បុរសម្នាក់ជាគ្រូពេទ្យសត្វ បានស្លាប់ភ្លាមៗនៅកន្លែងក្នុងសភាពដាច់ក ចេញពីដងខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តកាមរីហើម បើកល្បឿន លឿនវ៉ា ជែងមិនប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូច្រាសទិស រុញផ្ទប់នឹងរោងប៉ះកង់ឡាន កាលពី វេលា ម៉ោង៣និង៥៥នាទីរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ២ ត្រង់គីឡូម៉ែត្រលេខ៩៧ និង៩៨ នៅក្នុងភូមិជួស ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ។

ជនរងគ្រោះមានឈ្មោះ អ៊ូច ធា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ គ្រូពេទ្យសត្វ រស់នៅភូមិ អណ្តែងសាំង ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ។  ចំណែកអ្នកបើកបររថយន្ត រួមនឹងប្រពន្ធ ពុំស្គាល់អត្តសញ្ញាណ ដោយសារតែ រងរបួសធ្ងន់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក កាមេរីហើម ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2I-0697  ជិះគ្នា៤នាក់ ជាក្រុមគ្រួសារ ប្តីប្រពន្ធនិងកូន២នាក់ បើកពីជើងទៅត្បូង ក្នុងល្បឿនលឿន។ លុះមកដល់ចំនុចកើតហេតុ វ៉ាជែងរថយន្តដឹកដី ក្នុងស្ថានភាពគ្រោះថ្នាក់ (ផ្លូវកោង) ក៏ជ្រុលចង្កូត ទៅបុកម៉ូតូ ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1B-9636 ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង អូសទាំងម៉ូតូ ទាំងមនុស្ស ទៅបុកផ្ទប់ រោងប៉ះកង់ និងរោងលក់ដូរ បណ្តាលឲ្យបាក់រោង ហើយជនរងគ្រោះ បានដាច់ ក ចេញពីខ្លួនស្លាប់ នៅក្នុងរោងប៉ះកង់ ចំណែករថយន្តក្រឡាប់ផ្ងារជើង អ្នកបើកបរ រថយន្ត រងរបួសបែកមុខ បែកមាត់ រីឯប្រពន្ធ បានរងរបួសធ្ងន់  កូន២នាក់រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយសមត្ថកិច្ច ចុះទៅពិនិត្យ វាស់វែង ធ្វើកំណត់ហេតុយកមធ្យោបាយទាំង២ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក។ចំ ណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើ បុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.