មុនចាប់ផ្ដើមជជែកអំពីហេតុផលដែលនាំឲ្យមានសីលធម៌ធ្លាក់ចុះ យើងគួរសិក្សាអំពីពាក្យគន្លឹះមួយចំនួនដូចជាពាក្យថា សីលធម៌,សុជីវធម៌ និងគុណធម៌ជាមុនសិន។ ពាក្យទាំងបីម៉ាត់នេះមានគុណតម្លៃណាស់នៅក្នុងសង្គមខ្មែរ ហើយត្រូវបានចាត់ទុកជាសេចក្តីល្អក្នុងដំណើរជីវិត ប្រសិនបើបុគ្គលប្រព្រឹត្តឬប្រកាន់ខ្ជាប់ខ្ជួនតាមអត្ថន័យពិតប្រាដក។ សុជីវធម៌ សីលធម៌ និងគុណធម៌ កើតចេញពីមូលដ្ឋាននៃបញ្ញត្តិសុភាវធម៌។ សុភាវធម៌ ជាក្រឹត្យក្រមអប់រំមនុស្សឱ្យមានដំណើរជីវិតរស់នៅល្អប្រពៃ។

១.និយមន័យ៖
១.១.សីលធម៌៖ សីលធម៌ ឬសីលធម្ម មានន័យថា កិរិយាមារយាទ, សណ្ដាប់ធ្នាប់ ដំបូន្មានដែលនាំឱ្យចៀសវាងអំពើអាក្រក់ ប្រព្រឹត្តតែអំពើល្អប្រកបដោយសីលធម៌។ សីលធម៌ សម្តៅទៅលើភាពត្រឹមត្រូវរបស់មនុស្សដែលប្រកាន់ខ្ជាប់ក្នុងចិត្ត ទោះជាមានអ្នកដទៃដឹង ឬមិនដឹងក៏ដោយ។ ជាក់ស្តែងដូចជាការតាំងចិត្តមិនធ្វើអំពើអាក្រក់ ឬមិនប្រព្រឹត្តទង្វើមិនគប្បីណាមួយទាំងកាយ វាចា និងចិត្ត ដែលបង្កការឈឺចាប់ដល់អ្នកដទៃ។ ផ្អែកតាមវចនានុក្រមខ្មែរ បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
១.២.សុជីវធម៌៖ សុជីវធម៌ សម្តៅដល់ការរស់នៅដោយល្អ គឺចំណេះ, មានសណ្ដាប់ធ្នាប់, ការដឹងប្រមាណគួរសមក្នុងកិច្ចការប្រាស្រ័យជាមួយនឹងអ្នកដទៃ។ សុជីវធម៌ សម្តៅលើឥរិយាបថរបស់សុភាពរាបសារ កាយវិការសមរម្យ ស្គាល់កាលវេលា ចេះគួរសមឱនលំទោនគោរពចាស់ទុំ មានវាចាផ្អែមពីរោះ រស់នៅសង្គមទទួលស្គាល់និងផ្តល់តម្លៃ ព្រមទាំងមានឥរិយាបថគាប់ភ្នែកអ្នកផង មិនប្រើសម្តីគំរោះគំរើយ ឬស្តាប់ទៅមិនស្រួលត្រចៀក។ ផ្អែកតាមវចនានុក្រមខ្មែរ បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
១.៣.គុណធម៌៖ គុណធម៌ ផ្តោតលើអំពើល្អអាក្រក់ បុណ្យបាបដែលបុគ្គលប្រព្រឹត្ត។ គុណធម៌ជាសេចក្ដីល្អ, សេចក្ដីបរិសុទ្ធ, សេចក្ដីអាណិត, សណ្តោសប្រណី។ អាចនិយាយបានម្យ៉ាងទៀតថា គុណធម៌ មានដូចជាការជួយយកអាសារគ្នាដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន មិនប្រកាន់រើសអើងវណ្ណៈ ពណ៌សម្បុរ ឬពូជសាសន៍អ្វីទាំងអស់។ បុគ្គមានគុណធម៌ រមែងការគោរពដោយសន្ដោសអត់ឱន មិនច្រណែន មិនព្យាបាទ មិនគុំកួន មិនធ្វើបាប ចេះយោគយល់អធ្យាស្រ័យដោយសេចក្តីមេត្តា ចេះលះបង់ និងចេះជួយគ្នាក្នុងគ្រាក្រលំបាក។
