ប្រភពព័ត៌មានបានប្រាប់សារព័ត៌មាន Wall Street Journal ថា លោក ស៊ី ជិនភីង មិនបានចូលរួមពិធីលៀងសាយភោជន៍សម្រាប់ថ្នាក់ដឹកនាំ BRICS នៅប្រទេសឥណ្ឌានោះទេ ដោយសារតែអាកការៈមិនសូវស្រួលខ្លួន ដែលបង្កឱ្យមានការវិភាគ និងទស្សន៍ទាយផ្សេងៗអំពីសុខភាពរបស់លោក ខណៈដែលលោកមានកាលវិភាគត្រូវទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

សារព័ត៌មាន Wall Street Journal បានរាយការណ៍ដោយផ្អែកលើការបើកកកាយពីប្រភពព័ត៌មានថា លោក ស៊ី ជិនភីង បានដកខ្លួនចេញពីពិធីលៀងសាយភោជន៍ (Gala Dinner) សម្រាប់ថ្នាក់ដឹកនាំ BRICS នៅនាទីចុងក្រោយ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន (ថ្ងៃទី ១២ ខែកញ្ញា) នៅក្រុងញូវដេលី ដោយត្រូវចាត់តាំងឱ្យលោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចូលរួមជំនួសវិញ ដើម្បីទទួលបន្ទុកជជែកពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងថ្នាក់ដឹកនាំដទៃទៀត។

ការបាត់មុខរបស់លោក ស៊ី ពីព្រឹត្តិការណ៍ដ៏សំខាន់នេះ បានបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំង ព្រោះនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសឥណ្ឌាក្នុងរយៈពេល ៧ ឆ្នាំ ដែលជាប្រទេសមានទំនាក់ទំនងរៀបរយមិនសូវល្អជាមួយចិនអស់ជាច្រើនឆ្នាំមកហើយ។ ប្រទេសទាំងពីរទើបតែប្រឈមនឹងការដំឡើងពន្ធយ៉ាងខ្ពស់កប់ពពកពីសហរដ្ឋអាមេរិកដូចគ្នា ហើយលោក ស៊ី ខ្លួនឯងក៏ជាអ្នកឆ្លើយតបទទួលការអញ្ជើញរបស់នាយករដ្ឋមន្ត្រី នរិន្ទ្រ ម៉ូឌី (Narendra Modi) ថា និងមកចូលរួមពិធីលៀងសាយភោជន៍នេះផងដែរ។

ការបាត់មុខរបស់លោក ស៊ី ធ្វើឱ្យសំណួរដែលវិលវល់ជុំវិញរូបលោកអស់ជាច្រើនខែកន្លងមកកាន់តែច្បាស់ជារូបរាងឡើង នោះគឺសំណួរដែលថា តើមេដឹកនាំវ័យ ៧៣ ឆ្នាំរូបនេះមានសុខភាពមាំទាំគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសចិនបន្តទៀតដោយគ្មានកាលកំណត់ដែរឬទេ? ហើយអាជ្ញាធរចិនបានត្រៀមខ្លួនបើកចំហព័ត៌មានកម្រិតណាអំពីប្រវត្តិរូបរបស់លោក មុនពេលលោក ស៊ី ធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ។

ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា មិនមានភស្តុតាងណាមួយបញ្ជាក់ថា លោក ស៊ី កំពុងធ្លាក់ខ្លួនឈឺធ្ងន់ ឬមានអាការៈដាច់សរសៃឈាមខួរក្បាល ឬសន្លប់បាត់ស្មារតីដូចការរំពឹងទុក និងពាក្យចចាមអារ៉ាមដែលបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមពេញមួយសប្តាហ៍កន្លងមកនេះឡើយ។

សារព័ត៌មាន The Press Trust of India ដែលជាភ្នាក់ងារព័ត៌មានផ្លូវការរបស់ឥណ្ឌា បានរាយការណ៍ថា ក្រសួងការបរទេសឥណ្ឌាចាត់ទុកការលើកឡើងខាងលើត្រឹមជា «ព័ត៌មានក្លែងក្លាយ» ប៉ុណ្ណោះ។ ប្រភពព័ត៌មានបានឱ្យដឹងថា លោក ស៊ី «បានត្រឡប់ទៅបន្ទប់សណ្ឋាគារវិញដើម្បីសម្រាក» ហើយវីដេអូក៏បានបង្ហាញយ៉ាងច្បាស់ថា លោកបានដើរឡើងជណ្តើរយន្តហោះដោយខ្លួនឯងដោយមិនចាំបាច់មានអ្នកណាម្នាក់ជួយទប់ឡើយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញនៅតែលើកឡើងថា លោកមានអាការៈមិនសូវស្រួលខ្លួន។ ចំណែកឯស្ថានទូតចិនប្រចាំរាជធានីវ៉ាស៊ីនតោនមិនបានឆ្លើយតបនឹងសំណួរដែលសារព័ត៌មាន Wall Street Journal បានសាកសួរនោះទេ។

នៅសប្តាហ៍ក្រោយ លោក ស៊ី មានកាលវិភាគបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីវ៉ាស៊ីនតោនជាលើកដំបូងក្នុងរយៈពេលជាង ១០ ឆ្នាំ ដោយមានកាលវិភាគជួបពិភាក្សាជាមួយប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៅថ្ងៃព្រហស្បតិ៍ (ថ្ងៃទី ២៤ ខែកញ្ញា)៕

ប្រភព៖​ Wall Street Journal

Share.