សិល្បៈ​ជាតិ​៖ ជីវិត​លោក​ កា បញ្ញាសិទ្ធ ​មួយ​រយៈ​កន្លង​មក​ហាក់​ធ្លាក់​ដុនដាប ​និង​ជួប​បញ្ហា​ផ្ទួន​ៗ​ ជា​ពិសេស​គឺ​បញ្ហា​ជំងឺ​ម្ដាយ​ ​ប៉ុន្តែ​ពេល​នេះ​ស្ថានភាព​លំបាក​ហាក់​បាន​ធូរ​ស្រាល​ លោក​អាច​វិល​ត្រលប់​មក​ចូល​ប្រឡូក​ក្នុង​សិល្បៈ​វិញ​និង​ទទួល​បាន​ការងារ​ជា​ហូរហែរ​។​ ជា​ការ​កត់​សម្គាល់​មិន​ត្រឹម​តែ​ការងារ​សិល្បៈ​សម្ដែង​ ​ឬ​ ​ថត​​ប្រូម៉ូត​​ផលិតផល​​ផ្សេងៗ​​ដើម្បី​​រក​​ប្រាក់​​ចំណូល​​​ដើម្បី​ជួយ​​ផ្គត់​ផ្គង់​ម្ដាយ​​ឪពុក​ចាស់​​ជរា​​ឱ្យ​​បាន​ប្រសើរ​នោះ​ទេ​ លោក​ថែម​ទាំង​សន្សំ​បាន​ប្រាក់​​មួយ​ចំនួន​បើក​បាន​ហាង​លក់​គ្រឿង​សមុទ្រ​និង​ម្ហូប​កុ​ម្មង់​ផ្ទាល់​ខ្លួន​តូច​មួយ​ ដើម្បី​រក​ចំណូល​បន្ថែម​ដើម្បី​សម្រួល​ជីវភាព​គ្រួសារ​។

ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃខួប​កំណើត​ខ្លួន​​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២៣ ​លោក​បាន​ឱ្យ​ដឹងថា​ លោក​យក​ឱកាស​​នេះ​បើក​សម្ពោធ​ហាង​ជា​ផ្លូវការ​តែ​ម្ដង​។ បុរស​សង្ហា​ញញឹម​ស្រស់​រូប​នេះ​បាន​ឱ្យ​ដឹង​ដែរថា​ ប្រាក់​បើក​ហាង​នេះ​គឺ​បាន​មក​ពី​ការ​សន្សំ​លុយ​បាន​ខ្លះ​និង​មាន​សល់​ខ្លះ​ៗ​​ ​ពី​ការ​ព្យាបាល​ជំងឺ​​ម្តាយ​ ​ដោយ​លោក​អាច​ប្រមូល​ដើម​ទុន​បាន​ប្រមាណ​ជិត​៤​ពាន់​ដុល្លារ​។​ហាង​លក់​គ្រឿង​សមុទ្រ​របស់​​លោក​​ស្ថិត​នៅ​ចំហៀង​ផ្សារ​រតនា​ផ្លាហ្សា​បឹង​ត្របែក​ ​ដែល​មាន​យីហោ​ “ឆ្នេរកែប​”​ លក់​គ្រឿង​សមុទ្រ​ធម្មជាតិ​។​ ​ហាង​តូច​នេះ​ មិន​មែន​គាត់​អាច​បើក​តែ​ម្នាក់​ឯង​នោះ​បាន​ទេ​គឺ​មាន​បងស្រី​ធម៌​ម្នាក់​ទៀត​ ​គាត់​ចូលរួម​ ​និង​​ចាំ​ជួយ​ក្នុង​ការ​គ្រប់គ្រង​ផង​ដែរ​។ ​ថៅកែ​ថ្មោង​ថ្មី​រូប​នេះ​អះអាង​ថា​ ទោះ​​ជា​​ខ្លួន​​មមាញឹក​ពី​ការងារ​សិល្បៈ​យ៉ាងណា​ក្ដី​​ ​ក៏​​រូប​លោក​នៅ​តែ​ខំ​ប្រឹង​និង​ឆ្លៀត​​ពេល​​រកស៊ី​ផង​ដែរ​ ​លោក​មិន​អាច​ខំ​រក​តែ​មួយ​មុខ​នោះ​ ព្រោះ​រូប​លោក​ជា​ជំហរ​សម្រាប់​ឪពុកម្តាយ​ ​ដូច្នេះ​​ហើយ​​ទំនួល​ខុស​ត្រូវ​ខ្ពស់​ ​ដែល​​ធ្វើ​​ឱ្យ​​គ្មាន​ពាក្យ​ថា ​“ហត់”​ ឡើយ​សម្រាប់​រូប​លោក​។ ​ 