២.តើមូលហេតុអ្វីដែលនាំឲ្យសង្គមខ្មែរមានការធ្លាក់ចុះនៅសីលធម៌? យើងមិនវាយតម្លៃថាធ្លាក់ឬចុះនោះទេ ព្រោះនៅកម្ពុជាហាក់ដូចជាមិនមានការស្រាវជ្រាវនិងតួលេខជាក់លាក់ទៅលើចំណុចនេះ។ ប៉ុន្ដែយើងអាចកត់សម្គាល់បានតាមរយៈសកម្មភាព និងការផ្សព្វផ្សាយមួយចំនួនបានលេចឡើងនូវរូបភាព ដូចជា យុវវ័យបានប្រើប្រាស់អំពើហិង្សាកើនឡើងតាមរយៈ បងតូច-បងធំ (កាប់ចាក់គ្នានៅតាមដងផ្លូវ) អំពើឃាតកម្មឃោឃៅ ករណីរំលោភសេពសន្ធវៈ ការមិនគោរពចាស់ទុំ ការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ នៅលើបណ្ដាញសង្គម ការជេរប្រមាថ បរិហាកេរ្តិ៍ ជាដើម។ ទន្ទឹមនឹងនេះ មនុស្សមួយចំនួនហាក់ខ្វល់ខ្វាយទៅនឹងជីវិតឯកជនរបស់គេ វែកញ៉ែកមិនចេះចប់ហាក់ដូចជាកំពុងដឹងរឿងគេគ្រប់រឿងជាដើម។ សកម្មភាពទាំងនេះអាចវាយតម្លៃបានពីចំណុចមិនប្រសើរនៃសីលធម៌ និងសុជីវធម៌នៅក្នុងសង្គម។

ហេតុផលដែលនាំឲ្យកើតមានសកម្មភាពខាងលើនេះ អាចដើមចេញពីទម្លាប់មិនល្អនៅក្នុងគ្រួសារ អំពើពុករលួយដែលរីករាលដាលនៅក្នុងសង្គម កង្វះការអប់រំ និងភាពក្រីក្រ (ដុំបាយសំខាន់ជាងសីលធម៌) ជាដើម។ ទាំងនេះជាទស្សនៈរមែងកើតមាននៅក្នុងសង្គមខ្មែរមួយចំនួន។ អំពើពុករលួយបានសាយភាយចូលគ្រប់ផ្នែកនៃសង្គម (តើធ្វើការកន្លែងនោះ…មាន…ជាពាក្យនិយាយយ៉ាងសាមញ្ញនៅក្នុងសង្គម) បំផ្លាញការទុកចិត្ត និងតម្លៃសីលធម៌ជាដើម។ កង្វះលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព តាមរយៈវិន័យគ្រួសារ និងសាលារៀន បានបណ្តាលឱ្យជំនាន់មួយ ខ្វះការណែនាំ ឈានទៅវិបត្តិសីលធម៌នៅកម្ពុជា។
៣.តើធ្វើដូចម្ដេចដើម្បីលើកតម្កើងសីលធម៌ឡើងវិញ? ជាទស្សនៈរបស់ខ្ញុំ គឺខ្ញុំមិនមែនជាអ្នកជំនាញនោះទេ គ្រាន់តែព្យាយាមរំលេចនូវចំណុចមួយចំនួនដើម្បីចូលរួមដោះស្រាយ គឺគន្លឹះនៃការស្តារសីលធម៌ឡើងវិញ ដើម្បីក្លាយជាពលរដ្ឋគំរូនៃប្រទេសកម្ពុជា គឺត្រូវបណ្ដុះផ្ដត់គំនិតមនុស្សឲ្យចេះអាណិតអាសូរ និងការយល់ចិត្តចំពោះអ្នកដទៃ ដោយផ្ដើមចេញពីខ្លួនយើង គ្រួសារ ហើយសាយភាយដល់សង្គម។ តាមរយៈការប្រព្រឹត្តចំពោះអ្នកដទៃដោយចិត្តសប្បុរស និងការយោគយល់ យើងអាចបង្កើតអារម្មណ៍នៃការរួបរួម និងសុខដុមក្នុងសង្គមរបស់យើង។ លើសពីនេះ ការលើកកម្ពស់ការអប់រំ និងការយល់ដឹងអំពីតម្លៃសីលធម៌អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំបុគ្គលឆ្ពោះទៅរកការសម្រេចចិត្តប្រកបដោយក្រមសីលធម៌។ វាមានសារៈសំខាន់ណាស់ក្នុងការលើកទឹកចិត្តឱ្យមានការពិភាក្សាបើកចំហ និងការពិភាក្សាអំពីបញ្ហាសីលធម៌ ព្រោះនេះអាចជួយបុគ្គលម្នាក់ៗឱ្យអភិវឌ្ឍជំនាញការគិតប្រកបដោយការរិះគន់ និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីភាពត្រឹមត្រូវ និងខុស។ ជាចុងក្រោយ ការជំរុញស្មារតីសហគមន៍ និងទំនួលខុសត្រូវរួមអាចផ្តល់សិទ្ធិអំណាចដល់បុគ្គលម្នាក់ៗក្នុងការរួមចំណែកយ៉ាងសកម្មដល់ការកែលម្អប្រទេសកម្ពុជា និងលើកកម្ពស់តម្លៃសីលធម៌ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។

