ភ្នំពេញ៖ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣  វេលាម៉ោង១៣ និង១០នាទី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិ៤ សង្កាត់ បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃពីបុរសម្នាក់ បណ្តាល ឱ្យជនរងគ្រោះដួលទៅលើថ្នល់រងរបួសកែងដៃស្តាំ ជង្គង់ស្តាំ ចំក្បាលជាំហើមផ្នែកខាងក្រោយ ស្ថិតនៅចំណុចមុខមន្ទីរ ពេទ្យចក្រ្កា ផ្លូវលេខ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣។

ជនសង្ស័យទាំងពីរនាក់ ទី១. ឈ្មោះ ប៊ុន ម៉ៅ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ ភ្នំពេញថ្មី  ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ ហេង ចាន់ន្នី ភេទប្រុស អាយុ៤១ ឆ្នាំជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ ខ្មៅ បិតតែមរូបភាពចំរុះពណ៌ស-ក្រហម ពាក់ផ្លាកលេខភ្នំពេញ១HI-៩៧៥៧ ចំនួន០១ គ្រឿង ,ទូរសព្ទ័ដៃម៉ាក សាំសុង ពណ៌ខ្មៅ ចំនួន០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.