សិល្បៈជាតិ៖ មុនបន្តិចនេះ ពិតជាផ្អើលព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក នៅពេលដែលអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia បានប្រកាសថា ស្រីស្អាតបវរកញ្ញាទាំង ៥ រូបរបស់ Miss Grand Cambodia ត្រៀមថតភាពយន្តថ្មីមួយរបស់ផលិតកម្ម LD នាពេលខាងមុខនេះ។

កញ្ញា សោម សារ៉ាពេជ្រ Vice President of Miss Grand Cambodia 2023 បានបង្ហោះឱ្យដឹងថា ខាងស្ថាប័ន Miss Grand Cambodia នឹងធ្វើការសហការថតខ្សែភាពយន្តខ្នាតធំមួយជាមួយផលិតកម្ម LD ដែលក្នុងនោះមានការចូលរួមសម្ដែងពីកញ្ញា ភឹម ស្រីនោ ជាម្ចាស់មកុដ កញ្ញា កុយ អេនណា ម្ចាស់ជ័យលាភីលំដាប់រងទី ១ កញ្ញា អ៊ិន លក្ខិណា ម្ចាស់ជ័យលាភីលំដាប់រងទី ២ កញ្ញា ស៊ូ ស្រីនីត ម្ចាស់ជ័យលាភីលំដាប់រងទី ៣ និងកញ្ញា ម៉ែន ណងនីត ម្ចាស់ជ័យលាភីលំដាប់រងទី ។
ជាមួយគ្នានោះដែរ ផលិតកម្ម LD ក៏បានចូលរួមប្រកាសពីដំណឹងនេះនៅលើបណ្ដាញសង្គមដែរថា ៖ «រីករាយសម្រាប់ការសហការរវាងស្ថាប័ន Miss Grand Cambodia និង ផលិតកម្ម LD ក្នុងការផលិតខ្សែភាពយន្តដែលគ្រោងនឹងចាក់បញ្ចាំងនៅលើរោងភាពយន្តនិង App Angkor DC » ។
គួរដឹងថា មុនពេលចូលមកប្រកួត កញ្ញា ម៉ែន ណងនីត ធ្លាប់ជាតារាសម្ដែងស្រាប់ទៅហើយ នៅឡើយតែកញ្ញា ភឹម ស្រីនោ កញ្ញា កុយ អេនណា កញ្ញា អ៊ិន លក្ខិណា និងកញ្ញា ស៊ូ ស្រីនីត ដែលនៅមិនទាន់បានបង្ហាញសមត្ថភាពក្នុងសម្ដែងឱ្យមហាជនបានទស្សនា។
យ៉ាងណាមិញ សាច់រឿង ខ្លឹមសាររឿង និងថ្ងៃបរិច្ឆេទដំណើរការថតខ្សែភាពយន្តនេះ នៅមិនទាន់បានទម្លាយឱ្យមហាជនបានដឹងនោះទេ ។ បើមានអ្វីថ្មីបន្ថែមនោះ សារព័ត៌មានត្រយងនឹងជម្រាបជូនបន្ថែមនាពេលខាងមុខបន្តទៀត៕