៣.១.គ្រួសារ៖ ឪពុកម្ដាយ ឬអាណាព្យាបាលត្រូវផ្ដើមធ្វើជាបុគ្គលល្អដល់កូនៗ ដោយធ្វើជាអ្នកប្រៀនប្រដៅកូនប្រកបដោយសីលធម៌ សុជីវធម៌ និងគុណធម៌។ មានន័យថាឪពុកម្ដាយផ្ដើមពីការចេះគោរពស្រឡាញ់ក្រុមគ្រួសារប្រកបដោយសេចក្ដីស្មោះត្រង់ និងបង្ហាញពីសកម្មភាពទាំងឡាយណាឲ្យក្លាយជាមនុស្សចេះទទួលខុសនិងត្រូវ ទើបកូនយកជាគំរូតាម។
៣.២.សាលារៀន៖ រាប់ចាប់តាំងពីមតេយ្យ រហូតដល់វិទ្យាល័យ គឺត្រូវបណ្ដុះក្មេងឲ្យស្គាល់ខុសនិងត្រូវ ល្អនិងអាក្រក់។ ប្រព័ន្ធអប់រំដែលបានចំណាយពេល១២ឆ្នាំ ត្រូវបណ្ដុះផ្នត់គំនិតឲ្យសិស្សានុសិស្សយល់ឲ្យកាន់តែច្បាស់អំពីតួនាទីបុគ្គលម្នាក់ៗ ដូចជាតួនាទីជាកូនល្អ បង ប្អូនល្អ មិត្តភក្រល្អ រហូតដល់ការកាន់កាប់តួនាទីណាមួយនៅកន្លែងធ្វើការឲ្យក្លាយជាបុគ្គលិកល្អ។ តួនាទីល្អ គឺជាកត្តសំខាន់ដែលក្មេងៗត្រូវយល់ដឹងភ្ជាប់នូវផ្នត់គំនិត ហើយអ្វីដែលសំខាន់កុំភ្លេចបញ្ចូលវិន័យនិងច្បាប់មួយចំនួនឲ្យពួកគេបានយល់ដឹងផងដែរ។

៣.៣.សង្គមល្អ៖ សង្គមល្អកើតឡើងបានល្គឹកណាកើតចេញពីបុគ្គលម្នាក់ៗ និងក្រុមក្រុមគ្រួសារនិមួយៗ។ ដូច្នេះសង្គមល្អអាស្រ័យផងដែរទៅលើវិន័យគ្រួសារ និងច្បាប់សង្គម ត្រូវតែពង្រឹងនិងពង្រីកឲ្យបានម៉ឺងម៉ាត់ លប់បំបាត់និទណ្ឌភាពមិនល្អទាំងឡាយដើម្បីធ្វើសង្គមមួយប្រកបដោយការទទួលខុសត្រូវខ្ពស់។
៣.៤.រាជរដ្ឋាភិបាល៖ រាជរដ្ឋាភិបាលគឺជាឪពុកម្ដាយរួមរបស់ប្រទេសមួយ ម៉្លោះហើយឪពុកម្ដាយ ត្រូវធ្វើជាគំរូល្អនិងមានវិន័យខ្ពស់ជាងសាមញ្ញជនទើបធ្វើឲ្យកូនៗខ្លបខ្លាចភាពជាគំរូ និងការអនុវត្តច្បាប់ជាដើម។
៤.សន្និដ្ឋាន៖ គ្មានអ្វីដែលត្រូវបន្ទោសលើនរណាម្នាក់នោះទេ អ្វីៗត្រូវចាប់ផ្ដើមពីខ្លួនយើង គ្រួសារយើង ទើបសង្គមជាតិរឹងមាំប្រកបដោយសីលធម៌ សុជីវធម៌ និងគុណធម៌។ មនុស្សម្នាក់ៗត្រូវចាប់ផ្ដើមធ្វើជាមនុស្សគំរូ ដូចជាកូនល្អ បងប្អូនល្អ មិត្តភក្រល្អ បុគ្គលិកល្អ ប្ដី ប្រពន្ធល្អ និងជាម្ដាយឪពុកល្អ នោះនឹងបង្កើតនូវផ្នត់គំនិតនៃសីលធម៌ល្អ ការបង្ហាញនូវសកម្មភាព នៃសុជីវធម៌ល្អ ព្រមទាំងគុណធម៌ ព្រោះតែការប្រព្រឹត្តិស្គាល់នូវអំពើល្អ អាក្រក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់សម្រាប់រូបវ័ន្ដបុគ្គល…៕ ចុះអ្នកវិញ?
អត្ថបទ៖ ប៊ិន ប៊ុណ្ណា
ប្រភព៖ រូបភាពបរទេស

