន្សាប​ការ​វែកញែក​របស់​អ្នក​គាំទ្រ​ថា៖«បាល់ទាត់​មាន​ចាញ់​មាន​ឈ្នះ ចប់​ការ​ប្រកួត​នៅ​តែ​គ្រួសារ​បាល់ទាត់។ តែ​ពេល​ចាញ់​ការ​ប្រកួត​យើង​តែង​ខក​ចិត្ត​បន្តិច​។ អ្វីដែរ​យើង​ឈ្នះ ឃើញ​ថា​សន្ទុះ​ការ​គាំទ្រ​ ក្លិប​បាល់ទាត់​ភ្នំពេញក្រោន នឹង​ក្លិប​បាល់ទាត់លីកកំពូលផ្សេងៗកើនឡើងយ៉ាង​ខ្លាំង​មិន​ថា​នៅកីឡដ្ឋាន​ផ្ទាល់​ ឬតាម​ FB live។ ជា​ពិសេស​ទៅ​ទៀត​មាន​ការ វិភាគ​ពី​បាល់ទាត់​ជា​ច្រើន​ផង​ដែរ​តាម​ page ជាច្រើន ចុះ​ផ្សាយ​ពី​ (ភ្នំពេញក្រោន)។ យើងខ្ញុំ​ជា​ថ្នាក់​ដឹកនាំ​ពិត​ជា​អរគុណ និង សប្បាយ​ចិត្ត​ដែល​ជួយ ផ្សព្វផ្សាយ អោយ​បងប្អូន​យល់​ដឹង​និង​គាំទ្រ​បាល់ទាត់​អោយ​បាន​ច្រើន​ថែម​ទៀត»។

លោក កែវ សុខង៉ន និង​លោកគ្រូបង្វឹក Oleg Starynskyi

ក្រុម​បាល់ទាត់​ភ្នំពេញក្រោន រង​បរាជ័យ​ជា​លើក​ដំបូង ក្នុង​ឆ្នាំ​២០២៣ នេះ ក្រោយ​ប្រកួត​ពានរង្វាន់ Cambodian League Cup ៩ប្រកួត​ចាប់​ពី​វគ្គ​ចែក​ពូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ឈ្នះ​ទាំង​៩​ប្រកួត បូក​ទាំង​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្តៅសាច់ដុំ Pre-Season ចំនួន​៥លើក នៅ​ក្រៅ​ប្រទេស​ឈ្នះ​២​លើក​និង​ស្មើ​គ្នា​៣​លើក។

អត្ថបទពាក់ព័ន្ធ៖អតីតកីឡាករព្រះខ័នរាជស្វាយរៀង ជួយឲ្យ Young Elephants គ្រងជើងឯកលីគកំពូលឡាវ​

ក្រុមភ្នំពេញក្រោន

អតីត​សមាជិក​ជម្រើស​ជាតិ​កម្ពុជា រូប​នេះ​​បាន​ចូលរួម​អបអរសាទរ ព្រះខ័នរាជស្វាយរៀង ដែល​រក​បាន​ជ័យជម្នះ ខណៈ​លោក​បញ្ជាក់​ពី​ភារកិច្ច​របស់​ក្រុម​ខ្លួន​ថា៖«យើង​ត្រូវ​មាន​ភារកិច្ច​ធំមួយ​ទៀត​ដែល​ត្រូវ​ធ្វើ ជា​ការ​ប្រកួត​តំណាង​អោយ​ប្រទេស​កម្ពុជា យើង​គឺ AFC Cup នៅថ្ងៃទី១៦ ខែ សីហា។ សង្ឃឹម​ថា page ទាំង​អស់​ជួយ​ផ្សាយ​បន្ថែម ! see u at smart RSN Stadium»។

អត្ថបទពាក់ព័ន្ធ៖សមាជិកលីគកំពូលកម្ពុជា ទាំងអស់ទទួលបានអាជ្ញាបណ្ឌពីសហព័ន្ធបាល់ទាត់អាស៊ីជាប្រវត្តិសាស្រ្ត

​ភ្នំពេញក្រោន ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៣ ជា​ក្រុម​​តែ​១​គត់​តំណាង​ឱ្យ​កម្ពុជា បង្ហាញ​ខ្លួន​ក្នុង​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី AFC Cup 2023-24 ដោយ​ចូល​​ជម្រុះ Preliminary stage វគ្គRound 2 តំបន់​អាស៊ាន ដោយ​ត្រូវ​ទទួល​ក្រុម​ខ្លាំង​របស់​ឡាវ Young Elephants នៅ​វេលា​ម៉ោង​​៦​ល្ងាច​ថ្ងៃ​ពុធ ទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ លើ​ទីលាន​កីឡដ្ឋាន Smart RSN ក្នុង​រាជធានី​ភ្នំពេញ។

អត្ថបទពាក់ព័ន្ធ៖AFC Cup៖ ភ្នំពេញក្រោន ប៉ះ Young Elephants របស់​ឡាវ ខណៈ​Tampines Rovers អង្គុយចាំ

ក្រុម​ឈ្នះ​វគ្គ​Round 2 តំបន់​អាស៊ាន​នេះ​ទទួល​សិទ្ធិ​ឡើង​ទៅ​ប្រកួត ​Play-off round ទល់​ក្លិប Tampines Rovers របស់​សិង្ហបុរី ដែល​កំពុង​អង្គុយចាំ នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ លើ​ទីលាន​កីឡដ្ឋាន​ Jalan Besar Stadium ហើយ​អ្នក​ឈ្នះ​មាន​ឈ្មោះ​បន្ត​ទៅ​វគ្គ​ចែក​ពូល៕

Share.