ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួន បន្ទាប់ពីប្រើញញួរវាយទៅលើម្ចាស់ការងារ បណ្តាលឲ្យរងរបួសក្បាលដេរចំនួន៩ថ្នេរ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខរោងចក្រមួយ ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជា កណ្ណារដ្ឋ អាយុ៣៨ឆ្នាំ មុខរបរកម្មករជាងដែក បានមានជម្លោះជាមួយជនរងគ្រោះឈ្មោះ ហុង ឆៃយ៉ា អាយុ៣០ឆ្នាំ ជាងដែក ពាក់ព័ន្ធការទាមទារលុយពលកម្ម។ ខណៈកំពុងធ្វើការផ្សារដែក ជនសង្ស័យបានស្ទុះយកញញួរវាយទៅលើក្បាលជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានរត់គេចខ្លួនពីកន្លែងកើតហេតុ។

ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាននៅផ្ទះរបស់ខ្លួន ព្រមទាំងដកហូតវត្ថុតាងញញួរ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព ដេររបួសក្បាលចំនួន៩ថ្នេរ ហើយបានដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។
អត្ថបទ៖ សេង សាវី