បញ្ញសិទ្ធ​ក៏​បាន​រំលឹក​ពី​ពាក្យ​ពេចន៍​ផ្ដែផ្ដាំ​ ដ៏​មាន​ន័យ​របស់​ សម្តេច​តេជោ​ដែល​ធ្លាប់​ប្រាប់​​ឱ្យ​​លោក​ខំ​តស៊ូ​មក​​ធ្វើ​ការងារ​ស្រុក​ខ្មែរ​វិញ​ហើយ​ក៏​បាន​ប្រាប់​ទៀត​ថា ​ពេល​បាន​លុយ​ត្រូវ​យក​បង្កើត​លុយ​ ដែល​ជា​ហេតុ​នាំ​លោក​ខំ​ប្រឹង
​​រក​លុយ​មក​បើក​រកស៊ី​លក់ដូរ​បន្តិច​បន្តួច​ដើម្បី​ក្រុម​គ្រួសារ​របស់​លោក​។ ​ជាមួយ​គ្នា​នោះ​ លោក​ក៏​អរគុណ​បងស្រី​ធម៌​របស់​លោក​ដែល​កន្លង​មក​និង​ពេលនេះ​ជួយ​ជម្រុញ​​លើក​ទឹក​ចិត្ត​លោក​ដោះស្រាយ​បញ្ហា​និង​ងាក​មក​រកស៊ី​លើ​មុខ
របរ​គ្រឿង​សមុទ្រ​នេះ​។ ​លោក​ក៏​សូម​អំពាវ​នាវ​ដល់​ឪពុក​ម៉ែ​បងប្អូន​មហាជន​ទាំង​ ​ជា​ពិសេស​មិត្ត​សិល្បៈ​ទាំងអស់​ សូម​ជួយ​គាំទ្រ​ដល់​រូប​លោក​ផង​មក​ជួយ​ទិញ​គ្រឿង​សមុទ្រ​ធម្មជាតិ​ល្អ​ៗ​ ហើយ​តម្លៃ​ធូរ​ថ្លៃ​ទៀត​។ ​ចង់​កម្ម៉ង់​ធ្វើ​ឱ្យ​ឆ្អិន​ក៏​មាន​ដែរ​។

​ទន្ទឹម​នឹង​នេះ​​ លោក​គ្រោង​នឹង​បើក​សាខា​ថ្មី​មួយ​សម្រាប់​ប្អូន​ស្រី​លោក​និង​ម្តាយ​របស់​លោក​ ​មួយ​កន្លែង​ដែរ​ ​ដោយ​ពេល​នេះ​​កំពុង​សិក្សា​ចង់​បើក​នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​ដែល​ជា​ផ្ទះ​របស់​លោក​នៅ​ទីនោះ​ផង​ដែរ​។ ​សូម​បញ្ជាក់​ថា​ ​កាល​ពី​ដើម​ឆ្នាំ​២០២៣​ស្រប​ពេល​លោក​ធ្លាក់​ខ្លួន​ ស្រាប់​តែ​ស្ថានភាព​ម្តាយ​របស់​លោក​ខ្លួន​ធ្លាក់​ឈឺ​ធ្ងន់ធ្ងរ​ដោយ​តម្រូវ​រក​លុយ​វះ​កាត់​រាប់​ម៉ឺន​ដុល្លារ​ព្រោះ​មាន​ ជម្ងឺ​គ្រោះ​ក្នុង​តម្រង់​នោម​ ​និង​គ្រោះ​ក្នុង​ពោះវៀន​ ​ដែល​ជា​ជម្ងឺ​ចំបង​ ​ប៉ុន្តែ​ពេល​នោះ​ ក៏​អគុណ​យ៉ាង​ខ្លាំង​ដល់​មហាជន​អ្នក​គាំទ្រ​អាណិត​អាសូរ​ ​បណ្តា​មិត្ត​សិល្បៈ​ ​និង​រាម​ច្បង​ ដែល​ឧបត្ថម្ភ​ជួយ​ដល់​លោក​ ​ជា​ពិសេស​ ​សម្តេច​តេជោ​ ដែល​បាន​ផ្តល់​ថវិកា​យ៉ាង​ច្រើន​អាច​មាន​លទ្ធភាព​យក​ម្តាយ​ទៅ​ព្យាបាល​នៅ​ថៃ​ទាន់​ពេល​វេលា​ទើប​អាច​ល្អ​ប្រសើរ​បាន​មក​ដល់​ថ្ងៃ​នេះ​។​​

នៅ​ពេល​នេះជីវិត​លោក​ បាន​ល្អ​ប្រសើរ​មាន​ការងារ​ពេញ​លេញ​ ​ដែល​អាច​ធ្វើ​ឱ្យ​លោក​ បញ្ញាសិទ្ធ ​សម្រេច​តាម​ក្តី​ប្រាថ្នា​​បាន​ មាន​លទ្ធភាព​បើក​ហាង​លក់​គ្រឿង​សមុទ្រ​មួយ​កន្លែង​ ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ​១៥៦​D​ផ្លូវ​លេខ​១០៥​កែវ​ផ្លូវ​៥៦៦​ភូមិ​៨​ក្រុម​២៧​សង្កាត់​បឹង​ត្របែក​១​ខណ្ឌ​ចំការមន​រាជធានី​ភ្នំពេញ​។ ​ចំពោះ​​បងប្អូន​ដែល​ចង់​ជួយ​គាំទ្រឬ​ភ្លក់​អាហារ​សមុទ្រ​ស្រស់​ៗ​​អាច​កម្ម៉ង់​បាន​តាមរយៈ​ពេល​ 070 86 13 13 / 077 86 13 13 / 096 54 42 644​៕

Share.