សិល្បៈអន្តរជាតិ៖ តាមរយៈសារព័ត៌មានថៃបានចេញផ្សាយនាពេលថ្មីៗនេះឱ្យដឹងថា តារាចម្រៀងស្រីសិចស៊ីជួរមុខនៅប្រទេសថៃគឺ នាង Kratae បានរអិលដួលនៅក្នុងបន្ទប់ដូរសម្លៀកបំពាក់នៅលើទូកខណៈចុះថតរូប ក៏បណ្ដាលឱ្យបែកចង្កា ហូរឈាម រហូតដល់ថ្នាក់ដេរអស់៥ថ្នេរ។ ហេតុនេះកើតឡើងនៅពេលនាងទើបតែធ្វើដំណើរទៅកម្សាន្តនៅទីក្រុង Venice ប្រទេសអ៊ីតាលី។
តាមរយៈការបង្ហោះរបស់តារាចម្រៀងស្រីម្ចាស់បទ Meri នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមបានឱ្យដឹងថា នៅពេលនាងកំពុងតែថតវីដេអូសម្រាប់ផលិតមាតិកាប្រម៉ូដផ្សព្វផ្សាយពីផលិតផលក្រែមលាបបបូរមាត់ជាផលិតផលរបស់ក្រុមហ៊ុននាងផ្ទាល់ ដែលតម្រូវឱ្យនាងថតនៅលើទូក។ ស្រាប់តែពេលនោះ នាងបានរអិលដួលនៅក្នុងបន្ទប់សម្រាកតែងខ្លួន ដោយចង្ការបស់នាងបានបុកត្រូវជាមួយនឹងវីសចង្កៀងដ៏មុតស្រួច រហូតធ្វើឱ្យរបួសមានមុខជ្រៅ សាច់របួសរហែកចេញធំខ្លាំង ហូរឈាមច្រើនស្រោចលើពាសពេញ ទើបធ្វើឱ្យនាង និងក្រុមការងារភ័យរន្ធត់សន្លន់ស្លោរយ៉ាងខ្លាំង។ ក្រោយហេតុការណ៍នេះ នាងត្រូវបានបញ្ចូលទៅមន្ទីរពេទ្យភ្លាម និងបានដេរសាច់មុខរបួសរហូតដល់ទៅ ៥ ថ្នេរ ។
តារាចម្រៀងស្រីរូបនេះបាននិយាយក្នុងវីដេអូបង្ហោះនៅលើសង្គមអ៊ីនស្ដាក្រាមថា ពេលនេះនាងមិនអាចងើយមុខឡើងលើបានខ្លាំងទេ ព្រោះនៅសភាពឈឺចាប់ក្នុងចង្កានៅឡើយ។ រីឯអ្នកគាំទ្ររបស់នាងវិញបានបញ្ចេញមតិថា នេះគឺជាគ្រោះអាក្រក់ដែលបានកើតឡើងចំពោះKratae តែសំណាងល្អហើយដែលមិនមានគ្រោះថ្នាក់ដល់ជីវិត។
គេនៅចាំបានថា កាលពីឆ្នាំ ២០២១ តារាចម្រៀងស្រីរូបនេះធ្លាប់ជួបគ្រោះថ្នាក់រអិលដួលនៅអាងទឹក បណ្ដាលឱ្យបែកស្មងជើងរហូតត្រូវការវះកាត់បន្ទាន់ និងដេរអស់ ១២ ថ្នេរផងដែរ៕