បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូលឿនដូចហោះជ្រុលទៅបុកសត្វឆ្កែ ដួលអូសជាច្រើនម៉ែត្រប៉ះផ្ទប់នឹងរថយន្ត កាលពីវេលាម៉ោង៧និង៥៥នាទីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ថារ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើកបរគ្រឿងចក្រ (អាប៊ុល) នៅខេត្តកំពង់ឆ្នាំង មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយមានប្រពន្ធនៅឯស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះជិះម៉ូតូ ម៉ាក លេត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-8024 ជាមធ្យោបាយ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុគេចមិនទាន់ជ្រុលទៅបុកសត្វឆ្កែ រត់កាត់ផ្លូវ បណ្តាលឲ្យដួលអូសជាច្រើនម៉ែត្រ ទៅប៉ះផ្ទប់នឹងរថយន្តកុងតៃន័រ បើកស្របទិស បណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅកន្លែង សត្វឆ្កែបោលរត់បាត់ រថយន្តកុងតៃន័រ បើកទៅបាត់ បន្សល់ទុកតែជនរងគ្រោះនៅនឹងកន្លែងកើតហេតុ ម៉ូតូបាក់រួញមួយកំណាត់មុខ ។

តាមសាច់ញាតិខាងប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះធ្វើដំណើរចេញពីកន្លែងការងារនៅឯខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងទៅផ្ទះ លេងប្រពន្ធកូន នៅឯស្រុកគងពិសី ទើបតែដល់ចំណុចខាងលើជួបគ្រោះថ្នាក់បែបនេះតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ដោយជនរងគ្រោះជួបនូវឧបទ្ទវហេតុខ្លួនឯង រួចទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.